Wed, 31 August 2016
ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដើម្បីត្រួតពិនិត្យសុខភាពឡើងវិញដោយក្រុមគ្រូពេទ្យដែលបានកំណត់ពេលវេលាពី ៣ ឬ ៦ ខែម្ដង។ នេះបើយោងតាមការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រីបានចាកចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទហើយស្នាក់នៅមន្ទីរពេទ្យពីរ ឬបីថ្ងៃដើម្បីត្រួតពិនិត្យជំងឺជាទូទៅដូចជាទឹកនោម ឈាម និងជាតិស្ករជាដើមមិនមានជំងឺអ្វីទេលោកនឹងត្រឡប់មកវិញស្អែក ឬខានស្អែក»។
លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងហ្វេសប៊ុកបញ្ជាក់ថាខណៈពេលនេះកំពុងស្ថិតនៅមន្ទីរពេទ្យសិង្ហបុរី។
លោកថ្លែងថា៖ «ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅស៊ីងហ្គាពួ។ ពុំមានជំងឺដែលត្រូវបារម្ភនោះទេតែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យស៊ីងហ្គាពួ»។
លោក មាស នី អ្នកវិភាគសង្គមបានថ្លែងកាលពីម្សិលមិញថាមេដឹកនាំកម្ពុជាកំពូលៗ និងប្រជាពលរដ្ឋមួយចំនួនធំដែលមានធនធានតែងតែទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅក្រៅប្រទេសខណៈដែលប្រព័ន្ធសុខាភិបាលនៅកម្ពុជាត្រូវបានគេមើលឃើញថានៅទន់ខ្សោយនៅឡើយ។
លោកប៉ាន់ស្មានថា៖ «ខ្មែរកំពុងចំណាយថវិការាប់លានដុល្លារសម្រាប់ពិនិត្យសុខភាពនៅក្រៅប្រទេស»៕
ប្រភព..postkhmer
ប្រភព..postkhmer