មន្ត្រីរាជការមួយចំនួនបម្រើការងារនៅសាលាខណ្ឌសែនសុខ បានអំពាវនាវឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ពិនិត្យមើលរឿងអាស្រូវបក្ខពួកនិយម គ្រួសារនិយមហួសហេតុរបស់លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខជាបន្ទាន់។ ប្រភពពីមន្ត្រីសាលាខណ្ឌសែនសុខ បានឲ្យដឹងថាចាប់តាំងពីលោក ប៉ឹល កុសល ចូលកាន់តំណែងជាអភិបាលខណ្ឌសែនសុខ ជំនួសលោក លី សាវេត រួចមកគឺលោក ប៉ឹល កុសល ធ្វើអ្វីៗតាមអំពើចិត្តដោយយកសាច់ញាតិមួយចំនួនដែលមិនមែនជាមន្ត្រីរាជការសាលាខណ្ឌឲ្យទៅកាន់មុខតំណែងសំខាន់ៗ ដើម្បីប្រមូលផលប្រយោជន៍សេដ្ឋកិច្ចគ្រប់ច្រកល្ហក។ មានន័យថាលោក ប៉ឹល កុសល កំពុងប្រើគ្រប់វិធីដើម្បីប្រមូលចំណូលសេដ្ឋកិច្ចក្នុងទឹកដីខណ្ឌសែនសុខយ៉ាងក្រអឺតក្រទម ហើយការប្រើប្រាស់សាច់ញាតិរបស់ខ្លួនគឺដើម្បីរក្សាការសម្ងាត់អំពីចំណូល។
មន្ត្រីសាលាខណ្ឌសែនសុខបានឲ្យដឹងទៀតថា ចាប់តាំងពីលោក ប៉ឹល កុសល ទទួលបានតំណែងជាអភិបាលខណ្ឌសែនសុខ គឺមិនយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដូចពេលដែលលោក លី សាវេត នៅធ្វើជាអភិបាលខណ្ឌនោះឡើយ។ មន្ត្រីជំនាញមួយចំនួនត្រូវបានលោក ប៉ឹល កុសល ទុកចោលហើយប្រើប្រាស់សាច់ញាតិរបស់ខ្លួនដែលមិនមែនជាមន្ត្រីរាជការក្នុងសាលាខណ្ឌសែនសុខ ឲ្យក្ដោបក្ដាប់ប្រភពចំណូលសេដ្ឋកិច្ចសព្វបែបយ៉ាង។ ប្រការនេះហើយដែលមន្ត្រីជំនាញតាមផ្នែកផ្សេងៗក្នុងសាលាខណ្ឌសែនសុខ ត្រូវអត់ការងារធ្វើព្រោះលោក ប៉ឹល កុសល ប្រមូលការងារទាំងនោះឲ្យសាច់ញាតិរបស់ខ្លួនគ្រប់គ្រងនិងរកចំណូលយ៉ាងរលូន។
ប្រភពដែលស្និទ្ធនឹងលោក ប៉ឹល កុសល បានបើកកកាយថា អភិបាលខណ្ឌសែនសុខរូបនេះ បានយកប្អូនបង្កើតរបស់ខ្លួនឈ្មោះ ប៉ឹល តារា ឲ្យទទួលតួនាទីជាអ្នកគ្រប់គ្រងផ្នែកសំណង់ ចំណែកក្មួយគាត់ម្នាក់ទៀតឲ្យកាន់តំណែងជានាយករដ្ឋបាលសាលាខណ្ឌ ហើយសាច់ញាតិម្នាក់ទៀតឲ្យធ្វើជាប្រធានសណ្ដាប់ធ្នាប់។ ប្រភពបានឲ្យដឹងទៀតថា ក្មួយខាងប្រពន្ធរបស់លោក ប៉ឹល កុសល ត្រូវបានឲ្យធ្វើការជាជំនួយការរបស់លោកអភិបាលខណ្ឌតែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងឯកសារសព្វបែបយ៉ាង។ សរុបមកសាច់ញាតិលោក ប៉ឹល កុសល ប្រមាណ១០នាក់កំពុងធ្វើការងារនៅសាលាខណ្ឌសែនសុខ ហើយគ្រប់គ្រងចំណូលទាំងស្រុងដូចជា ការដើរប្រមូលលុយពីអាជីវករ ពីទីតាំងសិប្បកម្មផ្សេងៗ ពីការរត់ការឯកសារសព្វបែបយ៉ាង ជាពិសេសទាក់ទងទៅនឹងវិស័យសំណង់។ ដូច្នេះហើយទើបមន្ត្រីសាលាខណ្ឌសែនសុខ ស្នើសុំឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខជាបន្ទាន់ ព្រោះអភិបាលខណ្ឌរូបនេះមិនសូវគិតពីទុក្ខលំបាកឬជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឡើយ ហើយបែរជាប្រឹងប្រែងរកចំណូលធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម៕