កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានធ្វើការចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥នាក់ ដែលចូលមកលួចជីករ៉ែដោយខុសច្បាប់ នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងរឹបអូសបាននូវវត្ថុតាងមួយចំនួន ដូចជា ៖ -រថយន្ត Land Cruiser ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-5727, ម៉ាស៊ីនភ្លើងខ្នាតធំ១គ្រឿង, ម៉ាស៊ីនបូមទឹក២គ្រឿង និងឧបករណ៍សម្ភារៈជីករ៉ែមួយចំនួនទៀត ។

បុរសជនជាតិវៀតណាមទាំង៥នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងបទល្មើសរុករក និងធ្វើអាជីវកម្មរ៉ែខុសច្បាប់(គ្មានអាជ្ញាប័ណ្ណ)នោះ គឺ ៖ ១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅខេត្តញ៉ៃវៀន ប្រទេសវៀតណាម, ២-ឈ្មោះ វ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅខេត្តដាក់ណុង ប្រទេសវៀតណាម, ៣-ឈ្មោះ ង្វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅខេត្តថាញ់វៀន ប្រទេសវៀតណាម, ៤-ឈ្មោះ ញិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តញ៉ៃវៀន ប្រទេសវៀតណាម និង៥-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តថាញ់ហ័រ ប្រទេសវៀតណាម ។ ជនជាតិវៀតណាមទាំង៥នាក់នោះបានមកស្នាក់នៅផ្ទះរបស់លោក ឡុង រុក្ខា ជាប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវតែម្តង ។

បច្ចុប្បន្ន ករណីជនជាតិវៀតណាមចូលមកលួចជីករ៉ែខុសច្បាប់លើទឹកដីកម្ពុជា ហើយស្នាក់នៅផ្ទះរបស់ប៉ូលិសអន្តោប្រវេសន៍ច្រកអូរយ៉ាដាវរបស់ខ្មែរនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តរតនគិរីហើយៗតុលាការកំពុងចាត់ការតាមនីតិវិធីបន្ត ។

មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតជនជាតិយួនទាំង៥នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានក្នុងបទល្មើសរុករក និងធ្វើអាជីវកម្មរ៉ែខុសច្បាប់លើទឹកដីកម្ពុជាក៏ដោយ ក៏ករណីនេះមានបង្កប់ដោយចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅត្រង់ថា តើបុរសជនជាតិយួនទាំង៥នាក់ចូលមកទឹកដីខ្មែរតាមរបៀបណា និងមានអាថ៌កំបាំងអ្វីផ្សេងទៀតដែលជនជាតិយួនទាំង៥នាក់ដដែលអាចស្នាក់នៅផ្ទះរបស់ប៉ូលិសអន្តោប្រវេសន៍ខ្មែរប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងហ៊ឺហាថែមទៀតនោះ ? ដូច្នេះ សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងតុលាការត្រូវតែស៊ើបអង្កេតសំណុំរឿងនេះឲ្យបានដិតដល់ និងច្បាស់លាស់ផង ៕


ប្រភព:dtn7