ពេជ្រ សោភា ប្រកាសធ្វើមនុស្សធម៌ ក្រោយល្បីទទួលប្រាក់ពីនាយករដ្ឋមន្ដ្រី
ភ្នំពេញ: ដោយទទួលបានភាពលេចធ្លោខ្លាំង ស្ទុះឡើងមួយប៉ប្រិចភ្នែកផុតអស់ប្រជាប្រិយភាពកំពូលតារាល្បីៗមុនពីបទចម្រៀងជាស្នាដៃកូនខ្មែរ Original Song «ញីកែងជើង» ដែលទទួលបានការគាំទ្រពីមន្រ្តីកំពូលៗរបស់ជាតិផងនោះ និងស្របពេលធម្មជាតិមានការកើនកម្ដៅរីងប្រភពជាច្រើន ដែលនាំឲ្យប្រជាជនភាគច្រើនខ្វះទឹកប្រើប្រាស់ អ្នកនាង ពេជ្រ សោភា ក៏ឆ្លៀតយកប្រជាប្រិយភាពនេះប្រកាសធ្វើមនុស្សធម៌ចែកទឹកស្អាតកក្រើកផ្អើលពេញបណ្តាញសង្គម។
ឱកាសរាំកម្សាន្ដនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រោយពីថ្នាក់ដឹកនាំប្រទេសទទួលបានភាពសប្បាយរាំកក្រើកឆាកអង្គរសង្ក្រាន្ដនៅក្រុងសៀមរាប និងមានពាក្យចចាមអារ៉ាមល្បីថា បទ «ញីកែងជើង» Original Song របស់អ្នកនាង ពេជ្រ សោភា និងលោកងួន ចាន់ដេវីត ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤ ម៉ឺនដុល្លារ ពីថ្នាក់ដឹកនាំកំពូលនេះដែរ ដែលផ្តល់ជូនក្រៅផ្លូវការស្ងាត់ៗ។
យ៉ាងណា ពេជ្រ សោភា បានបញ្ជាក់ថា៖ «នោះគឺជាព័ត៌មានបំប៉ោងឲ្យមានការភ្ញាក់ផ្អើលហ្នឹងទេ។ បើត្រឹមតែលោកមានការគាំទ្រនោះសប្បាយចិត្តណាស់ទៅហើយ។ តែបើទទួលបានប្រាក់ប៉ុណ្ណឹងមែន ខ្ញុំនឹងធ្វើអំណោយមនុស្សធម៌ជូនបងប្អូនក្រីក្រតាមតំបន់ដាច់ស្រយាល»។
បើទោះជាអ្នកនាង ពេជ្រ សោភា បានប្រាប់ថា នាងមិនទទួលបានប្រាក់ឧបត្ថម្ភ ឬជាប្រាក់លើកទឹកចិត្តមួយកាក់មួយសេនពីមន្រ្តីកំពូលៗនោះក្តី ក៏នាងនៅតែបង្ហាញសកម្មភាពធ្វើមនុស្សធម៌ដ៏កក្រើកពេញបណ្តាញសង្គមដែរ។
ទាំងបណ្ដាញសង្គម និងអ្នកសិល្បៈ ត្រូវបានលើកឡើងថា៖ «ទំនងជា នាង ពេជ្រ សោភា ទទួលបានប្រាក់ឧបត្ថម្ភនោះមែនហើយ ខណៈដែលនាងក៏ចាប់ផ្តើមធ្វើសកម្មភាពមនុស្សធម៌ដូចដែលនាងបានប្រកាសថា នាងនឹងធ្វើមនុស្សធម៌ពាក់កណ្តាល បើមានលុយឧបត្ថម្ភមែន»។
ប៉ុន្តែអ្នកនាង ពេជ្រ សោភា ដែលកំពុងមមាញឹកក្នុងការរៀបចំដំណើរប្រមូលទឹកស្អាតចុះទៅចែកជូនបងប្អូនកំពុងខ្វះខាតទឹកប្រើប្រាស់នៅតំបន់មួយចំនួននៃទឹកដីខេត្តកំពង់ឆ្នាំនោះ នាងបានអះអាងតាមហ្វេសប៊ុកថា៖ «សកម្មភាពទាំងនេះ កើតឡើងពីទឹកចិត្តមនុស្សធម៌របស់ខ្ញុំ ដែលសន្សំប្រាក់រៀល គ្មានប្រាក់ម៉ឺន ដូចគេល្បីនោះទេ។ ប៉ុន្ដែវាអាចកើតបាននោះ ក៏ដោយសារតែមានការចូលរួមចំណែកពីបងប្អូនខ្មែរយើងដែរ»។
អ្នកនាង ពេជ្រ សោភា តារាចម្រៀងធ្លាប់មានជីវិតជាអ្នកលក់ទឹកអំពៅនៅទឹកដីកំណើតខេត្តព្រៃវែង ឪពុកម្តាយជាកសិករក្រីក្រដែរនោះ បានបង្ហាញកាយវិការនៅមុខគំនរទឹកសុទ្ធរាប់រយកេះនូវស្បោងដែលក្មេងតូចៗ យកមកចូលរួមនៅក្នុងសកម្មភាពរបស់នាងចែកទឹកស្អាតនោះដែរ។
ជាមួយនឹងទឹកមុខរីករាយ នាងបានបញ្ជាក់ថា៖ «មិនត្រឹមតែមានបងប្អូនខ្លះចូលមួយកេះ ពីរកេះ និងរាប់រយកេះនោះទេ ក៏មានក្មេងតូចៗច្រកក្នុងស្បោងបួនដប់ដបមកចូលរួមដែរ ដោយមានទឹកប្រាក់បន្ថែមទៀត»។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបន្ដថា៖ «អំណោយមនុស្សធម៌ទាំងនេះនឹងនាំទៅចែកជូនបងប្អូនក្រីក្រខ្វះខាតនៅខេត្តកំពង់ឆ្នាំងមុនគេ ហើយបើអាចនឹងសម្លឹងមើលរកកន្លែងផ្សេងទៀត»៕