ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍ ពីមន្ត្រីសហគមន៍ ស្រុកគូលែន បានឲ្យដឹងថា ក្រុមហ៊ុនកូម៉ូលី កំពុង ទទួលរង នូវការ ចោទប្រកាន់ថា បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើនៅសហគមន៍ ស្រុកគូលែន ខេត្តព្រះវិហារ យ៉ាងគគ្រឹកគ្រេង បំផុត មិនត្រូវបាន អាជ្ញាធរនិង ជំនាញពាក់ព័ន្ធ ធ្វើការទប់ស្កាត់នោះទេ។សេចក្ដីរាយការណ៍ បន្ថែមថាទីតាំងដែល ក្រុមហ៊ុនកូម៉ូលី កាប់បំផ្លាញ ព្រៃឈើនោះ ស្ថិតចំណុច ព្រៃសហគមន៍ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ជាក់ស្ដែង កាលពីថ្ងៃតី១០ឧសភា ឆ្នាំ២០១៦ម្សិលមិញ ត្រូវបាន ប្រជាសហគមន៍ ប្រទះឃើញ រថយន្តបង្កង ចំនួន៤គ្រឿងដឹកឈើ ហ៊ុបមូល ដឹកចូលទៅ ដាក់ក្នុងក្រុមហ៊ុនកូម៉ូលី ចំណុច ក្នុងព្រៃចុង ភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន។
ក្រុមសហគមន៍ បានឲ្យដឹងថា សកម្មភាព ក្រុមហ៊ុនកូម៉ូលី ដែលចូលទៅ កាប់អារ បំផ្លាញព្រៃឈើ នៅតំបន់ សហគមន៍នោះ បានកើតមាន ជាយូណាស់ កន្លងទៅហើយ។ អាជ្ញាធរ ខេត្តព្រះវិហារ និងជំនាញ រដ្ឋបាលព្រៃឈើ នៅមិនទាន់ បញ្ជាក់បំភ្លឺនៅឡើយ ទាំងក្រុមហ៊ុនកូម៉ូលី៕