UN អំពាវនាវដ្ឋាភិបាលកម្ពុជា ត្រូវធានាសិទ្ធិពលរដ្ឋ នយោបាយ និង សេរីភាពសារព័ត៌មាន
ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីរដ្ឋាភិបាល ហ៊ុន សែន ចាត់វិធានការយ៉ាងក្រពុលមុខ និង តាមទំនើងចិត្ត បានបណ្តេញវិទ្យាស្ថានប្រជាធិបត្រយ្យ (NDI) របស់អាមេរិក និង គាបសង្កត់/បញ្ជាឲ្យផ្អាកការផ្សាយរបស់ បណ្តាញព័ត៌មានឯករាជ្យ ជាង ១០ ទៀត នោះបានធ្វើឲ្យមានប្រតិកម្មនានា ពីគ្រប់ទិសទី។ ក្នុងនោះមាន អង្គការសហប្រជាជាតិ ក្រសួងការបរទេសអាមេរិក សមាជិកសភាអាមេរិក ព្រឹទ្ធសភាអាមេរិក និងអង្គកាសសង្គមស៊ីវិល ថ្កោលទោសផង និងអំពាវនាវផង ឲ្យរដ្ឋាភិបាល ហ៊ុន សែន ត្រូវតែវិលមករកការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពសារព័ត៌មាន។ (ដោយ នគរ.)
អង្គការសហប្រជាជាតិ ស្នើរដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិពលរដ្ឋ នយោបាយ និងសេរីភាពសារព័ត៌មាន
(RFA Khmer, ដោយ យាង សុជាមេត្តា, 25-8-2017)
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នៅថ្ងៃទី២៥ សីហា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវសិទ្ធិពលរដ្ឋ និងនយោបាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយពេលរដ្ឋាភិបាលសម្រេចបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចេញពីកម្ពុជា និងកំពុងធ្វើទុក្ខបុកម្នេញ ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលរិះគន់រដ្ឋាភិបាល។
ចំណែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ចន ម៉ាក់ខេន (John McCain) វិញថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងខ្លាចសង្គមបើកចំហ និងការពិភាក្សាដេញដោល។
អ្នកនាំពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ថ្លែងថា ស្ថាប័នមួយនេះកំពុងបារម្ភពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងការធ្វើទុក្ខបុកម្នេញ ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលរិះគន់រដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បារម្ភថា ការបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ធ្វើឡើងមិនទៅតាមនីតិវិធីត្រឹមត្រូវ ហើយក៏បារម្ភពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន របស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅកម្ពុជា។
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យរដ្ឋាភិបាលធានាពេញលេញ នូវការគោរពសិទ្ធិពលរដ្ឋ និងនយោបាយ ព្រមទាំងសេរីភាពសារព័ត៌មាន មុនពេលការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ចូលមកដល់។
កាលពីថ្ងៃទី២២ សីហា លោក ហ៊ុន សែន បានថ្លែងចាត់ទុកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថាជាចោរ ដោយសារតែមិនបានបង់ពន្ធជូនរដ្ឋ ហើយថាបើសិនជាកាសែតនេះមិនព្រមបង់ពន្ធជូនរដ្ឋទេ ត្រូវវេចបង្វេចចេញពីកម្ពុជា។ ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ប្រកាសថានឹងមិនអនុញ្ញាតឲ្យមានទៀតឡើយបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បង្កើតឡើងដោយបណ្ដុំអង្គការក្រៅរដ្ឋាភិបាល។ លោក ហ៊ុន សែន ថែមទាំងស្ដីបន្ទោសអ្នកដែលផ្តល់លុយជួយបន្ទប់ស្ថានការណ៍ទៀតផង។
មួយថ្ងៃក្រោយការព្រមានរបស់លោក ហ៊ុន សែន នេះ ក្រសួងការបរទេសកម្ពុជា បានចេញលិខិតបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយជាបន្តបន្ទាប់មកទៀត វិទ្យុក្នុងស្រុកដែលចាក់ផ្សាយកម្មវិធីវិទ្យុ របស់បក្សប្រឆាំង អាស៊ីសេរី (RFA) និងវីអូអេ (VOA) ភាគច្រើនត្រូវបានក្រសួងព័ត៌មាន បញ្ឈប់សកម្មភាពអាជីវកម្មតែម្តង ចំណែកខ្លះទៀតបញ្ឈប់ការផ្សាយបន្តកម្មវិធីពីវិទ្យុបរទេសទាំងនេះ ដោយក្រសួងអះអាងថា វិទ្យុទាំងអស់នេះ បានរំលោភប្រកាសអនុញ្ញាត និងកិច្ចសន្យាជាមួយក្រសួង។
ក្រៅពីនេះ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលផ្សាយតាមរយៈវិទ្យុ អេហ្វ.អឹម (FM) ក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន ត្រូវបានផ្អាកទាំងស្រុង នៅថ្ងៃទី ២៤ សីហា។ CCIM ជឿជាក់ថា សកម្មភាពរបស់រដ្ឋាភិបាល ក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅប្រទេសកម្ពុជា គឺជាចេតនានយោបាយ ឈានឆ្ពោះទៅរក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ចន ម៉ាក់ខេន (John McCain) ថ្លែងនៅក្នុងសេចក្តីប្រកាសរបស់លោក នៅថ្ងៃទី២៥ សីហា ដោយសម្ដែងការព្រួយបារម្ភ និងខកចិត្ត ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលបានបណ្តេញ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ចេញពីកម្ពុជា។ លោកថា NDI ធ្វើការងារលើកកម្ពស់នីតិរដ្ឋ និងប្រជាធិបតេយ្យ នៅលើពិភពលោក ហើយបានធ្វើការមានតម្លៃជាច្រើនដើម្បីធានានូវបូរណភាព និងដំណើរការបោះឆ្នោតនៅកម្ពុជា។ លោក ចន ម៉ាក់ខេន បញ្ជាក់ថា ការបណ្តេញ NDI ចេញពីកម្ពុជា នៅពេលនេះ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន កំពុងខ្លាចសង្គមបើកចំហ និងការពិភាក្សាដេញដោលគ្នា ហើយវាក៏បង្ហាញឲ្យឃើញដែរថា លោក ហ៊ុន សែន កំពុងប្រើការគ្រប់គ្រងបែបផ្ដាច់ការ គាបសង្កត់អ្នករិះគន់ខ្លួន។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីបក្សសាធារណរដ្ឋចាស់វស្សារូបនេះ ក៏ទទូចឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវតែផ្ញើសារខ្លាំងៗទៅកាន់រដ្ឋាភិបាលកម្ពុជា ថាសហរដ្ឋអាមេរិក ប្ដេជ្ញាក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាអ្វីដែលកំពុងកើតឡើងនេះ គឺជាយុទ្ធនាការនយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរឹតត្បិត និងបំបិទសំឡេងអ្នកឯករាជ្យនៅក្នុងប្រទេស។ នាយករង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងថា នេះបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន កំពុងបង្កើនការប្រឹងប្រែងកម្ចាត់ការរិះគន់ទៅលើរបបដឹកនាំរបស់លោក។
យូមែន រ៉ៃត៍ វ៉ច្ឆ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវយុទ្ធនាការធ្វើបាប សម្លុតបំភ័យ និងគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សនៅពេលនេះ។
នាយករង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងថា អង្គទូត និងប្រទេសម្ចាស់ជំនួយទាំងអស់គួរប្រាប់លោក ហ៊ុន សែន ថា បើគាត់មិនធ្វើឲ្យស្ថានការណ៍ត្រឡប់មកភាពដើមវិញទេ ការបោះឆ្នោតជាតិឆ្នាំ២០១៨ ក្នុងពេលខាងមុខ នឹងមិនអាចជឿទុកចិត្តបានឡើយ។
ប្រតិកម្មចំពោះការរិះគន់ផ្ទួនៗគ្នានេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកទាំងអស់នេះកំពុងបង្ហាញនូវសញ្ញាពីការជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតនៅកម្ពុជា។ លោកថាការរិះគន់របស់សហរដ្ឋអាមេរិកមកលើកម្ពុជា វាគ្មានអ្វីប្លែកនោះឡើយ៖ «ការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺយើងឈរទៅលើផ្លូវច្បាប់។ យើងឈរទៅលើអ្វីទៅដែលជាអធិបតេយ្យភាពរបស់កម្ពុជា ពីព្រោះយើងមិនមែនជាប្រទេសសម្ព័ន្ធមិត្តរណបប្រទេសណាទេ។ យើងឯករាជ្យ ហើយលទ្ធិប្រជាធិបតេយ្យពលរដ្ឋដើរតួនាទីសំខាន់ណាស់ទាំងការចូលរួម ទាំងការគ្រប់គ្រងការបោះឆ្នោត ក៏ដូចជាច្បាប់បោះឆ្នោត និងការពិនិត្យការបោះឆ្នោត។ នេះជាផលប្រយោជន៍របស់ខ្មែរ មិនមែនជាផលប្រយោជន៍របស់អាមេរិកាំង ឬក៏ចិន ទេ»។
ទោះជាយ៉ាងណា ក្នុងពេលបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទី៤ មកកម្ពុជា កាលពីថ្ងៃទី១៨ សីហា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត វាយតម្លៃស្ថានភាពទូទៅនៅកម្ពុជា ក្នុងពេលបច្ចុប្បន្នថា នៅតែមានភាពតានតឹង ដោយអ្នកស្រីបញ្ជាក់ថា ប្រទេសកម្ពុជា ហាក់កំពុងខិតទៅជិតស្ថានភាពគ្រោះថ្នាក់។
រីឯគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥ សីហា សម្ដែងការបារម្ភពីស្ថានភាពនយោបាយនៅពេលនេះ។ គណបក្សសង្គ្រោះជាតិ យល់ឃើញថា ការគំរាមបញ្ឈប់ដំណើរការសារព័ត៌មានឯករាជ្យ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការបញ្ឈប់ដំណើរការអង្គការមិនមែនរដ្ឋាភិបាល ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) រួមទាំងស្ថានីយវិទ្យុមួយចំនួនដែលបានចាក់ផ្សាយកម្មវិធីវិទ្យុរបស់គណបក្សសង្គ្រោះជាតិ អាស៊ីសេរី (RFA) និងវីអូអេ (VOA) នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខ។
គណបក្សសង្គ្រោះជាតិ ស្នើរដ្ឋាភិបាលពិចារណាឡើងវិញ និងអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះដំណើរការឡើងវិញ។ គណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងស្វិតស្វាញតែមួយគត់របស់បក្សកាន់អំណាច អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ធ្វើយ៉ាងណាធានាឲ្យមានការគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសធានាឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕