Mark Zuckerberg បានបង្ហាញពីកសិដ្ឋាន Server អាថ៍កំបាំងខាងក្នុងក្រុមហ៊ុន Facebook ដ៏កម្រឱ្យមនុស្សលើពិភពលោកបានឃើញបានម្តងក្នុងមួយជីវិតរបស់ខ្លួន។ មេរបស់ Facebook រូបនេះបាននិយាយថា គាត់នឹងបង្ហាញរូបភាពជាច្រើនទៀតពីសម្ភារៈបរិក្ខាររបស់ក្រុមហ៊ុន Facebook នៅជុំវិញពិភពលោក។
ដើម្បីចាប់ផ្ដើមគម្រោងនេះ គាត់បានលាតត្រដាងរូបភាពមួយចំនួនដ៏អស្ចារ្យនៃមណ្ឌលយក្សរបស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះនៅកណ្ដាលក្រុង Luleå ប្រទេសស៊ុយអែត។
លោក Zuckerberg បាននិយាយនៅលើផុសរបស់គាត់ថា "ប៉ុន្មានខែទៀត ខ្ញុំនឹងចាប់ផ្ដើមផុសរូបភាពដ៏កម្រខ្លះទៀតនៃបច្ចេកវិជ្ជាកំពូល Facebook នៅជុំវិញពិភពលោក"។
កន្លែងផ្ទុកទិន្នន័យនៅកណ្ដាលទីក្រុង Luleå បានបើកតាំងពីឆ្នាំ ២០១៣ និងជាកន្លែងដំបូងគេបង្អស់ នៅខាងក្រៅប្រទេសអាមេរិក។
កន្លែងផ្ទុក Server នេះមានទីតាំងនៅព្រៃក្រាស់ភាគខាងជើងប្រទេសស៊ុយអែត។ កង្ហារធំដែលយើងឃើញនោះ វាទាញខ្យល់ត្រជាក់ពីខាងក្រៅចូលមកមណ្ឌលដើម្បីបក់ឱ្យត្រជាក់ម៉ាស៊ីន Server ក្នុងអគារដែលមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៦។
ក្នុងរូបភាព Facebook ក៏បានបង្ហាញបុគ្គលិកដែលគួរឱ្យទុកចិត្តមួយចំនួនរបស់លោក Mark Zuckerberg ផងដែរ។
មណ្ឌលនេះបានចំណាយប្រាក់សាងសង់អស់ប្រហែល ៧៦០ លានដុល្លារអាមេរិក៕
លោកអ្នកអាចសួរសំនួរដោយភ្ជាប់ជាមួយ Link របស់អត្ថបទមកកាន់ខ្មែររីដតាមរយៈ ហ្វេសប៊ុកផេក