បុណ្យភ្ជុំចប់ត្រឡប់មកផ្ទះវិញយំបោកខ្លួន ព្រោះមន្ត្រីឥណទាន គាស់ផ្ទះ យកទ្រព្យលក់សងបំណុល
|
 |
|
តាកែវ ៖ គ្រួសារមួយ ដែលត្រូវជាកូនបំណុលរស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានយំបោកខ្លួនហួសចិត្ត ពេលត្រឡប់មកដល់ផ្ទះ ព្រោះតែមន្ត្រីឥណទាន ធនាគារភូមិ រួមជាមួយនឹងមេភូមិ ដែលបានចូលមកគាស់ផ្ទះរបស់គាត់ យកទ្រព្យសម្បត្តិទៅលក់ ក្រោយពីពួកគាត់បង់លុយយឺតពេលតាម កាលកំណត់ជិត២០ថ្ងៃ។
ការចុះមកគាស់ទម្លុះទម្លាយផ្ទះកូនបំណុល ដោយមិនមានដីការបស់ព្រះរាជអាជ្ញាយ៉ាងដូច្នេះ បានធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំ ជាមួយនឹងកូនបំណុល មានការមិនពេញចិត្ត និងធ្វើការរិះគន់ខ្លាំងៗ ទៅលើពួកមន្ត្រីឥណទានធនាគារថា មិនគួរណាគាបសង្កត់ប្រជាពលរដ្ឋដល់ថ្នាក ់នេះសោះ ថែមទាំងបាន ប្រព្រឹត្តដូចជាចោរបែបទៀតផង។
បើតាមការឲ្យដឹងពីពលរដ្ឋដែលរស់នៅក្បែរផ្ទះគ្រួសារកើតហេតុខាងលើប្រាប់ថា ករណីមន្ត្រីឥណទានរួមនឹង លោកមេភូមិ ចុះមកគាស់ផ្ទះដោយមិនមានដីការបស់ព្រះរាជអាជ្ញា និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចូលរួមនេះ កើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ចំណែកលោកយាយឈ្មោះ ស៊ីង សៀង ដែលជាកូលបំណុលរបស់ធនាគារភូមិ និយាយរៀបរាប់ទាំងទឹកភ្នែក ថា រូបគាត់មិននឹកស្មានថា ធនាគារដែលនិយាយក្តែងៗថា ជួយអភិវឌ្ឍន៍រាស្ត្រ តែបែរជាគាបសង្កាត់រាស្ត្រ ជាន់ករាស្ត្រ ដល់ថ្នាក់នេះសោះ។ គាត់បានបន្ថែមទៀតថា គាត់ដឹងថាបង់លុយយឺតតាមកាលកំណត់របស់ ធនាគារ តែគាត់បានគិតថានឹងយកមាសដែលរូបគាត់ទុកក្នុងខ្នើយដាក់ក្នុងមួយទូទៅលក់សងធនាគារ ក្រោយពេលចប់បុណ្យភ្ជុំបិណ្ឌនេះ ក៏ប៉ុន្តែត្រូវក្រុមមន្ត្រីឥណទាន រួមជាមួយមេភូមិនាំគ្នាមកគាស់ផ្ទះរបស់គាត់ ដែលចាក់សោចោល ឆែកឆេររករបស់របរមានតម្លៃដូចជាទូ គ្រែ យកចេញពីផ្ទះ របស់គាត់ ហើយធ្វើកិច្ចសន្យា លក់ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ និងដឹងឮត្រឹមតែលោកមេភូមិ និងសាក្សី ជិតខាង ហើយសម្រេចលក់ សម្ភារៈរបស់គាត់ឡៃឡុងទៅឲ្យអ្នកទិញម្នាក់រស់នៅក្នុងឃុំជាមួយគ្នាដើម្បីយកលុយនោះ មកបង់បង្គ្រប់ សម្រាប់ខែដែលគាត់បានបង់លុយយឺត ហើយអ្វីដែលកូនបំណុលស្តាយបំផុតនោះគឺមាសចំនួន៥ជី និងខ្សែ ក ប្លាទីន ២ជី ព្រោះជាទ្រព្យទុកសម្រាប់គាត់ស្លាប់ទៅ បានឲ្យកូនចៅយកមាសនឹងទៅលក់សម្រាប់ធ្វើបុណ្យគាត់ តែឥឡូវបានបាត់បង់អស់ហើយ ដោយក្រុមមន្ត្រីឥណទានទាំងនោះមកគាស់ផ្ទះ របស់គាត់រុះរើខ្ទេចគ្មានសល់ បាត់អស់រលីង។

ចំណែកលោកពូ ចាន់ ពូយ ដែលជាអ្នករស់នៅជិតខាងផ្ទះរបស់គាត់បាននិយាយថា នៅក្នុងថ្ងៃដែលក្រុមមន្ត្រី ឥណទាន ធនាគារភូមិ ចុះមករុះរើ និងគាស់ផ្ទះរបស់កូនបំណុលខាងលើនោះ រូបគាត់ជាមួយនឹងប្រពន្ធបាន ទៅហាមឃាត់គេដែរ តែមន្ត្រីឥណទាន ទាំងនោះ មិនព្រមស្តាប់ទេ ថែមទាំងបាននិយាយថា បើសិនជាលោកពូ មកពាក់ព័ន្ធតើលោកពូជាអ្នកចេញលុយសងមែន។ ពេលឮគេនិយាយដូច្នោះ គាត់ក៏បានដកខ្លួនចេញ ហើយ ពួកគេធ្វើសកម្មភាពអីតាមតែចិត្តរបស់គេ។ លោកពូ ចាន់ ពូយ បាននិយាយទៀតថា ទង្វើរបស់ ធនាគារភូមិ នេះហាក់បីដូចជាកៀបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយពេកហើយ ចង់ធ្វើអីតាមតែចិត្តចង់ចូលទៅ រុះរើផ្ទះរបស់ គេមិនចាំបាច់មានព្រះរាជអាជ្ញាបានដែរ។
ឯលោក រត្ន ចាន់រ៉ាត់ ត្រូវជាកូនរបស់លោកយាយកូនបំណុលរបស់ធនាគារភូមិនោះ ក្រោយពេលកើតរឿង ហេតុនេះឡើងបាន៣ថ្ងៃ គឺនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ រូបលោកបាសរសេរពាក្យបណ្ដឹងមួយដាក់ទៅ លោកមេភូមិ តែលោកមេភូមិមិនព្រមចុះហត្ថលេខាទេ ព្រោះមានឈ្មោះលោកនៅក្នុងពាក្យបណ្តឹងនោះដែរ ទើបលោកមិនព្រមទទួលនិងចុះហត្ថលេខាទេ។
ចំណែកឯប៉ូលិសប៉ុស្តិ៍រដ្ឋបាលវិញបាននិយាយថា ជំពាក់លុយគេហើយមិនសង គេធ្វើអញ្ចឹងហើយ ហើយគាត់ ក៏មិនព្រមទទួលដែរ។
ជុំវិញករណីដែលកើតឡើងខាងលើនេះពលរដ្ឋក្នុងភូមិក៏ដូចជាកូនបំណុលបានសុំឲ្យអាជ្ញាធរ ជាពិសេស លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេត្តាជួយដល់រាស្ត្រទន់ខ្សោយ ផងកុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារមួយចំនួនអនុវត្តិការងាររបស់ខ្លួនជាមួយកូនបំណុលដូចករណីនេះទៀត៕
រក្សាសិទ្ធិដោយ កម្ពុជាថ្មី