សមត្ថកិច្ចបានដាក់របាំងបន្លាលួសនៅតាមផ្លូវសំខាន់ៗមួយចំនួនចូលមករាជធានីភ្នំពេញ ខណៈដែលសកម្មជនគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រកាសឡើងមកគាំទ្រ លោក កឹម សុខា នៅថ្ងៃបើកសវនាការ។
របាំងបន្លាលួសត្រូវបានដាក់នៅតាមផ្លូវជាតិ៦ក្នុងឃុំព្រែកអញ្ចាញខេត្តកណ្តាល ជាច្រកចូលសំខាន់មួយ មកពីខេត្តកំពង់ចាមនិងត្បូងឃ្មុំ ដែលគណបក្សសង្រ្គោះជាតិឈ្នះអសនៈគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣។
ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់កាសែត ខាំបូឌា ដេលី ថាការដាក់បន្លាលួសនេះដើម្បីត្រួតពិនិត្យអ្នកគាំទ្របក្សប្រឆាំងដែលចូលមកភ្នំពេញ។
វិធានការរបស់អាជ្ញាធរនេះ ធ្វើឡើងមុនពេលដែលតុលាការបើកសវនាការករណី លោក កឹម សុខា នៅថ្ងៃទី៩ខែកញ្ញានេះ ដោយគណបក្សសង្រ្គោះជាតិអំពាវនាវឲ្យសកម្មជនឡើងមកគាំទ្រ តាមគម្រោងប្រហែល១០០០នាក់។
ប៉ុន្តែសាលារាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ បានដាក់លក្ខខណ្ឌចំពោះការជួបជុំអ្នកគាំទ្របក្សប្រឆាំងនោះ ដោយមិនឲ្យមានការជួបជុំហៀមកលើចិញ្ចើមថ្នល់នៅមុខស្នាក់ការបក្ស មិនឲ្យភ្ជាប់ការជួបជុំនេះទៅសវនាការលោក កឹម សុខា និងហាមមិនឲ្យរិះគន់ឬក៏ជេប្រមាថលើរដ្ឋាភិបាលឡើយ។
សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការនៅថ្ងៃសុក្រស្អែកនេះ ដោយចោទថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលខ្លួនទៅតុលាការ ក្នុងសំណុំរឿងដែលគេចោទថា លោកមានស្នេហាលួចលាក់។
សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ថាសំណុំរឿងនោះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយផ្ទុយពីរដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕
ប្រភពvodhotnews
ប្រភពvodhotnews