មិនថាបុរសឬស្ដ្រីនោះឡើយ នៅពេលមានអាការ ដុះក្បាលពោះហើយគឺ បណ្ដាលមកពីប្រភពនៃការធាត់។ តាមការសន្និដ្ឋានរបស់វេជ្ជសាស្ដ្រ បានបញ្ជាក់ថា កាលដែលធ្វើឱ្យបុរស និងស្ដ្រីដុះក្បាលពោះនោះ អាចមានកត្ដាពីរយ៉ាង គឺបណ្ដាលមកពីឡើងនូវទម្ងន់ និងបណ្ដាលមក ពីមានរោគធាត់ ទើបធ្វើឱ្យខ្លាញ់ ក្បាលពោះរបស់ លោកអ្នកធំធាត់ ដែលគេហៅថា ដុះក្បាលពោះ។
ដុះក្បាលពោះគឺជា អាការៈមួយបង្ហាញថា លោកអ្នកមានពោះ ធំប្លែកខុសពីពោះធម្មតា តាមរយៈការឡើងទម្ងន់ ឬមានជម្ងឺធាត់ជាដើម។ អាការដុះក្បាលពោះ នេះមិនមែនកើតឡើង ដោយសារជម្ងឺនោះទេ គឺកើតឡើងដោយ សារសារជាតិអាហារ ដែលលោកអ្នកមួយចំនួន ទទួលទានពោរពេញ ទៅដោយកាឡូរីខ្ពស់។ ជាពិសេសបុរសៗ ភាគច្រើនដុះក្បាលពោះ ដោយសារការទទួលទានសារជាតិ អាកុលច្រើន ដូចជាស្រាបៀរជាដើម។
មូលហេតុដែលបណ្ដាល ឱ្យមានអាការដុះ ក្បាលពោះនេះ គឺមានច្រើនយ៉ាងខុសៗគ្នា មិនមែនកើតឡើង ដោយសារតំណពូជនោះឡើយ។ បញ្ហាដំបូងនោះ លោកអ្នកមួយចំនួន ទម្លាប់ទទួលទានច្រើន។ ក្មេងដែលមានអាយុ ស្ថិតក្រោម១០ឆ្នាំមួយចំនួន មានអាការធាត់ខ្លាំង ដែលទម្ងន់របស់ គាត់មិនសក្ដិសម ទៅនឹងអាយុនោះ ក៏បានបង្ហាញឱ្យ ឃើញថា ក្មេងនោះចូលចិត្ដ ញ៉ាំច្រើន ជាពិសេសអាហារ ដែលមានជាតិខ្លាញ់ ដូចជាទទួលទាន ហេមប៊ឺហ្គ៊ឺ ឬភ្លៅមាន់អាំងជាដើម។ ការទទួលទាន បែបនេះបានជំរុញឱ្យក្មេងឡើងគីឡូ ដោយមិនដឹងខ្លួន។ លោកអ្នកមួយចំនួន ទម្លាប់ញ៉ាំអាហារបន្ថែម ឬមិនទុកឱ្យមាត់ ទំនេរឡើយ ចេះតែរកអាហារនេះ អាហារនោះ ដើម្បីកំដរមាត់ បញ្ហានេះក៏បណ្ដាល ឱ្យលោកអ្នកធាត់ផងដែរ ជាពិសេសចំពោះស្ដ្រី។ លោកអ្នកមួយចំនួនមិនបាន ធ្វើការហាត់ប្រាណ ឱ្យបានទៀងទាត់ និងត្រឹមត្រូវក៏ អាចជំរុញឱ្យគាត់ ឡើងគីឡូរហូត ឈានដល់មានអាការដុះក្បាលពោះទៀតផង។ ដោយឡែកលោក អ្នកមួយចំនួនមិនសូវ ហូបច្រើននោះទេតែ អាចធាត់បានដែរ ដោយសារតែអាហារបំប៉នមួយចំនួន ដែលទទួលទានចូល នោះមានសារជាតិខ្លាញ់ ជាតិអាកុល និងគ្រឿងស្រវឹងច្រើន។ ព្រោះជាតិអាកុល គឺជាប្រភពនូវកាឡូរីខ្ពស់ ដោយពុំបានធ្វើសកម្មភាព ការងារផ្សេងៗ ដើម្បីបន្សាបជាតិ ពុលក៏អាចឡើង គីឡូបានដែរ។
លោកអ្នកមួយចំនួនហាក់ មិនបានចាប់អារម្មណ៍ ថាខ្លួនឯងឡើងទម្ងន់ រហូតដល់មានដុះ ក្បាលពោះនោះទេ ភាគច្រើនដឹងតាមការថ្លឹងទម្ងន់ មានអាការហត់ មិនអាចទ្រាំ នឹងកម្ដៅថ្ងៃបាន ឬត្រូវកម្ដៅថ្ងៃក៏ហត់ មានអារម្មណ៍លំបាក ក្នុងខ្លួនជាដើម។ ជួនពេលមានវិបត្ដិតាមប្រព័ន្ធ រំលាយអាហារ ចូលចិត្ដដេកច្រើន បែកញើសច្រើន ចំពោះស្ដ្រីវិញលេចនោម មិនដឹងខ្លួន ឈឺសន្លាក់ដៃជើងគ្រប់ពេលវេលា។
វិធីព្យាបាលកាត់បន្ថយការដុះក្បាលពោះ
ដើម្បីធ្វើការព្យាបាលអាការដុះក្បាលពោះនេះ ត្រូវធ្វើការកាត់បន្ថយដូចតទៅ ៖
- ត្រូវបន្ថយទម្ងន់ឱ្យបាន មិនត្រូវទទួលទានអាហារផ្ដេសផ្ដាស ព្រោះជាតិអាហារមួយចំនួនធំគឺជាអាហារដែលមានជាតិកាឡូរី។ ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ ក្នុងមួយថ្ងៃត្រឹមតែ៥០០កាឡូរី វាគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមសារពាង្គកាយ លោកអ្នកបានហើយ។ ត្រឹម៥០០កាឡូរីនេះអាចកាត់បន្ថយទម្ងន់លោកអ្នករហូតដល់កន្លះគីឡូក្នុងមួយសប្ដាហ៍ ហើយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។
- មិនត្រូវកាត់បន្ថយទម្ងន់ដោយប្រើជាតិតែ ឬកាហ្វេឡើយ ព្រោះវាអាចផ្ដល់ផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យមានអាការថប់ដង្ហើម ដោយសារតែកាឡូរីនៅក្នុងឈាមប្រែប្រួល ហើយបាត់លំនឹងដោយសារជាតិកាហ្វេ និងតែ។ លោកអ្នកដែលជ្រើសរើសយកជាតិតែ ឬកាហ្វេ ធ្វើការស្រកទម្ងន់នេះ មិនផ្ដល់ឱ្យលោកអ្នកទទួលបានសុខភាពល្អនោះឡើយ។ ម្យ៉ាងទៀតប្រសិនបើឈប់ទទួលទានជាតិកាហ្វេនេះ លោកអ្នកអាចឡើងទម្ងន់លើសដើមផងដែរ។
ផលប៉ះពាល់ដែលបណ្ដាលមកពីដុះក្បាលពោះ
បន្ទាប់ពីមានអាការធាត់ដុះក្បាលពោះហើយ លោកអ្នកអាចប្រឈមមុខទៅនឹងជម្ងឺជាច្រើនដូចជា ៖
- ជម្ងឺលើសជាតិខ្លាញ់អាចបង្កឱ្យមានការស្ទះសរសៃឈាម ពេលនោះសរីរៈមួយចំនួនត្រូវបានកាត់ផ្ដាច់ ដូចជាខួរក្បាល បេះដូងជាដើម។
- លោកអ្នកអាចប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមប្រភេទទី២ មានន័យថាជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះកើតឡើង ពីមនុស្សធាត់តែម្ដង។
- អាចបង្កឱ្យលោកអ្នកឡើងជាតិអាស៊ីត ហើយជាតិអាស៊ីតនេះអាចធ្វើឱ្យលោកអ្នកឈឺតាមសន្លាក់ ជាពិសេសសន្លាក់ មេជើងបង្កឱ្យមានក្រួសក្នុងតម្រងនោម ជាពិសេសជម្ងឺលើសឈាមតែម្ដង។ បន្ទាប់មកអាចឈឺចាប់ដល់សន្លាក់ឆ្អឹង ដោយសារតែទម្ងន់ធ្ងន់ពេក។ លើសពីនេះអាចបង្កឱ្យលោកអ្នកមានជម្ងឺរីកសរសៃឈាមស៊ីអូដឺ ឬមានលក្ខណៈហើមជើងជាដើម។
ដើម្បីការពារកុំឱ្យលោក អ្នកដុះក្បាលពោះនោះ ត្រូវកាត់បន្ថយ ការទទួលទានអាហារ និងទទួលទានឱ្យ បានទៀងពេលវេលាទៅតាមកាលកំណត់។ សូមជ្រើសរើសរបប អាហារឱ្យបានត្រឹមត្រូវ និងសក្ដិសមដើម្បីធ្វើការ ទទួលទានតាមវ័យ និងពេលវេលា។ មិនត្រូវទទួលទាន អាហារកំដរមាត់ ឬអាហារសម្រន់ ណាដែលមានជាតិខ្លាញ់ និងស្ករច្រើនពេកទេ។ សូមកាត់បន្ថយការទទួលទាន គ្រឿងស្រវឹង។ មិនត្រូវទទួលទាន ឱសថប្រភេទមួយចំនួន ដែលទទួលទានបាយបាន សម្រាន្ដលក់ឡើយ ព្រោះវាអាចបង្កលក្ខណៈ ឱ្យលោកអ្នកឡើងទម្ងន់ ហើយអាចឈាន ដល់មានជម្ងឺធាត់ និងហើមផងដែរ។
ដើម្បីបញ្ចៀសអាការដុះក្បាលពោះ និងគេចវេស ពីជម្ងឺលើសឈាម ជម្ងឺខ្លាញ់ក្នុងសរសៃឈាម និងជម្ងឺទឹកនោមផ្អែម លោកអ្នកត្រូវតែធ្វើការហាត់ប្រាណ ឱ្យបានទៀងទាត់ និងកាត់បន្ថយការ ទទួលទានច្រើន ជាពិសេសជាតិស្រវឹង ព្រោះសារជាតិទាំងនេះ អាចជំរុញឱ្យលោក អ្នកដុះក្បាលពោះ។ ដោយហេតុថានៅពេល ដែលលោកអ្នកទទួលទាន គ្រឿងស្រវឹងចូល ធ្វើឱ្យការទទួលទានអាហារ កាន់តែច្រើន ហើយបង្កលក្ខណៈ ឱ្យមានការឡើងគីឡូ រហូតដល់ធ្វើឱ្យ លោកអ្នកដុះក្បាលពោះតែម្ដង។ ដូច្នេះបើកាត់បន្ថយ ទាំងការទទួលទានអាហារ និងការទទួលទាន គ្រឿងស្រវឹង នោះសុខភាព នឹងរឹងប៉ឹងមាំមួន ពីមួយថ្ងៃទៅមួយថ្ងៃ។