Posted by DTN7 on September 1, 2016
សារព័ត៌មាន The Nation របស់អាមេរិក បានផ្សព្វផ្សាយឲ្យដឹងថា អាមេរិកបានផ្គត់ផ្គង់ជំនួយយោធា និងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់បម្រើក្នុងវិស័យយោធាជាច្រើនដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនបានលក់សព្វាវុធទាំងនោះទៅឲ្យបណ្តាប្រទេសផ្សេងទៀត តាមវិធីគេចពីច្បាប់អន្តរជាតិ (ខុសច្បាប់) ។
គេហទំព័រ thenation របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយថា ចាប់តាំងពីលោក Barack Obama ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ការនាំចេញអាវុធរបស់អាមេរិកកើនឡើងខ្ពស់ នាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់ក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក ។ កាលពីឆ្នាំ២០១៤កន្លងទៅ ក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិកទទួលបានការបញ្ជាទិញអាវុធច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក គឺឈរក្នុងកម្រិតជាង៥០%នៃកិច្ចព្រមព្រៀងអាវុធលើពិភពលោក ។
ក្រុមហ៊ុនលក់សព្វាវុធអាមេរិកត្រូវបានកត់សម្គាល់ឃើញថា កំពុងធ្វើសង្គ្រាមត្រជាក់ជាមួយមហាអំណាចរុស្ស៊ី ហើយប្រទេសអ៊ុយក្រែនបានក្លាយជាទីតាំងនៃសង្គ្រាមត្រជាក់នោះចាប់តាំងពីឆ្នាំ២០១៤ ។ ប្រទេសអ៊ុយក្រែនក៏បានក្លាយទៅជាទីផ្សារអាវុធដ៏ធំពិតប្រាកដរបស់មហាអំណាចអាមេរិក ។
នាចុងឆ្នាំ២០១៥កន្លងទៅ ទីក្រុងគៀវ(Kiev)ទទួលបានជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង៧៨០លានដុល្លារអាមេរិក និងប្រាក់កម្ចីចំនួន២.០០០លានដុល្លារអាមេរិកទៀត ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ ត្រូវបានលោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ប្រើប្រាស់សម្រាប់ធ្វើសង្គ្រាម ហើយប្រទេសអ៊ុយក្រែនក៏បានក្លាយជាទីផ្សារអាមេរិកខុសច្បាប់របស់អាមេរិកតាំងពីពេលនោះមកទល់បច្ចុប្បន្ន ។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ៊ុយក្រែនបានលក់ឧទ្ធម្ភាគចក្រ និងសព្វាវុធទៅឲ្យប្រទេសស៊ូដង់ខាងត្បូង ដែលបង្កឲ្យមានការចាប់អារម្មណ៍ថា អ៊ុយក្រែនជាប្រទេសមិនមានអាវុធគ្រប់គ្រាន់សម្រាប់ប្រឆាំងទប់ទល់នឹងរុស្ស៊ី ទើបត្រូវការជំនួយយោធាពីមហាអំណាចអាមេរិក ប៉ុន្តែជាក់ស្តែងអ៊ុយក្រែនបែរជាមានអាវុធយ៉ាងច្រើនលក់ឲ្យទៅបណ្តាប្រទេសដទៃទៅវិញ ។
ទម្រង់នៃការចរាចរណ៍ទីផ្សារអាវុធខុសច្បាប់នោះ គឺមហាអំណាចអាមេរិកបានអនុវត្តន៍ជោគជ័យរួចមកហើយ ដោយក្រោយពេលបញ្ចប់សង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានភ្លាម អាមេរិកបានបញ្ជូនសព្វាវុធដែលធ្លាប់ប្រើប្រាស់នៅទីនោះទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី ហើយអ៊ុយក្រែនក៏យកសព្វាវុធលក់បន្តទៀតទៅឲ្យប្រទេសដទៃ ។ អាមេរិកលក់អាវុធទៅឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត ហើយអាវុធទាំងនោះក៏ត្រូវបានលក់បន្តទៅឲ្យប្រទេសយេមែនជាដើម…។ល៕