ឈ្មោះបណ្ឌិត កែម ឡី ត្រូវបានគេស្វែងរកច្រើនជាងគេនៅលើ Google Search

ដោយ មួង ណារ៉េត RFA 2016-08-09
ក្រោយព្រឹត្តិការណ៍បាញ់ប្រហារលោកបណ្ឌិត កែម ឡី ភ្លាម និងស្របពេលនៃការទន្ទឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីវែកមុខអ្នកនៅពីក្រោយឃាតកម្មនេះ អ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ទាំងក្នុង និងក្រៅប្រទេស បានស្វះស្វែងរកព័ត៌មាន និងចង់ដឹងអំពីឈ្មោះលោកបណ្ឌិត កែម ឡី យ៉ាងគំហុក។
គិតចាប់ពីថ្ងៃទី១០ ខែកក្កដា មកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ប្រជាប្រិយភាពរបស់លោកបណ្ឌិត កែម ឡី លើមធ្យោបាយរុករកព័ត៌មាន ហ្គូហ្គល (Google Search) ទូទាំងពិភពលោក បានកើនឡើងដល់ចំណុចកំពូល ពោលគឺបានពិន្ទុ ១០០ លើ ១០០។ ពិន្ទុ ១០០ នេះ គឺបាននៅថ្ងៃទី១០ ខែកក្កដា ចំថ្ងៃដែលគេបាញ់សម្លាប់គាត់។ ក្នុងថ្ងៃនោះដែរ ឈ្មោះ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពិន្ទុ ២៥ (តិចជាងលោកបណ្ឌិត កែម ឡី ៧៥ពិន្ទុ) ស្របពេលដែលលោក សម រង្ស៊ី បានពិន្ទុ ៧ (តិចជាងលោកបណ្ឌិត កែម ឡី ៩៣ពិន្ទុ)។
ក្នុងរយៈពេលពេញមួយខែនេះ អ្នកចង់ដឹងព័ត៌មាននៅតែបន្តស្វែងរកព័ត៌មានតាមមធ្យោបាយរុករកព័ត៌មាន ហ្គូហ្គល។ នៅថ្ងៃទី២៤ ខែកក្កដា ដែលចំថ្ងៃដង្ហែសពលោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតរបស់គាត់នៅខេត្តតាកែវ ពិន្ទុប្រជាប្រិយភាពរបស់លោក កែម ឡី បានចុះមកត្រឹម ៤៦ពិន្ទុ បើប្រៀបធៀបនឹងលោក ហ៊ុន សែន បានចុះត្រឹមពិន្ទុ ១៤ចំណែក លោក សម រង្ស៊ី នៅតែបានពិន្ទុ ៧ដដែល៕