វប្បធ៌ម «គោបាត់ ទើបធ្វើរបង»
ពាក្យចាស់ពីបុរាណ និង សុភាសិតខ្មែរ ជាឃ្លាខ្លីតែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្តាប់ គឺសម្បូរណាស់ដូចជា៖ «កាប់បំពង់ រង់ចំាទឹកភ្លៀង , កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍, កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ , គេខុសកុំអាលអរ គេសាទរកុំអាលអួត , គុកនិងសោ គឺចោរបង្កើត ឱសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម , ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់ , ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត និង គោបាត់ ទើបធ្វើរបង» ជាដើម ។
ចំណែកមកដល់សង្គមសម័យបច្ចេកវិទ្យាទំនើបនេះ ខ្មែរយើងនៅតែបន្តយកពាក្យចាស់ខ្មែរពីបុរាណ និង សុភាសិតមក ប្រៀបធៀប ឬ ក៍អនុវត្តន៍ដើម្បីកែលម្អនិងការអភិវឌ្ឍន៍ទំាងក្នុងក្រុមគ្រួសារនិងសង្គមឲ្យមានសុភមង្គលនិងការរីកចម្រើនសម្បូរសប្បាយ ប៉ុន្តែសកម្មភាពខ្លះរបស់បុគ្គល ឬ ក្រសួងស្ថាប័នក្នុងជួររាជរដ្ឋាភិបាលពេលជួបនូវបញ្ហាអ្វីមួយទើបរកវិធីដោះស្រាយ រហូតដល់មានការវិនាសហិនហោច ឬដល់មានមនុស្សស្លាប់ ទើបរកវិធីទប់ស្កាត់ដូចសុភាសិតខាងលើ «គោបាត់ ទើបធ្វើរបង»ជាដើម ។
ជាក់ស្តែងបច្ចុប្បន្ននេះ សកម្មភាពនៅគ្រប់ក្រសួងស្ថាប័នមួយចំនួនរបស់រាជរដ្ឋាភិបាលនៅមានភាពធូររលុងចំពោះការអនុវត្តច្បាប់ គ្មានវិធានការការពារទប់ស្កាត់ ហើយលទ្ធផលចុងក្រោយបន្ទោសគ្នា រុញដាក់គ្នាទៅវិញទៅមក ឆ្លើយដោះសាយករួចខ្លួន រកអ្នកទទួលខុសអត់ឃើញ ផ្ទុយទៅវិញបែរជាដណ្តើមគ្នាយកត្រូវរៀងៗខ្លួន ។
ឧទាហរណ៍សោកនាដកម្មមនុស្សស្លាប់ជាង១០នាក់ និងជាច្រើនរយនាក់រស់នៅជាមួយមេរោគអេដស៍ ដោយសារតែពេទ្យជនជាតិយួនម្នាក់ដែលគ្មានសញ្ញាបត្រទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាលឈ្មោះ យ៉ែម ជ្រិន មានចេតនាចាក់ចម្លងមេរោគអាដស៍ នៅភូមិរកា ខេត្តបាត់ដំបង តែគ្មានអ្នកទទួលខុសត្រូវបានត្រឹមតែឆ្លើយដាក់គ្នាទៅវិញទៅមក ។ ចំណែកឯក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឯណោះវិញបានត្រូវគេមើលឃើញថា បានបណ្តែតបណ្តោយឱ្យមានក្រុមហ៊ុនជ្រើសរើសពលករមួយចំនួន បោកប្រាស់ប្រជាពលរដ្ឋថានំាទៅធ្វើការនៅក្រៅប្រទេស ទីបំផុតក្រុមហ៊ុនខ្លះយកលុយហើយ ឯអ្នកបង់លុយអត់ការងារធ្វើដដែល ហើយទីបំផុតឆ្លើយនិងរុញដាក់គ្នារកអ្នកទទួលខុសត្រូវអត់ឃើញ ។រីឯក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នោះវិញ មិនប្រកាសឱ្យប្រជាពលរដ្ឋដឹងមុនទេថា សំណង់ផ្ទះល្វែងណាមានឬអត់ច្បាប់ទេ តែដល់ប្រជាពលរដ្ឋទិញហើយ ទើបចេញលិខិតមិនទទួលស្គាល់សំណង់ទាំងនោះទៅវិញ អ្នករងគ្រោះគឺប្រជាពលរដ្ឋ អ្នកណាជាអ្នកទទួលខុសត្រូវ ។
ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៦ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងពាក់ព័ន្ធ មាននគបាលទេសចរណ៍ជើងទឹក.ជើងគោក សហការជាមួយនគរបាលសង្កាត់កោះរ៉ុង ដែលមានភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមកន្លែងកំសាន្តឆ្នេរសមុទ្រ ដើម្បីរឹតបន្តឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងបានដាក់បញ្ជាឲ្យគ្រប់គោលដៅ ត្រៀមលក្ខណ: ជាមធ្យោបាយចេញអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ដូចមាន.រថយន្តសង្គ្រោះបន្ទាន់ អូប័រ និងម៉ូតូទឹក ដែលបានបញ្ចុះដល់គោលដៅរួចជាស្រេចហើយនោះ ។ ជាមួយឧបករណ៍សង្រ្គោះបន្ទាន់ដ៏ទំនើបៗនេះ ក៏មានដាក់មន្រ្តី បុគ្គលិកពេទ្យ នគរបាលជាតិខេត្តព្រះសីហនុជំនាញៗ ទៅប្រចាំការជាប់ជាប្រចាំផងដែ ។ការដាក់ចេញបទបញ្ជានេះ ក៍កើតមានឡើងបន្ទាប់ពីបុរសម្នាក់កាលពីថ្ងៃសុក្រទី១៩ ខែសីហាកន្លងមកនេះ បានស្លាប់ដោយសារទឹកសមុទ្រកួចពេលមានខ្យល់ខ្លំាងកើតឡើង។
ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន កសិកម្ម និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា នឹងបើកវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» ដែលតាមគម្រោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមជាអធិបតីក្នុងពិធីនេះ ។
មជ្ឈដ្ឋានពលរដ្ឋជាច្រើនបានលើកឡើងថា ព្រៃឈើត្រូវបានអ្នកមានអំណាចនិងមេឈ្មួញមានឥទ្ឋិពលព្រោះតែអ្នកមានអំណាចនៅពីក្រោយខ្នង បានកាប់បំផ្លាញស្ទើរក្លាយជាទីវាលរហោឋាន ឯធនធនក្រោមដី រ៉ែ ត្បូង មាស និងរ៉ែដែក ជាដើមក៍ស្ទើរតែរលាយហិនហោចដូចគ្នា ទើបរាជរដ្ឋាភិបាលរកវិធីដោះស្រាយទប់ស្កាប់ ឬបង្រ្កាប មិនខុសអ្វីពីពាក្យចាស់ខ្មែរពីបុរាណ និងសុភាសិតខ្មែរ «គោបាត់ ទើបធ្វើរបង»នោះឡើយ ៕
ប្រភព.https://angrut.com/?p=4474
