22/August/2016
សិល្បៈ ៖ មិនត្រឹមតែតារាភាពយន្ត និងតារាចម្រៀងខ្មែរទេ ដែលបានស្វះស្វែងរកប្រាក់ជួយឧបត្ថម្ភ មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត សូម្បីតែនាង Pancake khemanit ជាតារាភាពយន្តល្បីឈ្មោះរបស់ប្រទេស ថៃ ក៏បានស្ម័គ្រចិត្តមកចូលរួមសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីរកប្រាក់ពីសប្បុរសជនជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។តាមការបញ្ជាក់ព័ត៌មានពីលោក ជុំនិត អ្នកសម្របសម្រួលដឹកនាំតារា ថៃ មកសម្ដែងបានប្រាប់ kqube.net ថា តារាសម្ដែងនាង Pancake khemanit គឺជាតារាភាពយន្តល្បីឈ្មោះប្រចាំប្រទេស ថៃ ម្នាក់ ហើយតារារូបនេះគាត់មានចិត្តធម៌បានមកសម្ដែងនៅកម្ពុជា ដើម្បីរកប្រាក់ជួយសង្គមពីរលើកទាំងលើកនេះហើយ។
ប្រភពដដែលនេះបន្តថា តាមព័ត៌មានជាក់លាក់តារាសម្ដែងប្រទេស ថៃ នាង Pancake khemanit គាត់នឹងធ្វើដំណើរមកដល់ភ្នំពេញនៅថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ ដើម្បីចូលការប្រគំតន្ត្រីនៅមហោស្រពកោះពេជ្រ រកថវិកាឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃនេះតែម្ដង ដោយនាងមិនទាមទារតម្លៃខ្លួនទេ គឺគ្រាន់តែសុំខាងខ្មែរយើងរៀបចំសេវាស្នាក់នៅធ្វើដំណើរ និងហូបចុកតែប៉ុណ្ណោះ។
លោក ជុំនិត បន្តថា ក្រោយពីបញ្ចប់កម្មវិធីប្រគំតន្ត្រីនៅកោះពេជ្រ តារាសម្ដែងនាង Pancake khemanit ត្រូវបានថៅកែ Club RCA អញ្ជើញចូលក្នុងពិធី Sott Opening ជាមួយនឹងការផ្លាស់ប្ដូររូបរាងថ្មី និងរចនាបថទំនើបបំពាក់បរិក្ខារបច្ចេកវិទ្យាយ៉ាងល្អឥតខ្ចោះ ហើយក៏ធ្វើឱ្យ Sai prise ដល់អ្នកគាំទ្ររបស់នាងនៅក្នុង Club និងរាំងលេងកម្សាន្តជាមួយភ្ញៀវដែលមានវត្តមាននៅទីនោះផ្ទាល់តែម្ដង។
តាមការបញ្ជាក់ពីលោក ជុំនិត បានបញ្ជាក់ដែរថា តាមការប្រាប់ពីតារាភាពយន្តល្បីឈ្មោះ Pancake khemanit នាងបានប្រាប់ថា ទោះជាកម្មវិធីនេះមិនទាន់ចូលមកដល់តែនាងមានក្ដីរំភើបជាខ្លាំង ខណៈដែលបានមកចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីមនុស្សធម៌រកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត និងបានជួបអ្នកគាំទ្រកម្ពុជារបស់នាងនៅក្នុង Club RCA ផ្ទាល់៕