ជំនួយការម្នាក់របស់បុរសខ្លាំង ត្រូវបានផ្ទេរភារកិច្ចដល់ទៅ៣ដងក្នុងកម្រិតមុខតំណែងដដែល មិនដល់៣ឆ្នាំផង
អាចចាត់ទុកថា ជាករណីគួរឲ្យចាប់អារម្មណ៍មួយដែរ(ឬមួយជាការតែងតាំងភារកិច្ចមន្ត្រីខុសទិសដៅ ខុសជំនាញ ឬមួយក៏ជាការផ្លាស់ប្តូរតម្រូវតាមចិត្ត និងផលប្រយោជន៍អ្វីមួយរបស់សាមីខ្លួន ?) ដោយសារតែក្នុងរយៈពេលមិនដល់៣ឆ្នាំផង ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ជំនួយការម្នាក់មានឋានៈជា "ឯកឧត្តម" របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែរជាត្រូវបានផ្ទេរភារកិច្ចរហូតដល់ទៅ៣ដងក្នុងកម្រិតថ្នាក់មុខតំណែងដដែល ។

ជំនួយការរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីដែលទទួលបានការផ្ទេរភារកិច្ចរហូតដល់ទៅ៣ដង ក្នុងរយៈពេលមិនដល់៣ឆ្នាំនោះ គឺឯកឧត្តម អ៊ាង សុផល្លែត ។
ព័ស្តុតាងបានបង្ហាញថា ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាភ្លាមៗ លោក អ៊ាង សុផល្លែត ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៤ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ (ក្រសួងសាធារណការនិងដឹកជញ្ជូនមានឯកឧត្តម ត្រាំ អ៊ីវតឹក ជាអតីតរដ្ឋមន្ត្រី) ។

រយៈពេលមិនដល់០១ខែក្រោយ ឯកឧត្តម អ៊ាង សុផល្លែត ត្រូវបានផ្ទេរភារកិច្ចពីអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន មកជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០១៥ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកឧត្តម អ៊ុក រ៉ាប៊ុន ជាអតីតរដ្ឋមន្ត្រី) ។
លុះមកដល់បច្ចុប្បន្ន ឯកឧត្តម អ៊ាង សុផល្លែត ត្រូវបានផ្ទេរភារកិច្ចបន្តទៀតជាលើកទី៣ ពីអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៦/៧៣៧ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ (ក្រសួងបរិស្ថានសព្វថ្ងៃមានឯកឧត្តម សាយ សំអាល់ ត្រូវជាកូនប្រុសរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋមន្ត្រី) ។

ក្រៅពីទទួលបានការតែងតាំងក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួង (អតីតក្រសួងសាធារណការនិងដឹកជញ្ជូន និងអតីតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ឯកឧត្តម អ៊ាង សុផល្លែត ក៏ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្នផងដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩១៣ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ។ ក្រោយមក ក្នុងនាមជាជំនួយការរបស់នាយករដ្ឋមន្ត្រីមានឋានៈស្មើអនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ាង សុផល្លែត ក៏ត្រូវបានដំឡើងឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២៧៣ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
សរុបសេចក្តីមក ពាក់ព័ន្ធនឹងមុខតំណែង និងតួនាទីរបស់ឯកឧត្តម អ៊ាង សុផល្លែត គឺត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យយ៉ាងតិចចំនួន៥រួចមកហើយ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ៕