មេជាងចម្លាក់ម្នាក់ត្រូវបានថៅកែបញ្ឈប់ការងារ បន្ទាប់ពីគាត់សម្រេចសាងសង់រូបសំណាកលោកបណ្ឌិត កែម ឡី ឲ្យតំណាងរាស្ត្របក្សប្រឆាំង។ ការបញ្ឈប់នេះ គឺក្រោមមូលហេតុថា រូបសំណាកលោក កែម ឡី មានភាពញុះញង់។ មន្ត្រីសិទ្ធិមនុស្សយល់ថា នេះជារឿងមួយមិនយុត្តិធម៌សម្រាប់ភាគីខាងជាងឡើយ។
មេជាងសំណង់ និងចម្លាក់ លោក សៀន កាម៉ង់ដង់ ដែលប្រជាជនស្គាល់តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថាជាអ្នកសាងសង់រូបសំណាកស្ពាន់លោកបណ្ឌិត កែម ឡី ដែលផ្ដួចផ្ដើមគំនិតដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានថៅកែបញ្ឈប់ពីការងារ។
ថ្លែងតាមទូរស័ព្ទប្រាប់អាស៊ីសេរី លោក កាម៉ង់ដង់ បានឲ្យដឹងថា ការបញ្ឈប់នេះធ្វើឡើងដោយសារថៅកែរបស់លោកមានការព្រួយបារម្ភថា រូបសំណាករបស់លោកបណ្ឌិត កែម ឡី អាចជាការញុះញង់ញ៉ាំងឲ្យប្រជាជនមានការបះបោរនឹងរដ្ឋាភិបាល ដែលជារឿងមួយមិនល្អសម្រាប់មុខជំនួញរបស់លោក។ ក្រោយពីការបញ្ឈប់បានប៉ុន្មានថ្ងៃ ខាងថៅកែបានទាក់ទងហៅលោក កាម៉ង់ដង់ ឲ្យទៅធ្វើការវិញ ក្រោមលក្ខខណ្ឌមួយថា លោក កាម៉ង់ដង់ ត្រូវធ្វើតាមការកំណត់របស់គេឲ្យឈប់ពាក់ព័ន្ធនឹងរឿងរូបសំណាកលោកបណ្ឌិត កែម ឡី។
លោក កាម៉ង់ដង់ ថ្លែងថា «ដំបូងគាត់ (ថៅកែ) ដាច់អហង្ការ។ បានន័យថា បញ្ឈប់យើងតែម្តង។ ក្រោយមកគាត់ខល(ទូរស័ព្ទ) មកសម្រួលយើងវិញ ឲ្យខ្ញុំត្រឡប់ទៅវិញ តែហាមមិនឲ្យធ្វើរូបបណ្ឌិត កែម ឡី តទៅទៀត ទោះបីជាមានសារព័ត៌មានណាមកសម្ភាសក៏ដោយ ក៏មិនឲ្យនិយាយដែរ។ មានន័យថាឲ្យខ្ញុំផ្តាច់ខ្លួន មានន័យថាលោកបិទសិទ្ធិខ្ញុំ។ រឿងបិទសិទ្ធិហ្នឹងខ្ញុំមិនពេញចិត្ត។ ខ្ញុំចង់បានសេរីភាពរបស់ខ្ញុំ ព្រោះខ្ញុំជាជាង ចង់នរណាគេឲ្យខ្ញុំធ្វើរូបអ្វី ក៏ខ្ញុំអាចធ្វើបាន។ គ្មាននរណាមកឃាត់ខ្ញុំកើតទេ»។
បន្ថែមពីលើនេះទៀត លោក កាម៉ង់ដង់ ឲ្យដឹងថា ជីវភាពរបស់លោកនឹងត្រូវប៉ះពាល់ដោយសារការបញ្ឈប់នេះ តែលោកមិនព្រួយបារម្ភពេកទេ៖ «ការងារខ្ញុំ បើសិនគេគិតថាខ្ញុំមនុស្សអាក្រក់ រូបបណ្ឌិតមួយប៉ុណ្ណឹងគេបិទសិទ្ធិ (មិនឲ្យសង់) ហើយឲ្យខ្ញុំក្ររហូត ក៏ខ្ញុំមិនសោកស្ដាយដែរ។ ខ្ញុំទៅធ្វើស្រែ ខ្ញុំមានដីចម្ការ ផ្ទះសម្បែងធម្មតា។ រកស៊ីតាមសម្មាអាជីវោយើងទៅ»។
រូបសំណាកស្ពាន់លោកបណ្ឌិត កែម ឡី នេះត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ ៥.០០០ដុល្លារអាមេរិកសម្រាប់ផលិត។ បច្ចុប្បន្ន លោក កាម៉ង់ដង់ បានរៀបចំពុម្ពចាក់ស្ពាន់រួចរាល់ជាស្ថាពរហើយ តែត្រូវនៅរង់ចាំប្រាក់បន្ថែមដើម្បីទិញស្ពាន់។ លោកព្យាករថា ផលិតកម្មនឹងបញ្ចប់នៅអំឡុងថ្ងៃច័ន្ទ ទី២៨ ខែសីហា ខាងមុខនេះ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ឲ្យដឹងថា ការសាងសង់រូបសំណាក នឹងមិនបណ្ដាលឲ្យមានភាពញុះញង់ដូចការលើកឡើងនោះទេ ហើយប្រសិនបើថៅកែរបស់លោក កាម៉ង់ដង់ បញ្ឈប់ការងារលោកដោយឈរលើមូលហេតុបែបនេះ វាជារឿងមួយដែលមិនត្រឹមត្រូវឡើយ៖ «យើងឃើញរូបសំណាកមួយគំនរដែលគេសាងសង់ វាមិនមែនជាការញុះញង់ទេ វាជាការផ្តល់កិត្តិយសទៅវិញទេ។ ដូចជាលោកបណ្ឌិត កែម ឡី គាត់ជាមនុស្សដែលប្រជាពលរដ្ឋគេគោរព គេស្រឡាញ់គាត់គ្រប់គ្នា ហើយគាត់ក៏មិនជាប់នឹងបក្សនយោបាយណាមួយដែរ។ ប្រជាពលរដ្ឋខ្លះហៅគាត់រហូតថាជាវីរបុរស។ អ៊ីចឹងវាអត់មានអីខុសច្បាប់ទេទាក់ទងនឹងការសង់រូបសំណាករបស់គាត់។ ប្រធានរបស់គាត់ (កាម៉ង់ដង់) បើគ្រាន់តែគាត់សាងសង់ហើយភ័យខ្លាចថាជាការញុះញង់ វាជាការគិតខុសទៅវិញទេ»។
រូបសំណាកស្ពាន់មួយជំហររបស់លោកបណ្ឌិត កែម ឡី នេះ ជាការផ្ដួចផ្ដើមរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ដែលតាមគម្រោងនឹងនាំយកទៅដាក់នៅទីលានប្រជាធិបតេយ្យ។ លោកបានដាក់សំណើនេះទៅកាន់សាលារាជធានីភ្នំពេញ ប៉ុន្តែមកទល់នឹងថ្ងៃនេះ មិនទាន់បានទទួលសេចក្តីសម្រេចណាមួយនៅឡើយ៕