ខេត្តព្រៃវែង៖ គ្រាន់តែរឿងតិចតួចសោះ ជនជាតិវៀតណាមបានប្រមូលគ្នាមួយក្រុម សំរុកចូលមកព្រួតវាយសម្លាប់ខ្មែរដល់ក្នុងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ សេង រ័ត្នធី អាយុ៣៣ឆ្នាំ ចំណែកឯក្រុមជនជាតិវៀតណាមនោះមានឈ្មោះ ១- ង្វៀង យ៉ាំងនឿ ភេទប្រុស អាយុ២៧ឆ្នាំ, ២- ង្វៀង យ៉ាំងកង ភេទប្រុស អាយុ៣០ឆ្នាំ និង ៣- ឡាំ យ៉ាំងសែង ភេទប្រុស អាយុ២២ឆ្នាំ ហើយជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិ៦ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ។
បើតាមសំដីរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានទៅទិញបារីជក់នៅផ្ទះតាង៉ុក (ជនជាតិវៀតណាម) ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ពេលនោះជនសង្ស័យបានសុំបារីប្តីរបស់គាត់ជក់ តែប្តីរបស់គាត់មិនឲ្យក៏កើតជាជម្លោះពាក្យសម្តី ជេរដៀមដាមគ្នាទៅវិញទៅមក ។ ពេលនោះប្តីរបស់អ្នកស្រីបានជេរ ហើយថាជនជាតិវៀតណាមនោះថា ឯងចង់កាងនៅភូមិនេះ ឮដូច្នេះជនជាតិវៀតណាមបានស្ទុះ មកដល់ប្តីរបស់គាត់១ដៃចំមាត់ តែប្តីរបស់គាត់នៅតែជេរទៀតថា អាចុយម្រ៉ាយ ហេតុអ្វីបានជាឯងមករករឿងអញតែម្នាក់ឯងយ៉ាងដូច្នេះ ឯងចាំមើលអញទៅផ្ទះយកកាំបិតមកកាប់ពួកហ្អែងម្តង។
អ្នកស្រី ចាន់ ស៊ីណា បន្តទៀតថា ភ្លាមៗនោះប្តីរបស់គាត់បានរត់ពីកន្លែងទិញបារីមកផ្ទះរបស់ខ្លួនដែលមានចម្ងាយប្រមាណ៦០ម៉ែត្រដែលនៅជាប់ព្រំប្រទល់គ្នារវាងភូមិ៦និងភូមិអ្នកលឿង ។ ពេលប្តីរបស់គាត់រត់មកជនជាតិវៀតណាម៣-៤នាក់បានតាមដេញវ៉ៃដល់ផ្ទះទៀត តែប្តីរបស់គាត់បានយកកាំបិតដេញកាប់ជនជាតិវៀតណាមទាំងនោះរត់ផាស់ក្រញ៉ាំ ។
មួយសន្ទុះក្រោយមកជនជាតិវៀតណាមនោះ បានទៅប្រមូលគ្នីគ្នាយ៉ាងច្រើន ប្រដាប់ដោយព្រនង់ ដំបង ឈើជ្រុង ដែកត្បែង ដែកគាស់ កាំបិត មកឡោមព័ទ្ធផ្ទះជនរងគ្រោះ ហើយក៏សំរុកចូលទៅវាយជនរងគ្រោះសល់ដង្ហើមចង្រិត មិនតែប៉ុណ្ណោះថែមទាំងវាយប្រពន្ធជនរងគ្រោះ ដែលមានផ្ទៃពោះ៩ខែត្រូវ២ដែកគាស់ចំដើមដីខាងឆ្វេងទៀតផង ។
ក្រោយពេលជនជាតិវៀតណាមទាំងនោះចេញទៅវិញ ក្រុមគ្រួសារជនរងគ្រោះបានប្រញាប់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ តាមការរាយការណ៍បានឲ្យដឹងថា ខាងខ្មែរមានមនុស្សម្នាក់ឈ្មោះ សេង រ័ត្នធី អាយុ៣៣ឆ្នាំ ចំណែកខាងវៀតណាមក៏ស្លាប់ម្នាក់ដែរឈ្មោះ ង្វៀង យ៉ាំងតេវ។



