ថ្ងៃ សុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១៤:១៤
ខេត្តស្វាយរៀង ៖ ប្រជាកសិករនៅភូមិភ្លោះ និងភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ដែលមានដីស្រែមួយចំនួននៅតាមបណ្តោយព្រំដែន នៅតែបន្តជួលដីស្រែឲ្យទៅប្រជាជនវៀតណាមធ្វើក្នុងមួយហិកតាតម្លៃ១០លានដុងស្មើនឹង៥០០ដុល្លារក្នុងមួយឆ្នាំ ។ កម្រៃដែលបានពីការជួលដីឱ្យកសិករវៀតណាមធ្វើនេះ ត្រូវកសិករខ្មែរអះអាងថា គិតទៅចំណេញជាងធ្វើស្រែខ្លួនឯងដែលគ្មានជំនាញបច្ចេកទេស ។
នៅថ្ងៃទី៤ ខែសីហា លោក អុិន សុទ្ធា អាយុ៦០ឆ្នាំ ជាកសិករនៅភូមិក្រសាំងជ្រំ បានឲ្យដឹងថា ប្រជាកសិករនៅភូមិភ្លោះដែលមានដីស្រែនៅជិតខ្សែបន្ទាត់ព្រំដែន ភាគច្រើនជួលដីឲ្យកសិករវៀតណាមធ្វើស្រែ ដោយវៀតណាមហ៊ានឲ្យឈ្នួលក្នុងមួយហិកតា១០លានដុង ស្មើនឹង៥០០ដុល្លារក្នុងមួយឆ្នាំ ។ ប្រជាជនវៀតណាមអាចធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ដោយប្រើបច្ចេកទេសក្នុងការធ្វើស្រែ និងមានដើមទុនគ្រប់គ្រាន់ មានជី មានថ្នាំ និងមានទឹកបូមដាក់ស្រែនៅរដូវប្រាំង ។
រីឯប្រជាកសិករខ្មែរយើងដែលជាម្ចាស់ដីស្រែ សម្រេចចិត្តជួលដីឲ្យវៀតណាមធ្វើនេះដោយសារ ទី១-គ្មានដើមទុន ទី២-គ្មានជំនាញបច្ចេកទេស ទី៣-គ្មានប្រភពទឹកបូមដាក់ស្រែ (ព្រែកនៅខាងប្រទេសវៀតណាម) ទី៤-គ្មានកម្លាំងពលកម្មដោយកូនៗពួកគាត់ធ្វើចំណាកស្រុកទៅធ្វើការនៅតាមរោងចក្រអស់ នៅតែមនុស្សចាស់មើលចៅ ។
ប្រភពដដែលបន្តថា ប្រជាជនវៀតណាមធ្វើស្រែក្នុង១ហិកតាបានទិន្នផល៧តោនទៅ៨តោន តែបើខ្មែរយើងធ្វើបានទិន្នផលត្រឹមតែ៤តោនទៅ៥តោនក្នុងមួយហិកតា ហើយការចំណាយក្នុងមួយហិកតាអស់ប្រាក់១០លានដុង ស្មើនឹង៥០០ដុល្លារក្នុងមួយរដូវ (រយៈពេល៨០ថ្ងៃស្រូវអ៊ីអ៊ែរK54) ដូច្នេះអត់ចំណេញ ។ លុះនៅពេលប្រមូលផល ឈ្មួញវៀតណាមប្រមូលទិញក្នុង១គីឡូក្រាមថ្លៃ៤.៥០០ដុង ស្មើនឹង៦០០រៀលក្នុង១គីឡូក្រាម ។ បើក្នុងរដូវប្រាំងឆ្នាំណារាំងស្ងួតខ្លាំងគ្មានប្រភពទឹកបូមដាក់ស្រែគឺខាតចូលដើម ។
លោក អ៊ិន សុទ្ធា បន្តទៀតថា ប្រជាកសិករនៅភូមិក្រសាំងជ្រំចង់ជួលដីឲ្យវៀតណាមដែរ ក៏ប៉ុន្តែវៀតណាមគេមិនជួលទេដោយដីស្រែភូមិក្រសាំងជ្រំ ភាគច្រើនឆ្ងាយពីប្រភពទឹក។ ដូច្នេះប្រជាពលរដ្ឋសុខចិត្តធ្វើខ្លួនឯងហើយជួលអ្នកបច្ចេកទេសវៀតណាមឲ្យមកជួយ ជាពិសេសពេលស្រូវមានបញ្ហា ត្រូវប្រើថ្នាំឬត្រូវការសង្គ្រោះស្រូវ គឺជួលទាំងជំនាញ យកជីយកថ្នាំពីវៀតណាម ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា វៀតណាមធ្វើស្រែគឺប្រើប្រាស់ជីគីមី និងថ្នាំគីមីកសិកម្ម បាញ់ថ្នាំ៣ដង គឺពេលស្រូវធ្វើដើម(ចេញផ្កា)ពេលស្រូវដាក់គ្រាប់ និងបាញ់ថ្នាំឲ្យឆាប់ទុំ នេះប្រសិនបើយកមកបរិភោគ គឺបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។ ចំណែកប្រជាកសិករភូមិចុងទួល ឃុំចំបក់ រីករាយពេលទទួលផលស្រូវក្នុងខែសីហានេះ ដែលមានទិន្នផលខ្ពស់គឺក្នុងមួយហិកតាបាន៧តោន លក់ឲ្យវៀតណាមបានក្នុង១គីឡូក្រាម ថ្លៃ៧៥០រៀល ដោយសារស្រូវគាត់ប្រើជីធម្មជាតិ ៕
---------------
http://www.everyday.com.kh/article/53757.html


