រស់ជាបុគ្គលដែលប្រកបដោយភាពជោគជ័យ ឬត្រចះត្រចង់នៅក្នុងជីវិត គ្រប់ៗគ្នាគឺមានការប្រុងប្រយ័ត្នខ្ពស់ណាស់ចំពោះរាល់ទង្វើដែលខ្លួនប្រព្រឹត្តជារៀងរាល់ថ្ងៃ ។ ប្រសិនបើគេបណ្ដែតបណ្ដោយខ្លួនឱ្យប្រព្រឹត្តកាយកម្មណាមួយខុសដោយចេតនា ឬអចេតនាក្ដី នោះវាអាចនឹងនាំឱ្យប៉ះពាល់ដល់ចំណងមេត្រីភាពរវាងគ្នា និងគ្នាជាក់ជាពុំខាន លើសពីនេះទៅទៀត គឺវានឹងនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់បុគ្គលទៀតផង ។
ដូច្នេះវិធីទាំង យ៉ាងខាងក្រោមនេះគឺជាខែលដ៏មានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់បុគ្គលជោគជ័យកុំឱ្យត្រឡប់ទៅជាអប្បឱន៖
ទី១៖ មិនបណ្ដោយឱ្យអតីតកាលបំផ្លាញអនាគតកាល
ពិតណាស់ នរណាៗក៏ដោយនៅក្នុងលោកសន្និវាសនេះគឺសុទ្ធតែធ្លាប់បានប្រព្រឹត្តនូវកំហុសទាំងអស់ ។ បុគ្គលជោគជ័យ ឬបុគ្គលត្រចះត្រចង់គឺសុទ្ធតែបានរៀនពីកំហុសទាំងនោះ ហើយគេថែមទាំងបានប្រែក្លាយពីកំហុសឱ្យទៅជាតម្រូវវិញ និងជាមេរៀនសម្រាប់ថ្ងៃអនាគតរបស់គេ និងមនុស្សនៅជុំវិញខ្លួនគេ ។ គេមិនដែលឱ្យអតីតកាលដែលធ្លាប់ខុសមកឃុំគ្រងអនាគតភាពដ៏ភ្លឺស្វាងរបស់គេឡើយ ។ គេជឿថា បើធ្លាប់ខុសហើយ នៅតែដេកត្រាំត្រែងជាមួយនឹងកំហុសតទៅទៀត នោះគេកំពុងតែបង្កាត់ពូជកំហុស ។
ទី២៖ មិននិយាយក្រោយខ្នង ឬនិយាយដើមអ្នកដទៃ
សម្រាប់បុគ្គលជោគជ័យ គឺគេមិនដែលបង្កប់អាថ៌កំបាំងដែលជារឿងអាក្រក់ៗរបស់អ្នកដទៃទុកនៅក្នុងចិត្ត ហើយដើរនិយាយប្រាប់អ្នកនេះអ្នកនោះឡើយ ។ មានរឿងណាដែលគេយល់ថាមិនសមស្រប ឬមិនគួរគប្បីដែលត្រូវតែកែប្រែចេញ គេតែងតែនិយាយវាចេញមកទៅកាន់បុគ្គលដែលគេចង់ជួយស្ថាបនានោះ ហើយគេថែមទាំងជួយរក្សាកំហុស ឬភាពឆ្គាំឆ្គងរបស់បុគ្គលនោះដោយសម្ងាត់ថែមទៀតផង ។
ទី៣៖ គេមិនដែលយល់ព្រមនូវអ្វីដែលគេចង់បានន័យថាទេ
បើខ្លួនគិតថាចង់បដិសេធនូវរឿងអ្វីមួយ បុគ្គលអ្នកជោគជ័យពុំដែលនិយាយថា យល់ព្រម ឬYes នោះទេ ! ពោល អាចនិយាយបានថា គេគឺជាប្រភេទមនុស្សស្មោះត្រង់ ។ បើគេមិនព្រមនឹងរឿងអ្វីមួយ គេនឹងនិយាយថាមិនព្រម បើគេយល់ព្រម គេប្រាកដជាឆ្លើយថាយល់ព្រម ។ បុគ្គលប្រភេទនេះ គេយល់ថា ស៊ូឆ្លើយ ទេ ឱ្យមនុស្សដែលមកពឹងពាក់គេទោមនស្សមួយគ្រា ប្រសើរជាងឆ្លើយយល់ព្រម ឬYes តែមានន័យថា ទេ ដែលនឹងធ្វើឱ្យគេទោមនស្សយូរអង្វែង ។
ទី៤៖ គេមិនដែលនិយាយកាត់
ការនិយាយកាត់នរណាម្នាក់វាក៏អាចរាប់ចូលថា ជាប្រភេទទង្វើអសីលធម៌ផងដែរ ។ ដើម្បីធ្វើឱ្យអ្នកដទៃឱ្យតម្លៃមកកាន់យើង ស្ដាប់នូវអ្វីដែលយើងចង់និយាយ និងយកសម្ដីរបស់យើងទៅពិចារណា នោះយើងក៏ត្រូវត្រងត្រាប់ស្ដាប់នូវអ្វីដែលគេនិយាយឱ្យចប់ន័យសេចក្ដីផងដែរ ។ ឱ្យតម្លៃគេថ្លៃ ទើបគេឱ្យតម្លៃយើងថ្លៃវិញ នេះគឺជាច្បាប់របស់ធម្មជាតិ ។
ទី៥៖ មិនយឺតយ៉ាវ
ពេលវេលាគឺសំខាន់ណាស់សម្រាប់មនុស្សម្នាក់ ។ ពេលវេលា ពេលខ្លះ និងស្ទើរតែគ្រប់ពេលគឺសុទ្ធតែអាចបញ្ជាក់ពីមាយាទនិស្ស័យរបស់មនុស្សម្នាក់បាន ។ ការយឺតយ៉ាវ ពិតណាស់មិនចាំបាច់មានអ្នកដទៃមកទិតៀន ឬនិយាយប្រាប់ត្រង់ៗ ក៏កត្តានេះវាបានជម្រុញឱ្យបុគ្គលដែលជានិច្ចជាកាលតែងតែទៅណាមកណាយឺតពេលវេលានោះ ទទួលបាននូវភាពខកចិត្ត ភាពព្រងើយកន្តើយ និងការមិនទុកចិត្តពីមនុស្សនៅជុំវិញខ្លួនដែរ ។ សម្រាប់បុគ្គលជោគជ័យ គេពិតជាមនុស្សម៉ដ្ឋចត់ណាស់ បើគេដឹងថានឹងមានកម្មវិធី ឬកិច្ចការអ្វីមួយសំខាន់ដែលនឹងត្រូវទៅឱ្យទាន់ពេលវេលា គឺគេតែងតែទៅដល់មុនម៉ោងកំណត់ជានិច្ច ៕



ដោយ៖ ឈូក ស
ប្រភព៖ BI
ប្រភព៖ BI