ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ម៉ោង ១២:១៥ (22-01-2016 12:15)
រាជធានីភ្នំពេញ ៖ សព្វថ្ងៃ បើយើងក្រឡេកមើលពីទីផ្សារទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា វាហាក់ដូចជាចង្អៀតទៅហើយ អ្នកមានការងារត្រឹមត្រូវ និងច្បាស់លាស់ យ៉ាងហោចណាស់ ក៏មានទូរស័ព្ទពីរគ្រឿងក្នុងដៃដែរ ។ បើយោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យថា នៅកម្ពុជា អ្នកប្រើប្រាស់ទូរស័ព្ទមានរហូតដល់ជាង២០លាននាក់ ខណៈប្រទេសកម្ពុជាមានចំនួនប្រជាជនតែជាង១៥លាននាក់ប៉ុណ្ណោះ ។ ទាក់ទងនឹងទីផ្សារទូរស័ព្ទនេះដែរ បណ្ដាក្រុមហ៊ុននាំចូល និងចែកចាយទូរស័ព្ទគ្រប់ប្រភេទនៅកម្ពុជា បានចាប់ផ្ដើមសហការជាមួយក្រុមហ៊ុនផលិតនៅក្រៅប្រទេស ដើម្បីពង្រឹងគុណភាព និងភាពងាយស្រួលកាន់តែខ្លាំងឡើងក្នុងការប្រកួតប្រជែងជាមួយបណ្ដាដៃគូផ្សេងៗ ។
ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុននាំចូល និងចែកចាយទូរស័ព្ទដៃម៉ាក iCall និង Vfone នៅក្នុងប្រទេសកម្ពុជា លោក ជា តេកស្រុង បានឱ្យដឹងថា ៖ « សព្វថ្ងៃនេះ បើមើលពីស្ថានភាពទីផ្សារទូរស័ព្ទក្នុងប្រទេសកម្ពុជា វាហាក់ដូចជាចង្អៀតបន្តិចហើយ ព្រោះថាម្នាក់ៗប្រើប្រាស់ទូរស័ព្ទ២ទៅ៣គ្រឿង ហើយទូរស័ព្ទម៉ាកដដែលៗ ក៏គេលែងប្រើហើយដែរ គេត្រូវការទូរស័ព្ទដែលមានការអភិវឌ្ឍទាំងគុណភាព រូបរាង និងប្រព័ន្ធប្រតិបត្តិការខាងក្នុងថា តើមានអ្វីពិសេស មានអ្វីដែលប្លែកពីទូរស័ព្ទស៊េរីចាស់ៗ មុនៗ » ។
លោកបន្តថា ៖ « បច្ចុប្បន្ន ការប្រកួតប្រជែងទីផ្សារទូរស័ព្ទក្នុងប្រទេសកម្ពុជាកំពុងតែមានការមមាញឹកខ្លាំង ជាពិសេស ទីផ្សារទូរស័ព្ទស្មាតហ្វូន ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ក៏មិនចោលទូរស័ព្ទមួយប្រភេទទៀតដែលអាចមានសមត្ថភាពរក្សាថាមពលថ្មបានយូរ និងមានគុណភាពខ្ពស់ សម្រាប់រក្សាការទាក់ទងក្នុងការងារដែរ ។ អ្វីដែលពិសេសនោះ គឺទូរស័ព្ទប្រភេទនោះមានតម្លៃទាប ងាយស្រួលទិញប្រើប្រាស់ទៀតផង។ នៅក្នុងទីផ្សារកំពុងតែមានការប្រកួតប្រជែងខ្លាំងនាពេលនេះ មិនថាតែទូរស័ព្ទស្មាតហ្វូន និងទូរស័ព្ទប្រើប៊ូតុងនោះទេ បណ្ដាក្រុមហ៊ុននីមួយៗសុទ្ធតែមានយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីឱ្យការលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារកាន់តែមានកំណើនឡើង » ។
លោកបន្ថែមថា ៖ « ចំពោះក្រុមហ៊ុនយើងវិញ យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងនោះ យើងផ្តោតសំខាន់ទៅគុណភាព សេវាកម្ម និងតម្លៃ ។ ជាពិសេស បុគ្គលិកផ្នែកលក់ផ្ទាល់របស់យើង ក៏ត្រូវមានសមត្ថភាពពិតប្រាកដក្នុងការលក់ទូរស័ព្ទដែរ ព្រោះថាអ្នកលក់ពូកែ មិនមែនតែពូកែនិយាយហើយមិនដឹងពីលក្ខណៈរបស់ផលិតផលនោះទេ ។ ជាក់ស្ដែង អ្នកលក់របស់យើងត្រូវចេះនិយាយ និងយល់ដឹងពីការប្រើប្រាស់ និងបង្ហាញជូនអតិថិជននូវអ្វីដែលអតិថិជនចង់ដឹង និងពេលអតិថិជនសួរនាំ ។ ប៉ុន្តែបើអតិថិជនសួរនាំហើយ តែបុគ្គលិកយើងមិនដឹងនោះ ធ្វើម៉េចអតិថិជនអាចជឿជាក់មកលើផលិតផលរបស់យើងបានទៅ » ។
លោកបញ្ជាក់ថា ៖ « ផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុន iCall និង Vfone ដែលកំពុងចរាចរណ៍លើទីផ្សារនេះ មិនសំដៅទៅលើអតិថិជនលំដាប់ខ្ពស់ និងឡូយឆាយនោះទេ គឺសំដៅដល់អតិថិជនមានកម្រិតជីវភាពមធ្យម និងល្មមៗ តែចង់បានទូរស័ព្ទស្មាតហ្វូនសម្រាប់ប្រើប្រាស់ក្នុងបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប ឡាញន៍ វត់ស៍អាប់ និងវីឆាត ជាដើម ព្រោះទូរស័ព្ទរបស់ iCall និង Vfone មានតម្លៃទាប បើធៀបនឹងទូរស័ព្ទដទៃ តែគុណភាពមិនចាញ់គេនោះទេ » ។
ចំណែកខាងក្រុមហ៊ុនទូរស័ព្ទ Huawei វិញ បុគ្គលិកម្នាក់សូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ៖ « តាមពិត ទីផ្សារទូរស័ព្ទវាចង្អៀតមែនសម្រាប់ទូរស័ព្ទមួយទឹក និងទូរស័ព្ទប្រើប៊ូតុងចុច តែសម្រាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ គឺនៅតែមានទីផ្សារដដែល ។ ស្មាតហ្វូនឥឡូវមិនសូវថ្លៃដូចកាលពីមុនទេ អ្នកមានចំណូលល្មមៗ ក៏អាចទិញស្មាតហ្វូនសម្រាប់ប្រើប្រាស់បណ្ដាញសង្គមនានាបានដែរ ។ ជាក់ស្ដែង ទូរស័ព្ទស្មាតហ្វូន Huawei ដែលអាចប្រើប្រាស់បណ្ដាញសង្គមបាន គឺមានតម្លៃក្រោម១០០ដុល្លារ » ។
លោកបន្តទៀតថា ៖ « នៅពេលបច្ចុប្បន្ន ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពល្អ ប្រជាជនមានចំណូលច្រើនជាងមុន និងធ្វើឱ្យកំណើនទីផ្សារស្មាតហ្វូនកាន់តែរីកពីមួយឆ្នាំទៅមួយឆ្នាំ មិនថាតែទូរស័ព្ទ Huawei ឬទូរស័ព្ទដទៃទៀតទេ ដែលចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ពីព្រោះអ្នកប្រើប្រាស់ចង់សាកនូវបច្ចេកវិទ្យាថ្មីៗរបស់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ » ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE