សិល្បៈ ៖ ព័ត៌មានតារាកំប្លែងលោក ពែកមី សង់ផ្ទះជូនអ្នកមានគុណនៅស្រុកកំណើតមានរយៈពេលប្រមាណជាមួយឆ្នាំមកហើយ ពេលនេះផ្ទះថ្មី ច្នៃម៉ូដដ៏ប្រណិតក៏បានបង្ហាញរូបរាង ហើយលោកក៏បានប្រកាសបន្តធ្វើសួនច្បារក្នុងបរិវេណផ្ទះតាមប្លង់គំរូ ដែលឪពុកលោកចង់បានបន្ថែមទៀត។
សម្រាប់ការលះបង់ទាំងថវិកា និងពេលវេលាដ៏មមាញឹករបស់លោក ពែកមី ទៅសង់ផ្ទះថ្មីជូនអ្នកមានគុណនៅឯស្រុកកំណើតក្នុងខេត្តស្វាយរៀង ជារឿងដ៏ប្រពៃណាស់ក្នុងនាមជាកូនចង់សងគុណឪពុកម្ដាយ និងធ្វើតាមបំណងដែលលោកប៉ងប្រាថ្នា។ សកម្មភាពនេះពេលដែលលោក ពែកមី បានបង្ហាញភ្លាមមានទស្សនិកជនជាច្រើនបានសម្ដែងការកោតសរសើរ ចំពោះទឹកចិត្តប្រកបដោយគុណធម៌របស់លោក។
ពេលវេលាកន្លងផុតទៅប្រមាណជាមួយឆ្នាំមក ក្ដីស្រមៃឪពុកលោក ពែកមី ក៏កាន់តែដល់គោលដៅដែរហើយ ព្រោះពេលនេះផ្ទះថ្មីកាដូពីកូនប្រុសក៏បានបង្ហាញជារូបរាងជាស្ថាពរ ដោយឡែកសួនច្បារ ដែលរៀបចំតាមប្លង់គំរូ ក៏បានចាប់ផ្ដើមធ្វើឡើងផងដែរ ។ រូបភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថា មិនយូរប៉ុន្មានទេ ផ្ទះថ្មី ដែលលម្អដោយសួនច្បារចម្រុះពណ៌ របស់លោក ពែកមី សងជូនឪពុកនឹងរួចរាល់មួយរយភាគរយជាមិនខាន៕ ផ្ដល់សិទ្ធដោយ៖ Kqube