រឿង សោភ័ណ្ឌ សម្រេចប្រកួតខ្សែក្រវាត់វិញ ក្រោយមានការសម្រួល
ភ្នំពេញៈ អ្នកប្រដាល់មានប្រជាប្រិយនិងមានអ្នកគាំទ្រច្រើន រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ បានផ្លាស់ប្តូរចិត្តភ្លាមៗ ក្នុងការវិលមកកាន់ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវវិញបន្ទាប់ពីមានជំនួបពិភាក្សាលើកយោបល់តាមមធ្យោបាយត្រជាក់ៗក្រៅផ្លូវការរវាង លោក តែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ភាគីម្ចាស់សង្វៀន SEATV តំណាងសមាគមនិងក្លិប ព្រមទាំងកីឡាករ រឿង សោភ័ណ្ឌ ផ្ទាល់កាលពីម្សិលមិញ។
ការឈានដល់មានការសម្រុះសម្រួលគ្នានេះ គឺបន្ទាប់ពី រឿង សោភ័ណ្ឌ បានថ្នាំងថ្នាក់អំពីការសម្រេចសេចក្តីពីសំណាក់ចៅក្រម ៣ នាក់ ដែលបានឲ្យរូបគេចាញ់កីឡាករឡាវ Keng Kat ក្នុងការប្រកួតវិលជុំនៅសង្វៀន SEATV កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។
លទ្ធផលមិនឯកច្ឆន្ទ ៣-២ នេះនាំឲ្យ រឿង សោភ័ណ្ឌ មិនទទួលបាន ៣ ពិន្ទុនោះទេ និងបានចោទគណៈកម្មការប្រកួតថា បានសម្រេចក្តីដោយអយុត្តិធម៌ និងមានចេតនាឲ្យរូបគេចាញ់។
មិនតែប៉ុណ្ណោះ សោភ័ណ្ឌ បានប្រកាសមិនឡើងប្រកួតនៅសង្វៀន SEATV ទៀតឡើយ ហើយបញ្ហានេះបានជំរុញឲ្យភាគីពាក់ព័ន្ធ រួមទាំងម្ចាស់ឧបត្ថម្ភបើកឲ្យមានជំនួបពិភាក្សាដោះស្រាយមួយ ដើម្បីសម្រួលឲ្យ សោភ័ណ្ឌ ព្រមប្រកួតវិញ កុំឲ្យខូចកម្មវិធីរបស់គេ។
លោក តែម ម៉ឺន បានថ្លែងថា៖ «ដំណោះស្រាយក្នុងកីឡា យើងធ្វើតាមគោលការណ៍ត្រជាក់ៗក្នុងនយោបាយបង្រួបបង្រួមសាមគ្គីគ្នាដូចគ្រួសារ ឬឪពុក និងកូន គឺមិនទាន់មានវិធីតាមច្បាប់ ឬបញ្ហាពិន័យណាមួយនាំឲ្យភាគីណាទទួលរងកំហុសនោះទេ។
ការវិនិច្ឆ័យឲ្យឈ្នះឬចាញ់ ក្នុងការប្រកួតមានភាពប្រហាក់ប្រហែលគ្នានោះ វាតែងតែជួបបញ្ហា ប៉ុន្តែក្នុងនាមជាកីឡាករត្រូវតែទទួលយកលទ្ធផលណាមួយជាដាច់ខាត ដែលគណៈកម្មការសម្រេចរួច ហើយ ក្នុងនោះចៅក្រមក្តី អាជ្ញាកណ្តាលក្តី គណៈវិនិច្ឆ័យក្តី ត្រូវតែទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួននៅពេលមានទំនាស់»។
លោក តែម ម៉ឺន ក៏បាននិយាយកោតសរសើរ រឿង សោភ័ណ្ឌ ដែលកន្លងមកឡើងប្រកួតគ្រប់សង្វៀនបានល្អ និងមិនធ្លាប់មានរឿងប្រកួតលក់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់សហព័ន្ធ ឬក្លិប និងនិយាយពីប្រាក់ចំណូលរបស់ សោភ័ណ្ឌ បានចំនួនច្រើន។
លោកបានសង្កត់ថា៖ «ប្រាក់ចំណូលរបស់រឿង សោភ័ណ្ឌ ក្នុងមួយខែខ្ទង់ ១០០០ ដុល្លារ គឺរកពេលប្រកួតឲ្យគេមិនបានផង អ៊ីចឹងប្អូនកុំបោះបង់អាជីពនេះទៅរកមុខរបរផ្សេងអី ព្រោះតាមច្បាប់បើប្អូនមិនប្រកួតនៅលើសង្វៀននេះតាមកិច្ចសន្យា សង្វៀនដទៃក៏មិនអាចឡើងប្រកួតបានដែរ គឺឈប់មួយជីវិត»។
ជាមួយការពន្យល់ និងណែនាំនេះ រឿង សោភ័ណ្ឌ និយាយថា៖ «ខ្ញុំនឹងសម្រេចចិត្តតាមអ៊ំប្រធានសហព័ន្ធ ព្រោះប្រិយមិត្តគាំទ្រខ្ញុំ ក៏មិនចង់ឲ្យខ្ញុំបោះបង់អាជីពប្រដាល់នេះដែរ ហើយម្យ៉ាងទៀតប្រភពចំណូលពីប្រដាល់ក៏ធ្វើឲ្យជីវភាពខ្ញុំបានប្រសើរជាងមុនផងដែរ។ ប៉ុន្តែសូមឲ្យការកាត់ក្តីក្រោយមានយុត្តិធម៌សម្រាប់ខ្ញុំ ក៏ដូចកីឡាករខ្មែរមួយចំនួនទៀតផង»។
ទោះបីយ៉ាងណា រឿង សោភ័ណ្ឌ បានសំណូមពរកែសម្រួលចៅក្រមអាជ្ញាកណ្តាល ព្រមទាំងសុំឲ្យប្រកាសលទ្ធផលក្រោយពេលប្រកួត ដោយអានឈ្មោះចៅក្រម ដែលផ្តល់ពិន្ទុ ឲ្យមហាជនបានដឹងគ្រប់គ្នាផង ហើយសំណើនេះ ត្រូវបានលោក តែម ម៉ឺន និងតំណាងខាងសង្វៀនទទួលយកមកដោះស្រាយ ដើម្បីធ្វើឲ្យមានភាពកាន់តែប្រសើរ។
លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រកួតរបស់ SEATV និយាយថា៖ «រឿងបញ្ហាចាញ់ឬឈ្នះជាសិទ្ធិផ្តាច់មុខរបស់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ មិនមែនខាងទូរទស្សន៍នោះឡើយសូមឲ្យអ្នកគាំទ្រ មេត្តាកុំខឹងអី។ សង្វៀន SEATV មានចំណាត់ថ្នាក់ខ្ពស់ល្អណាស់ គឺមានអ្នកគាំទ្រ ហើយអ្វីដែលកើតមានឡើងដោយភាពមិនប្រក្រតី យើងនៅតែសហការគ្នាដោះស្រាយដោយមិនចោទ ឬទម្លាក់កំហុសទៅខាងណាទេ ហើយកីឡាករ និងគណៈកម្មការយើង បានចាត់ទុកថាដូចគ្រួសារតែមួយ តែងតែមានខុសឆ្គងបន្តិចបន្តួចមិនខាន»៕