នៅព្រឹកនេះលោក សុខ ជំនោរបានប្រើពាក្យធ្ងន់ៗទៅលើតុលាការរបស់ប្រទេសកម្ពុជា ដោយសារតែមិនពេញចិត្តចំពោះចំណាត់ការលើបណ្ដឹងរបស់ប្អូនស្រីខ្លួន ដែលប្ដឹងលោក គុយ សិទ្ធិស័ក្ត អតីតគូស្នេហ៍របស់នាង ពីបទហិង្សាដោយចេតនា និង ចែកចាយរូបអាសអាភាស កាលពីជាង៣ខែមុន។
លោក សុខ ជំនោរ បានសរសេរលើ Facebook របស់ខ្លួនព្រឹកនេះ ដោយសំដៅលើប្រសិទ្ធភាពការងាររបស់ប្រព័ន្ធតុលាការក្នុងស្រុកថានៅមានកម្រិត ក្នុងនោះលោកថែមទាំងដាស់តឿនអោយប្រជាពលរដ្ឋចៀសវាងការមានក្ដីក្ដាំដែលត្រូវពឹងតុលាការផង។
សំណេររបស់អតីតអ្នកនិពន្ធរូបនេះ បន្ទាប់ចំណាត់លើបណ្ដឹងប្អូនស្រីលោកប្ដឹងអតីតគូស្នេហ៍ ពីបទហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាសច្រើនខែហើយ នៅមិនទាន់មានលទ្ធផល។ តាមការបញ្ជាក់ពីលោក សុខ ជំនោរ ចុងចម្លើយត្រូវបានតុលាការចេញដីកាចំនួន៦លើកមកហើយ ដោយ៥លើកជនមិនបានចូលខ្លួនឡើយ គឺទើបតែចូល ជាមួយដីកាលើកទី៦ កាលពីថ្ងៃ១៣ ខែ ធ្នូ ឆ្នាំ ២០១៦កន្លងទៅនេះ។
"ដីកាហៅថ្ងៃ12 ខែ12 តែគេចូលថ្ងៃ13 តុលាការឲ្យទៅវិញ ខ្ញុំកំពុងចាំសេចក្ដីសម្រេច" លោក សុខ ជំនោរថ្លែងប្រាប់Sabay។
ករណីនេះ លោក សុខ ជំនោរ នៅមិនអស់ចិត្តឡើយ លោកក៏នឹងបន្តពិភាក្សាជាមួយមេធាវីបន្តទៀត ដើម្បីស្វែងរកភាពយុត្តិធម៌ជូនប្អូនស្រីឲ្យបាន៕
អត្ថបទ៖ ខុត សីហា