ប្រមុខណាតូ ចេញបកស្រាយពីលទ្ធភាពដែល Trump អាចជាអ្នកនាំអាទិ៍ឱ្យមានសង្គ្រាមនុយក្លេអ៊ែរនៅឆ្នាំ ២០១៧
- សង្គម
- November 10, 2016
លោក Donald Trump បាននិយាយរឿងល្អៗពីលោក Vladimir Putin ប៉ុន្តែអ្នកជំនាញអង្គការណាតូម្នាក់និយាយថា ការធ្វើសង្គ្រាមជាមួយរុស្ស៊ីទំនងជានឹងកើតឡើង ជាងអត់។
នៅក្នុងការថ្លែងមួយដែលបានធ្វើឱ្យរដ្ឋាភិបាលទីក្រុងមូស្គូពេញចិត្តស្តូក លោក Trump បានដាក់មន្ទិលសង្ស័យអំពីតម្លៃរបស់អង្គការណាតូសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយបាននិយាយគាំទ្រអំពីការកាត់យកតំបន់គ្រីមេរបស់អ៊ុយក្រែនដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ ទៀតផង។
ប៉ុន្តែឧត្ដមសេនីយ៍ Richard Shirreff មេបញ្ជាការរងកំពូលនៃសម្ព័ន្ធមិត្តអង្គការណាតូសម្រាប់អឺរ៉ុបចាប់ពីឆ្នាំ ២០១១ និង ២០១៤ បានព្រមានថា ការលើកឡើងរបស់ Trump អាចនឹងធ្វើឱ្យរដ្ឋាភិបាលវិមានក្រឹមឡាំងធ្វើចំណាត់ការគ្រោះថ្នាក់ជាច្រើន។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវេបសាយ The Atlantic គាត់បាននិយាយថា "ណាតូគឺអាស្រ័យទៅលើការដឹកនាំ និងឆន្ទៈរបស់សហរដ្ឋអាមេរិកទាំងស្រុងដើម្បីជួយដល់សម្ព័ន្ធមិត្តដោយគ្មានលក្ខខណ្ឌ។ ដោយហេតុនេះហើយ ដោយមានប្រធានាធិបតីម្នាក់នៅសេតវិមាន ដែលមិនរៀបចំដើម្បីជួយ នោះនឹងធ្វើឱ្យសម្ព័ន្ធមិត្តចុះខ្សោយយ៉ាងខ្លាំង ហើយវាប្រហែលជានាំឱ្យមានការកាត់ផ្តាច់រវាងអាមេរិក និងការការពារអឺរ៉ុបពីសំណាក់អាមេរិក"។
គាត់បានបន្តថា "ទាក់ទិនសមីការហានិភ័យសម្រាប់នរណាក៏បានដែរ ដែលអង្គុយនៅវិមានក្រឹមឡាំង ប្រសិនបើគាត់ (មេដឹកនាំរុស្ស៊ី) សម្រេចចិត្តឈ្លានពានរដ្ឋនៅតំបន់បាល់ទិក នោះគាត់ (Trump) អាចសម្រេចចិត្តថា គាត់ដល់ពេលត្រូវចាកចេញពីណាតូហើយ។ ហើយជាការពិត នោះនឹងធ្វើឱ្យពិភពលោកកាន់តែគ្រោះថ្នាក់"។
លោកក៏បានព្រមានថា សង្គ្រាមជាមួយរុស្ស៊ីគឺប្រហែលជាសង្គ្រាមនុយក្លេអ៊ែរ ជាមួយសេណារីយ៉ូមួយប្រហែលជា រុស្ស៊ីឈ្លានពានរដ្ឋនៅតំបន់បាល់ទិក បន្ទាប់មកបាញ់គ្រាប់នុយក្លេអ៊ែរដាក់សម្ព័ន្ធមិត្តណាតូ ជាលេសមួយដើម្បីបន្ថយភាពតានតឹង។
គំនិតនៃការបាញ់ដើម្បីបន្ថយភាពតានតឹងនោះគឺថា រុស្ស៊ី ប្រសិនបើពួកគេប្រឈមមុខជាមួយកម្លាំងវាយលុកលើសលុបពេក នោះពួកគេនឹងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុងអឺរ៉ុបភាគខាងកើត ដើម្បីបន្ថយភាពតានតឹង។
លោក Shirreff បានសរសេរសៀវភៅមួយដែលមានចំណងជើងថា "2017 War With Russia" ដែលជាសៀវភៅប្រឌិត ប៉ុន្តែគាត់និយាយថា ផ្នត់គំនិតទាំងអស់គឺជាការពិត។
គាត់បាននិយាយថា "យើងត្រូវវិនិច្ឆ័យលោកប្រធានាធិបតី Putin ដោយទង្វើរបស់គាត់ មិនមែនពាក្យសម្តីរបស់គាត់នោះទេ។ គាត់បានឈ្លានពានប្រទេសហ្សកហ្ស៊ី គាត់បានឈ្លានពានតំបន់គ្រីមេគាត់បានឈ្លានពានប្រទេសអ៊ុយក្រែន។ គាត់បានប្រើកម្លាំង និងគេចចេញពីបញ្ហានេះបានទៀត។ នៅក្នុងអំឡុងភាពតានតឹង ការវាយប្រហារមកលើរដ្ឋក្នុងតំបន់បាល់ទិក គឺជាការពិតទាំងស្រុង"។
គាត់និយាយទៀតថា កងទ័ពណាតូមានកាតព្វកិច្ចត្រូវមកជួយដល់សមាជិករបស់ខ្លួន។
ឧត្ដមសេនីយ៍ Richard Shirreff បាននិយាយថា "ការពិតដ៏គួរឱ្យខ្លាចនោះគឺ រុស្ស៊ីនឹងគិតមុនគេទៅដល់នុយក្លេអ៊ែរ និងសមត្ថភាពគ្រប់ផ្នែកនៃកងកម្លាំងការពារជាតិ ហើយនោះអាចជាសង្គ្រាមនុយក្លេអ៊ែរ"៕
ប្រភព៖ Metro