ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម អះអាងថា គល់ក្រញូងមួយនៅខេត្តសៀមរាម ដែលសេសសល់ពីការកាប់របស់មន្ត្រីអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ត្រូវបានជនមិនស្គាល់មុខកាប់ឆ្កឹះអស់មួយចំណែកបន្ថែមទៀត ខណៈគល់នោះកំពុងដុះពន្លកឡើងវិញ។
ព្រះតេជគុណ ប៊ុន ប៊ុនតិញ បានសម្តែងការសោកស្តាយចំពោះជនមិនស្គាល់មុខបន្តកាប់ពុះយកគល់ ក្រញូង ជាប្រភេទឈើដែលពលរដ្ឋនៅតំបន់នោះឲ្យតម្លៃនិង គោរពបូជា។ ព្រះអង្គត្រូវបានគេហទំព័រវិទ្យុសំឡេងព្រះសង្ឃឯករាជ្យដកស្រង់ថេរដីកា និង មានភ្ជាប់រូបភាពនៃគល់ប្រញូងមកដែលរងការពុះជ្រៀកមកចុះផ្សាយកាលពីថ្ងៃទី១៩ម្សិលមិញ។
កាលពីថ្ងៃទី៦ខែវិច្ឆិកា មន្ត្រីអាជ្ញាធរជាតិអប្សរាមួយក្រុមបានកាប់រំលំដើមក្រញូងនៅតំបន់ឧទ្យានអង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាបដែលមានអាយុកាលជាង២០០ឆ្នាំ ដោយហេតុផលថា ដើម្បីកុំឲ្យបាក់រលំព្រោះដើមនោះមានគេលួចកាប់ជិតដាច់ហើយ។ ប៉ុន្តែក្រោយមកតុលាការខេត្តសៀមរាបបានបញ្ជារឲ្យឃាត់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៥នាក់ពាក់ព័ន្ធនឹងកាប់ដើមក្រញូងនេះ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាទៀតថា គល់ក្រញូងនោះមានដុះពន្លកខ្លះវិញ ហើយពេលនេះព្រះបានទាក់ទងសុំឲ្យអាជ្ញាធររៀបចំធ្វើរបងការពារគល់នោះ។