ឌួង ហ្សូរីដា បង្ហោះសារត្រុវគេរិះគន់។ ហុង មិនា
ឌួង ហ្សូរីដា រងការរិះគន់ព្រោះថា ភិន សុដាលីស ចំណេញបានកូនស្រីស្អាតពី ប៉ែន ចំរ៉ុង
ភ្នំពេញៈ ដំណឹងគ្រួសារថៅកែមហាហង្សទទួលបានសមាជិកថ្មីជាទារិកាឈ្មោះ Katherina ដែលប្រសូតចេញពីផ្ទៃតារាសម្តែងស្រីអ្នកនាង ភិន សុដាលីស កូនស្រីចាងហ្វាងផលិតកម្មលោក អ៊ិន សុភិន កាលពីល្ងាចម្សិលមិញទទួលបានការសាទរ និងលើកទឹកចិត្តពីប្រិយមិត្តជាច្រើន។
ចំណោមអ្នកជូនពរអ្នកនាង ភិន សុដាលីស ដែលទើបផ្ដល់កំណើតទារិកា រួមដំណក់ឈាមជាមួយតារាសម្ដែងកំប្លុកកំប្លែងលោក ប៉ែន ចំរ៉ុង ក្រោយភ្លើងស្នេហ៍ឆាបឆេះវិចបង្វិចទៅរួមរស់ជាមួយគ្នាដោយមានតែអេតាស៊ីវិល គ្មានពិធីក្រាបផ្ទឺមបំពេញលក្ខខណ្ឌប្រពៃណីព្រោះឪពុកម្ដាយខាងស្រីមិនគាំទ្រនោះ ភ្លាមៗក៏មានពិធីការិនីទូរទស្សន៍ កញ្ញា ឌួង ហ្សូរីដា ចូលរួមបង្ហោះសារអបអរផងដែរ។
ប៉ុន្តែសារមួយឃ្លាដែលកញ្ញា ឌួង ហ្សូរីដា សរសេរថា «មានអីខាត ចំណេញបានកូនស្រីដ៏ស្អាត ហើយឃ្យូតទៀតពី ប៉ែន ចំរ៉ុង» នោះ បែរជាត្រូវបានមហាជនខ្លះគិតថាបែបមានន័យចំអកទៅវិញថា។
សារខាងដែលបង្ហោះកាលពីរាត្រីថ្ងៃព្រហស្បតិ៍ លើទំព័រហ្វេសប៊ុករបស់កញ្ញា ឌួង ហ្សូរីដា ក្រោយមកក៏ត្រូវបានពិធីការិនីរូបនេះ កែសម្រួលឡើងវិញថា៖ «មានអីខាត (ដូចធ្លាប់ប្រាប់ប៉ា ដាលីស អ៊ីចឹង) ចំណេញបានកូនស្រីដ៏ស្អាតហើយឃ្យូតទៀតពី ប៉ែន ចំរ៉ុង» Congratulations With Strong & Young Mother. We All So Proud On You Alis»។
យ៉ាងណាមិញសារបែបលេងសើចរបស់កញ្ញា ឌួង ហ្សូរីដា ខាងលើ ហាក់ដូចជាបានប្រើប្រាស់ខុសទៅនឹងកាលៈទេសៈ និងធ្វើឲ្យមហាជនយល់បែបអវិជ្ជមានទៅវិញ ដែលធ្វើឲ្យនាងក៏ទទួលរងការវាយប្រហារពាក្យសម្ដីភ្លាមៗតែម្តង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសគឺអ្នកគាំទ្រ ជាអ្នកមេម៉ាយក្មេងខ្ចីអ្នកនាង ភិន សុដាលីស ដែលបានលែងលះលោក ប៉ែន ចំរ៉ុង ដាច់ស្រេចនោះតែម្ដង។
ប្រិយមិត្តម្នាក់បានប្រលយពាក្យតបសារកញ្ញា ឌួង ហ្សូរីដា ថា៖ «មានពាក្យច្រើនណាស់ ដែលគួរតែសរសេរ។ តែសរសេរចេញមកដូចជាចំអកឲ្យចឹង (សុទ្ធតែមានអីខាត) ម៉េចក៏ពាក្យដែលពីរោះជាងនេះ មិនចេះនឹកឃើញ»។
ចំណែកមតិមហាជនផ្សេងៗទៀតថា៖ «បងនិយាយថា មានអីខាត ពិបាកស្តាប់ណាស់បង! ក្នុងនាមខ្ញុំជាមនុស្សប្រុស សូមសរសើបង ដាលីស ដែលអាចទ្រាំបានរហូតដល់ថ្ងៃនេះ។ បើស្រ្តីមួយចំនួនបើជួបរឿងដូចគាត់ប្រហែលនឹងគិតខ្លី ឬធ្វើអ្វីផ្សេងៗ!»។
ខណៈមតិមួយទៀតឌឺដងដាក់ឲ្យកញ្ញា ហ្សូរីដា ថា៖ «និយាយម៉ោ ដូចខាង ដាលីស ចំណេញខ្លាំងពីប្រុសព្រាននោះអ៊ីចឹង! បងឯងមានប្អូនស្រីដែរ ប់គេបំផ្លាញហើយទៅចោលកើតបានកូនស្រីមួយ ចាំមើលបងឯងនិយាយពាក្យមានអីខាតចេញមកបានអត់?»។
ភិន សុដាលីស និង ប៉ែន ចំរ៉ុង គ្រាស្នេហ៍នៅផ្អែមល្ហែម។ ឈឹម ស្រីនាង
តបនឹងការរិះគន់ជាច្រើនពីមហាជន កញ្ញា ឌួង ហ្សូរីដា បានសរសេរបកស្រាយតបវិញថា៖ «ជាពាក្យ តែងតែនិយាយលេងជាមួយគាត់ និងប៉ាគាត់ ហើយសូមជម្រាបថា កុំអគតិហើយគិតតែ រឿងផ្លូវអវិជ្ជមានច្រើនពេក។ កន្លែងណាជាពាក្យថាចំអកនោះ? នេះជាការលើកទឹកចិត្តក្នុងនាមជាម្តាយដ៍ក្មេងខ្ចីមួយរូប ដែលប្រឹងរក្សាកូនមួយនេះរហូតកើតចេញមក។ ដាលីស ជាម្តាយដ៏ទាន់សម័យ ឆ្លាត និងពូកែគាត់មិន ដែលយកខួរក្បាលគាត់មកគិតវិភាគដូចអ្វីដែលមនុស្សអគតិ ចូលចិត្តបញ្ចេញទស្សនៈខុសប្រធានបទនោះទេ សូមជ្រាប ហើយពាក្យទាំងនេះ គឺយើងឧស្សាហ៍នាំគ្នាចំអន់គ្នាលេងឲ្យតែជួបគ្នា ។ សូមមេត្តាស្វែងយល់ សូមមេត្តាជ្រាបផងណា!»។
ដូចជាមិនព្រមចុះចាញ់ទើបតារាសម្តែង និងពិធីការិនីរូបនេះ នៅតែតបតសារវិញថា៖ «មនុស្សចិត្តស្រាល ត្រចៀកស មានការគិតទាប គឺទំនោរតែរឿងអវិជ្ជមានច្រើន ប៉ុន្តែមនុស្សសុទិដ្ឋិនិយម គេចូលមកសើចបែបកំប្លែង»៕