រឿងរ៉ាវ​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ត្នោត ខេត្តស្វាយរៀង បោះបង់ចោល​ភូមិកំណើត ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​
-----------------
ថ្ងៃ October 31, 2016 ដោយ មនសិការខ្មែរ
ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពួកគាត់​ជាច្រើន​គ្រួ​សារបាន​បោះបង់ចោល​ភូមិកំណើត​មក​តាំង​ទីលំនៅ​ក្នុងភូមិ​ធ្លក​ថ្មី ក្រោយពេល​បង្គោល​ព្រំដែន​ខ្មែរ​-​យួន​ក្នុង​តំបន់​នេះ ត្រូវបាន​បោះ​រួចរាល់​។ ពលរដ្ឋ​ភូមិ​ធ្លក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣ បាន​បោះ​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​កន្លែង​កំណើត​របស់​ពួកគាត់ ហេតុនេះហើយ​ទើប​ពួកគាត់​សម្រេច​ចាកចេញ​ទៅកាន់​ទីតាំង​ថ្មី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បង្គោល​ព្រំដែន​ខ្មែរ​-​យួន​លេខ​២០២ និង​២០៣ នៅ​ចន្លោះ​ភូមិ​ធ្លក​ចាស់ និង​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ដែលជា​កន្លែង​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទាហាន​និង​ប្រជាជន​យួន​ជាមួយ​ពលរដ្ឋ​ខ្មែរ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥​។
សកម្មជន​ព្រំដែន​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ពិនិត្យមើល​ករណី​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ភូមិ​ធ្លក​ចាស់ ទៅ​រស់នៅ​ក្នុងភូមិ​ធ្លក​ថ្មី​នោះ​ផង​។ ដោយហេតុថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ធ្លក​ចាស់ បាន​រើ​ចេញពី​ទីកន្លែង​កំណើត​របស់ខ្លួន​មក​តាំង​ទីលំនៅ​ភូមិ​ធ្លក​ថ្មី បន្ទាប់ពី​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣ បោះ​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​។ ការដែល​ពលរដ្ឋ​ខ្មែរ​ចាក​ចេញពី​ភូមិ​ធ្លក​ចាស់ គឺ​ដោយសារតែ​មិនអាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​យួន ក៏ដូចជា​សមត្ថកិច្ច​យួន​ការពារ​ព្រំដែន​។
តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ដែល​ចាក​ចេញពី​ភូមិកំណើត​បាន​ឲ្យ​ដឹងថា ភូមិ​ធ្លក​ចាស់ គឺជា​ទឹកដី​ខ្មែរ​យ៉ាងពិត​ប្រាកដ​ព្រោះ​ពួកគាត់​រស់នៅ​តំបន់​នេះ​ត​ពី​ដូនតា​មក ហើយ​មាន​ផ្នូរ​ដូនតា​របស់​ពួកគាត់​ជា​ភស្ដុតាង​ទៀតផង​។ ពលរដ្ឋ​ដែល​សម្រេចចិត្ត​រើ​លំនៅដ្ឋាន​បាន​ឲ្យ​ដឹងថា បើសិនជា​ពួកគាត់​មិន​រើចេញ​ទេនោះ គឺ​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​សព្វបែបយ៉ាង​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​យួន ព្រោះ​បច្ចុប្បន្ន​ទឹកដី​ភូមិ​ធ្លក​ចាស់ ក្លាយជា​ទឹកដី​យួន​រួចទៅហើយ ចំណែក​ភូមិ​ដែល​ពួកគាត់​តាំង​លំនៅ​បច្ចុប្បន្ន​ត្រូវដាក់​ឈ្មោះថា ជា​ភូមិ​ធ្លក​ថ្មី ព្រោះ​ភូមិ​ចាស់​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​យួន​។ សកម្មជន​ព្រំដែន​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​កត់សម្គាល់ថា ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​យួន​កន្លងមក មិនឃើញ​មាន​ចំណេញ​អ្វី​សម្រាប់​ភាគី​កម្ពុជា​នោះទេ ជាក់ស្ដែង​ពលរដ្ឋ​ភូមិ​ធ្លក​ចាស់ ជាច្រើន​គ្រួសារ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយសារ​ទីកន្លែង​កំណើត​របស់​ពួកគាត់​ក្លាយជា​ដី​យួន​បន្ទាប់ពី​ប​ង្គោ​ព្រំដែន​លេខ​២០២ និង​២០៣ ត្រូវបាន​បោះ​រួចរាល់​៕
<