តារាចម្រៀង អ្នកនាង ពេជ្រ សោភា។ ហុង មិនា
ពេជ្រ
ភ្នំពេញៈ ប្រិយមិត្តជាអ្នកគាំទ្រទើបតែបានចូលរួមអបអរសាទរនឹងការទទួលបានងារជាតារាតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទូរស័ព្ទ OPPO និងជាប់គម្រោងការជួយសង្គមមួយ គឺការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីរកប្រាក់មូលនិធិជួយទ្រទ្រង់ដល់ចាស់ជរា ដែលនឹងធ្វើនៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ នៅសាលមហោស្រពកោះពេជ្រ តែពេលថ្មីៗនេះ ក៏ស្រាប់តែគេបានប្រទះឃើញនូវសារមួយឃ្លា បង្ហោះចេញពីហ្វេសប៊ុក របស់តារាចម្រៀងស្រីចាស់វស្សារះនៅលើទ្រនំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បង្ហើដូចជាជួបនូវទុក្ខសោកជីវិតផ្ទាល់ខ្លួនអ៊ីចឹងថា៖ «សេរីភាពបានមកដល់ហើយ ឈប់គិតគ្រប់រឿង ឈប់ខ្វល់គ្រប់រឿង ខំតស៊ូដើម្បីខ្លួនឯង គេមិនស្រឡាញ់យើង គឺយើងស្រឡាញ់ខ្លួនឯង!»។
បើតាមសារខាងលើដែលជាតារាចម្រៀងស្រីដ៏ពេញនិយមពីសំណាក់យុវវ័យល្បីខ្លាំងគឺបទ «រាំញីកែងជើង» ជាមួយនឹងលោក ដេវីត នោះ ក៏ធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើល និងអាចទាញយកការសន្និដ្ឋានភ្លាមៗដែរ។ ដោយអ្នកខ្លះលើកឡើងថា ប្រហែលជាកន្លងមកនេះអ្នកនាង ពេជ្រ សោភា ជួបទុក្ខសោកពិបាកចិត្តក្នុងសង្គមគ្រួសារ ហើយមិនអាចនិយាយចេញបាន ខណៈទើបតែហ៊ានទម្លាយវាចេញតាមសារនាពេលនេះ។
ចំណែកអ្នកខ្លះវិញ ទាញរហូតទៅដល់រឿងនៃសម្ព័ន្ធភាពប្តីប្រពន្ធរៀបការជាង ១ ឆ្នាំកន្លះរបស់អ្នកនាងតែម្តង ដោយមានការសង្ស័យថា ទំនងជាតារាចម្រៀងស្រីល្បីប្រចាំផលិតកម្មហង្សមាសរូបនេះ កើតមាននូវរឿងរកាំរកូសអ្វីជាមួយនឹងស្វាមី ដែលនៅឆ្ងាយពីគ្នាឯនាយសមុទ្រនៃទឹកដីសហរដ្ឋអាមេរិកនោះទេដឹង?
ប៉ុន្តែហាក់ដូចជាខុសផ្ទុយទៅនឹងការសន្និដ្ឋានរបស់មហាជនតែម្តង ខណៈនារសៀលថ្ងៃម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ ក៏បានទទួលនូវការបកស្រាយសារភ្លាមៗពីតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានវោហារ នៅក្នុងសភាពជាសម្តីបែបងឿងឆ្ងល់វិញផងដែរថា៖ «សារអ្វីទៀតហើយហ្នឹងបង! ពេលនេះខ្ញុំគ្មានបញ្ហាជារឿងអ្វីកើតឡើងមិនល្អ និងផលលំបាកអ្វីនោះទេ! អ្វីៗគ្រប់យ៉ាងគឺធម្មតា! ឬមួយក៏ពេលបានឃើញសារនោះភ្លាម ក៏គិតថាប្តីប្រពន្ធយើងបែកគ្នាមែន?!»។
មិនបង្អង់យូរ អ្នកនាង ពេជ្រ សោភា ក៏បកស្រាយមន្ទិលបង្កប់ក្នុងសារខាងលើភ្លែតថា៖ «តាមពិតសាររបស់នាងខ្ញុំ មានន័យតាមបែបធម្មតារបស់នាងខ្ញុំថា មនុស្សម្នាក់ៗតែងតែមាននូវអ្វីជាសភាពធម្មជាតិជាមនុស្សដើម្បីសម្រេចនូវក្តីប្រាថ្នារៀងៗខ្លួន។ សារនេះគ្រាន់តែចង់បញ្ជាក់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរី-ភាពក្នុងការគិតគូររឿងអ្វីមួយដោយខ្លួនឯង តែប៉ុណ្ណោះ មិនមានអ្វីពាក់ព័ន្ធនឹងរឿងសម្ព័ន្ធភាពគ្រួសារខ្ញុំនោះទេ!»៕PS