តាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៥០០នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋានចំនួន៣៥០នាក់ និងយោធភូមិភាគពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកចំនួន១៥០នាក់ ដោយសេចក្តីសម្រេចលេខ៧២សសរ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ។

បញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបច្ចុប្បន្ណ ត្រូវបានដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការ ។ ក្រៅពីកាន់មុខតំណែងជាបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាននោះ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាយទាហានថ្នាក់នាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០៤៤៤ ក៏បានកាន់កាប់តួនាទីបន្ថែមជាអគ្គមេបញ្ជាការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យបុរសខ្លាំងជានាយករដ្ឋមន្ត្រី មានឋានៈស្មើទេសរដ្ឋមន្ត្រីផងដែរ ។

គួររំលឹកជូនថា កាលពីពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន១០០នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់បុរសខ្លាំង ជាមេបញ្ជាការ ដោយសេចក្តីសម្រេចលេខ៦៣សសរ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ៕