វីរជនសង្គ្រោះកុមារនៅស្ទឹងមានជ័យ បានទទួលមរណភាព
មនុស្សចាស់នៅកណ្ដាលគេនេះ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ និងភរិយា។ (រូបថតលើហ្វេសប៊ុក)
ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដែលបានជួយសង្គ្រោះកុមារខ្សត់ខ្សោយខ្មែរ ជាច្រើនម៉ឺននាក់ បានលាចាក ពីលោកយើងហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលាម៉ោង ១៨ និង ៥៨ នាទីល្ងាច ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការអះអាង នៅប្រមាណជាមួយម៉ោងមុននេះ របស់ទំព័រហ្វេសប៊ុកផ្លូវការ នៃអង្គការនេះ នៅក្នុងប្រទេសកម្ពុជា និងអះអាងបន្ថែម ដោយអ្នកស្និតនឹងអង្គការខាងលើ ជាច្រើននាក់ទៀត។
សេចក្ដីប្រកាសព័ត៌មាន ដែលផ្សាយនៅលើទំព័រហ្វេសប៊ុកនោះ បានសរសេរជាអាថ៌ថា៖
«លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des PALLIERES) ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាព ដោយរោគាពាធ»។
វីរភាពនៃស្វាមី-ភរិយា ដេប៉ាលីយ៉ែរ ជាតិបារាំងទាំងពីរនាក់ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ១៩៩៥ ខណៈពេលដែលអ្នកទាំងពីរ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌មួយ។ នៅក្នុងឯកសារ ស្ដីពីប្រវត្តិរបស់អង្គការដើម្បីភាពញញឹមនៃកុមារ បានសរសេរថា៖
«នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៩៥ កុមារខ្សត់ខ្សោយជាច្រើននាក់ បានចាប់ដៃលោក គ្រីស្យង់ នាំទៅកាន់កន្លែងបំពេញការពាររបស់ពួកគេ កន្លែងនោះ គឺទីចាក់សម្រាមដ៏ធំជាងគេ នៃរាជធានីភ្នំពេញ។ ជាមួយនឹងភាពស្រយ៉ុតស្រយ៉ង់ លោក គ្រីស្យង់ បានឃើញកុមារខ្មែរជាច្រើននាក់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រមែប្រមូលកាកសំណល់ នៅក្នុងស្ថានភាព ដ៍កខ្វក់ហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណឹង កុមារខ្លះកំពុងទទួលទាន កាកសំណល់នោះថែមទៀត។»
ចាប់ពីពេលនោះហើយ ដែលលោក និងអ្នកស្រី ដេប៉ាលីយ៉ែរ បានសម្រេចចិត្តសង្គ្រោះកុមារខ្សត់ខ្សោយខ្មែរទាំងនោះ ពីស្ថានភាពដ៏ខ្លោចផ្សារនេះ តែគេត្រូវរង់ចាំរហូត ដល់រដូវក្ដៅ (រដូវវស្សា នៅកម្ពុជា) ឆ្នាំ១៩៩៦ ទើបមណ្ឌលសង្គ្រោះមួយ បានចាប់ផ្ដើមដំណើរការដំបូងរបស់ខ្លួន ជាមួយនឹងកុមារទុរគត ចំនួនជាង២០នាក់។
រហូតមកដល់ថ្ងៃនេះ និងជារៀងរាល់ថ្ងៃ កុមារខ្មែរច្រើនជាង ៦០០០នាក់ កំពុងត្រូវបានអង្គការនេះ ទទួលមកអប់រំសិក្សា ផ្ដល់ជម្រក និងអាហារ។ ការសិក្សាទាំងនោះ មានកម្រិតស្មើរ នឹងការសិក្សាក្នុងគ្រឹះស្ថានចំណេះទូទៅនានា ក្នុងប្រទេសកម្ពុជា។ កុមារខ្លះទៀត កំពុងក្រេបជញ្ជក់ នូវជំនាញតាមការចង់បានរបស់គេ ពីក្នុងចំណោមជំនាញទាំង២៨ ដែលផ្ដល់ដោយអង្គការ ហើយថែមទាំងទទួលស្គាល់ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះទៀត។
ស្លាប់នៅកម្ពុជា ធ្វើបុណ្យនៅកម្ពុជា...
ប៉ុន្តែពេលនេះ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក គ្រីស្យង់ ដែលកុមារខ្មែរទាំងនោះ ធ្លាប់ហៅ «ប៉ាប៉ា» ឬ«ប៉ាពី (Papy = លោកតា)» បានលាលោកនេះទៅរហូតហើយ។ សពលោក នឹងត្រូវដម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអសយដ្ឋាន ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។ សពនឹងត្រូវដង្ហែ ទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៣ រសៀល៕
» វីដេអូខ្លី ស្ដីពីអង្គការដើម្បីភាពញញឹមនៃកុមារ៖
ប្រភពmonoroom