យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ នៃទីក្រុងស្កុកខុម (SIPRI) ស្ថាប័នឯករាជ្យ ដែល សិក្សាលើសន្តិសុខពិភពលោក បានបង្ហាញនូវការសិក្សាមួយថា ឥណ្ឌា គឺជាប្រទេសដែលនាំចូល ឬទិញអាវុធច្រើនជាងគេបំផុតក្នុងលោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺវៀតណាម ប្រទេសភូមិផងជាមួយកម្ពុជា និងជាប្រទេសអាស៊ានតែមួយគត់ដែលជាប់ក្នុងចំណាត់ថ្នាក់ ប្រទេសទាំង៨ដែលទិញអាវុធច្រើនជាងគេបំផុត។
យោងតាមតារាងបង្ហាញថា ទ្វីបអាស៊ី គឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតក្នុងលោក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១១ ដល់២០១៥)។ ឥណ្ឌា ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី២ ហើយត្រូវប្រឈមនឹងយក្សយោធាពីរជាប់របងខ្លួនផង គឺប្រទេសចិន និងប៉ាគីស្ថាន បាននាំចូលអាវុធរហូតដល់១៤% នៃចំណែកពិភពលោក។ លើសពីនេះការនាំចូលច្រើនរបស់ឥណ្ឌា ក៏ដោយសារ ការផលិតអាវុធដោយខ្លួនឯង នៅមានកម្រិតទាប និងបរិមាណតិចនៅឡើយ។
ប្រទេសរុស្ស៊ីបានក្លាយជា អ្នកផ្គត់ផ្គង់អាវុធធំជាងគេសម្រាប់ឥណ្ឌា ហើយបន្ទាប់មកគឺអាមេរិច។ ប៉ុន្តែសម្រាប់អាមេរិច ការនាំចូលទៅឥណ្ឌា មានការកើនឡើងច្រើនបំផុត ពោលគឺ១១ដងលើស កាលពី៥ឆ្នាំមុន (២០០៦-២០១០)។
តាមតារាងនេះ វៀតណាម ឈរលេខ៨ ដែលបានទិញអាវុធច្រើនជាងគេបំផុត ដោយកាត់ចំណែករហូតដល់ជិត៣%។ ការនាំអាវុធចូលច្រើនបែបនេះ ត្រូវបានគេមើលឃើញដោយសារ ការប្រឈមនឹងមហាយក្សចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ លើសពីនេះ មហិច្ឆតាចង់ធ្វើបងធំក្នុងតំបន់ឥណ្ឌូចិន និងជាជើងខ្លាំងនៅតំបន់អាស៊ាន និងការពង្រឹងអំណាចនៃបក្សកុម្មុយនិស្ថ ក៏អាចជាមូលហេតុនៃការទិញអាវុធដ៏ច្រើនសន្ធឹកសន្ធប់បែបនេះដែរ។
ប្រភព៖ defensenews.com និង independent.co.uk
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)