ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦នេះថា ការដែលគណបក្សសង្រ្គោះជាតិ (CNRP) នឹងស្នើទៅក្រសួងយុត្តិធម៌ ឲ្យផ្ដល់បញ្ជីឈ្មោះជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៦នេះ គ្រាន់តែជាការបង្ករឿង មិនចេះចប់មិនចេះហើយ តែប៉ុណ្ណោះ។
ការថ្លែងប្រតិកម្ម របស់អ្នកនាំពាក្យ គណបក្សប្រជាជន បែបនេះ បានធ្វើឡើងបន្ទាប់ពី លោកអេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើង ក្នុងវេទិកានយោបាយ ស្តីពី ដំណើរការបោះឆ្នោត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការកណ្ដាល គណបក្ស ថា ដើម្បីរួមចំណែក ក្នុងការជំរុញឲ្យ ដំណើរការបោះឆ្នោត នាពេលខាងមុខ កាន់តែប្រសើរឡើងនោះ គណបក្សសង្គ្រោះជាតិ នឹងមានវិធានការមួយចំនួន ដូចជា៖« ទី១ ក្រុមតំណាង គណបក្សសង្គ្រោះជាតិ នឹងធ្វើលិខិតមួយតាមរយៈ ប្រធានរដ្ឋសភា ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំឲ្យក្រសួង បង្ហាញផ្តល់បញ្ជីជនបរទេស ដែលបានធ្វើសញ្ជាតិតូបនីយកម្ម ក្នុងគោលបំណងចង់ដឹងថា តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ តើប្រទេសកម្ពុជា បានផ្តល់សញ្ជាតិតូបនីកម្ម ប៉ុន្មានរយនាក់ ។ ទី២ គណបក្សសង្គ្រោះជាតិ នឹងធ្វើសំណើរ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើចាត់វិធានការ ចំពោះការផ្តល់អត្តសញ្ញាណបណ្ណ ដែលមិនស្រប តាមនីតិវិធីច្បាប់ ហើយគណបក្ស នឹងសហការជាមួយ ក្រសួងមហាផ្ទៃ ឲ្យផ្តល់ឈ្មោះជនបរទេសណា ដែលរកឃើញថា ប្រើប្រាស់អត្តសញ្ញាណបណ្ណ មិនស្របតាមច្បាប់ ។ ទី៣ គណបក្សនឹងពឹងពាក់មេធាវី ដើម្បីរៀបចំសំណុំរឿង ប្តឹងជន បរទេសទំាងឡាយណា ដែលទៅចុះឈ្មោះបោះឆ្នោត តាមរយៈ ការប្រើប្រាស់ អត្តសញ្ញាណបណ្ណ ខុសនីតិវិធី និងទី៤ គណបក្សនឹងណែនំា ដល់ភ្នាក់ងារគណបក្ស ទំាងអស់ ដែលឃ្លំាមើល ដំណើរការចុះឈ្មោះបោះឆ្នោត ស្រង់ឈ្មោះជនបរទេស ដែលមកចុះឈ្មោះបោះឆ្នោត» ។
លោក សុខ ឥសាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា" ខ្ញុំថាការលើកឡើង របស់គាត់ គ្រាន់តែជាការបញ្ចេញមតិផ្ទាល់ខ្លួន ក្នុងគណបក្សតែប៉ុណ្ណោះ ចង់ឲ្យមិនចង់ឲ្យតាមសំណើ របស់គាត់ ជាសិទ្ធិរបស់ក្រសួងមហាផ្ទៃ ។ រឿងវាកើតឡើងមិនចេះចប់ អាហ្នឹងគាត់បង្កើតបញ្ហា មិនចេះចប់ ផុតពីមួយចូលមួយៗ ។ បញ្ហាមិនចេះចប់ ឯណាតាំងពីបង្កើត គណបក្សសមរង្ស៊ី រហូតមកដល់ពេលនេះ ទោះបីប្រែក្លាយទៅជា គណបក្សសង្រ្គោះជាតិ ក៏ដោយ គឺគាត់បង្កើតបញ្ហារហូត មិនចេះចប់"៕
យោងតាមស្ថិតិ ជនបរទេស ដែលបានបណ្ដេញ ចេញពីកម្ពុជា របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបណ្ដេញជនជាតិ វៀតណាម ចេញពីប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៦ មានចំនួន ១,៨៩៣នាក់ បើធៀបជាមួយ ឆ្នាំ២០១៥ មានចំនួន ៦,២៦៥នាក់ ចំនួននេះមានការ ធ្លាក់ចុះយ៉ាងខ្លាំង ។
ប្រភពដដែលបាន ឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦កម្ពុជាបានបណ្ដេញ ជនបរទេសចេញពី ប្រទេស មានចំនួន ១០,៧៨៧នាក់ ស្រីចំនួន១,៧០៤នាក់ ចំនួនសញ្ជាតិ៦៨ ជនជាតិវៀតណាម ចំនួន៩,២១៧នាក់ ស្រី១,៥៥៤នាក់៕
