(ភ្នំពេញ) ៖ សមាជិកសភាខ្មែរ-អូស្ត្រាលីប្រចាំរដ្ឋវ៉ិកតូរីយ៉ា(Victoria) លោក ហុង លីម នៅតែប្រកាន់ជំហរយ៉ាងមុតមាំចំពោះការបញ្ចេញមតិរបស់លោក ដែលថា របបដឹកនាំសព្វថ្ងៃ ជារបបតិរច្ឆាន ទោះបីមានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិនិងក្រុមអង្គការ-សមាគមជាច្រើនរបស់កម្ពុជាយ៉ាងណាក៏ដោយ។
ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា និងសមាគមកម្ពុជា បានថ្កោលទោស ចំពោះការថ្លែងរបស់លោក ហុង លីមដែលហៅរបបដឹកនាំនៅកម្ពុជាថាជារបបតិរច្ឆាននោះ ជាការមួលបង្កាច់ការពិត ហើយទាមទារឲ្យលោក ហុង លីម សុំទោស ជាសាធារណៈ។
លោក ហុង លីម បន្ដទៀតថា គ្មានផ្លូវណាដែលត្រូវឲ្យលោកសុំទោសចំពោះពាក្យសំដីរបស់លោក ដែលចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ជារបបតិរច្ឆាននោះឡើយ។
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃម្សិលមិញ បានថ្កោលទោសលោកហុង លីម តំណាងរាស្ត្រ នៃរដ្ឋVictoria ប្រទេសអូស្ត្រាលី សញ្ជាតិដើមជាជនជាតិខ្មែរ ដែលបានប្រើប្រាស់ភាសាអសីលធម៌ អគតិ គ្មានឧត្តមគិតិចាតិ និងប្រជាជន ខ្វះការគោរពសិទ្ធិមនុស្សព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ យ៉ាងធ្ងន់ធ្ងរ។
ចំណែកអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ដោយថ្កោលទោសចំពោះ លោក ហុង លីម ដែលបានប្រៀបប្រដូចរបបនៅកម្ពុជាថា ជារបបតិរច្ឆាន ដោយរដ្ឋសភាបានចាត់ទុកថា នេះជាការប្រមាថ និងបួលបង្កាច់ធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ហើយផ្ទុយនឹងការពិតទាំងស្រុង។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី ដែលនិយាយជា ខេមរភាសាដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជាជារបបតិរច្ឆាន»៕
សមាជិកសភាខ្មែរ-អូស្ត្រាលីប្រចាំរដ្ឋវ៉ិកតូរីយ៉ា(Victoria) លោក ហុង លីម
www.rasmeinews.com/local/MGE1MWMxZT/18#sthash.tAsoLmx4.dpuf




