សម្រាប់មន្ត្រីរដ្ឋាភិបាល ការប្រៀបធៀបរបបដឹកនាំកម្ពុជាសព្វថ្ងៃ ថាមានលក្ខណៈ«តិរច្ឆាន» គឺជាការទទួលយកមិនបាន និងជាការម៉ាក់ងាយដ៏ធ្ងន់ធ្ងរ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានហៅការលើកឡើងបែបនោះ របស់តំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ លោក ហុង លីម ថាពោរពេញដោយ ឥរិយាបថ«ពាល» និងចរិក«ថោកទាប»។
លោក ហុង លីម សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ថ្លែងនៅក្នុងពិធីក្នុងប្រទេសអូស្ត្រាលី។ (រូបថតផ្តិតពីវីដេអូ)
- ដោយ: ដារា រិទ្ធ
- August 06, 2016
ប៉ះពាល់ដល់របបដឹកនាំនៅភ្នំពេញ គឺប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល រាប់បញ្ចូលទាំង ព្រះមហាក្សត្រ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ។ ហើយការលើកឡើង ពីការប្រៀបធៀបរបបនេះ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ«តិរច្ឆាន»នោះ គឺជាការលើកឡើង ដែលមានឥរិយាបទ«ពាល» និងមានចរិត«ថោកទាប»។ ទាំងនេះ ជាអ្វីដែលគេអាចអាន និងយល់បាន នៅក្នុងលិខិតចំហរមួយ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ប្រតិកម្មទៅនឹងការថ្លែងមួយ របស់លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ។
នៅក្នុងកិច្ចសម្ភាសមួយ ដែលតំណាងរាស្ត្រ និងជាសមាជិកសភាអូស្ត្រាលីរូបនេះ ផ្ដល់ទៅឲ្យវិទ្យុអាស៊ីសេរីផ្សាយជាភាសាខេមរភាសា លោក ហុង លីម បានធ្វើការប្រៀបធៀប និងចាត់ទុករបបដឹកនាំ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ថាមានលក្ខណៈ«តិរច្ឆាន»។ ការលើកឡើងនោះ ជាការវាយតម្លៃរបស់លោក ហុង លីម ទៅនឹងហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក។ លោក ហុង លីម បានថ្លែងនៅក្នុងកិច្ចសម្ភាសនោះថា៖ «យើងសង្ឃឹមថា ឃាតកម្មទៅលើគាត់ហ្នឹង (លោក កែម ឡី) នឹងធ្វើឲ្យយើង មានចិត្តកាន់តែតស៊ូឡើង ព្រោះជាតិយើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវសម្បូរសប្បាយជាងនេះ ជាងសព្វថ្ងៃ មិនត្រូវមានលក្ខណៈរបៀបដូចតិរច្ឆាន ដូចសព្វថ្ងៃនេះទេបាទ»។
ជាប្រតិកម្មតបវិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានពន្យល់នៅក្នុងលិខិតចំហរ ចុះថ្ងៃទី៥ ខែសីហាថា៖ «អ្នកជំនួញធំៗ និង អ្នកនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានគតិយុត្តិធម៌ ចំពោះ ភាពសុច្ចរិត និងតថភាព របស់ខ្មែរបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាស និងស្ថានភាពល្អ របស់កម្ពុជា ដែលគេមានសេចក្ដីរីករាយ និងមានសង្ឃឹមលើកិច្ចសហការ ក៏ដូចជាបំណង នៃការបណ្ដាក់ទុនរកស៊ី នៅក្នុងកម្ពុជា។ បំណងរបស់ពាណិជ្ជករទាំងអស់នោះ គឺបង្ហាញជាសារធារណៈ នូវស្ថានភាពអំណោយផល នៅក្នុងធុរកិច្ចរបស់ពួកគេ គឺទាំងកិច្ចពាក់ព័ន្ធនឹងផ្លូវច្បាប់ ក៏ដូចជាបញ្ហាពុករលួយ ដែលគេតែងតែចោទប្រកាន់ផងដែរ។»។
មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី ដែលជាស្ថាប័នដៃស្ដាំមួយ របស់នាយករដ្ឋមន្ត្រីចាស់វស្សាកម្ពុជា លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំពិតប្រាកដមិនជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្ត្រាលី "Angela Corcoran" ដែលឈរជើងនៅកម្ពុជា រួមជាមួយនឹងស្ថានទូតបរទេសចំនួនរាប់សិប ដែលកំពុងតែបំបេញបេសកកម្ម ការងារទូតរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននោះ ប្រាកដធ្វើការជាមួយរបបតិរច្ឆាននេះឡើយ។ សូម្បីតែអង្គការសហប្រជាជាតិ ក៏ពុំបានវាយតម្លៃមកលើ ប្រទេសកម្ពុជាដល់ថ្នាក់នេះដែរ។ សូមលោកតំណាងរាស្រ្ត ហុង លីម ពិចារណាអំពីឥរិយាបថ (ពាល) របស់លោក សារជាថ្មីម្ដងទៀត។»។
បន្ទាប់មក លោក ផៃ ស៊ីផាន បានវាយបក ត្រឡប់ទៅលោក ហុង លីម វិញថា៖ «គួរអោយសោកស្ដាយបន្ថែមទៀតនោះ គឺប្រជាពលរដ្ឋអូស្រ្តាលី ដែលមានឈាមជ័រប្លែកៗគ្នា បានផ្ដល់សេចក្ដីគាំទ្រ និងទុកចិត្ត តាមរយៈសន្លឹកឆ្នោត ដែលគេសង្ឃឹមថា លោក ហុង លីម ជាមនុស្សថ្លៃថ្នូរ ដែលមិនគួរមានចរិតថោកទាប ប្រើពាក្យ"ពាល"លាបពណ៌កម្ពុជាបច្ចុប្បន្ន ដូច្នេះនោះទេ ហើយអំពើនេះ ក៏អាចធ្វើឲ្យមានភាពអាម៉ាស និង ស្រអាប់ពណ៌ ដល់ប្រជាពលរដ្ឋអូស្រ្តាលីមួយចំនួន ដែលមានអ្នកតំណាងរបស់ខ្លួន អសីលធម៌ ដូចលោក ហុង លីម បែបនេះ»។
ជាមួយនឹងក្ដីសង្ឃឹមថា ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើការប្រតិកម្ម ក្នុងករណីនេះនោះ មន្ត្រីរដ្ឋាភិបាលដដែល បានសម្ដែងការប្ដេជ្ញាចិត្ត ក្នុងនាម«មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ និងពាណិជ្ជករទាំងអស់» ក្នុងប្រទេសកម្ពុជាថា៖ «យើងខ្ញុំ (...) ពុំអាចទទួលយកបាន ចំពោះការប្រើប្រាស់ពាក្យ"ពាល" ប្រកបដោយឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឫ សក្ដិសម និងសីលធម៌ គុណធម៌ ដែលជាអ្នកតំណាងរាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាព ជាមួយនឹងការងារទូតនៃទំនាក់ទំនង និងសហប្រតិបត្តិការល្អ រវាងកម្ពជា និងអូស្រ្តាលី នោះឡើយ»៕
--------------------http://monoroom.info/news/post/7387#sSeXAFWZl7iz7Rxu.99
