ក្រសួងមហាផ្ទៃមើលរំលង ធី សុវណ្ណថា ប្រើប្រាស់ស្លាកអង្គការបង្កើតវេទិកា “ស្ទង់មតិ” និង “វាយប្រហារ” បក្សនយោបាយប្រឆាំងរបៀបរើសអើង
កាលពីចុងឆ្នាំ២០១៥កន្លងទៅ តាមសំណើរបស់កញ្ញា ធី សុវណ្ណថា ក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះ "អង្គការយុវជនកិច្ចការសង្គម" ក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ឲ្យក្លាយជានីតិបុគ្គលពេញលក្ខណៈច្បាប់ ដោយប្រកាសលេខ១០២៩៦ប្រក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ដែលក្នុងប្រការ២នៃប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនេះ បានបញ្ជាក់ថា "អង្គការយុវជនកិច្ចការសង្គមត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ ។ " ។

យោងតាមសកម្មភាពជាក់ស្តែងរបស់កញ្ញា ធី សុវណ្ណថា ក្នុងនាមជាប្រធានអង្គការយុវជនកិច្ចការសង្គមនោះ គឺបានបង្ហាញថា សឹងគ្រប់សកម្មភាពបានធ្វើការ "ស្ទង់មតិ" និង "វាយប្រហារ" ទៅលើគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ តាមរបៀបរើសអើស ផ្ទុយទៅនឹងគោលការណ៍អនុញ្ញាតចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។

ប្រិយមិត្តអ្នកលេង Facebook ដ៏សកម្មមួយចំនួន បានធ្វើការ Comments ថា "ឈ្មោះជាប្រធានអង្គការ បែរជាយកវេទិកាសាធារណៈធ្វើការស្ទង់មតិ និងវាយប្រហារទៅលើគណបក្សនយោបាយម្ខាងពោរពេញទៅដោយភាពរើសអើង ផ្តល់ភាពចំណេញដល់គណបក្សនយោបាយម្ខាងទៀតដែលហុចប្រយោជន៍ឲ្យខ្លួនទៅវិញ " ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា៤ កថាខណ្ឌទី២ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ គឺបានបញ្ញត្តិមិនឲ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធ្វើសកម្មភាពទាញយកចំណេញ ឬយកកម្រៃមកចែកគ្នាឡើយ ។ ផ្ទុយទៅវិញ ប្រធានអង្គការយុវជនកិច្ចការសង្គមឈ្មោះ ធី សុវណ្ណថា បែរជាធ្វើវេទិកាសាធារណៈ សំដៅស្ទង់មតិ និងវាយប្រហារទៅលើគណបក្សនយោបាយម្ខាង ដើម្បីឲ្យគណបក្សនយោបាយម្ខាងទៀតដែលអាច ឬទំនងជាខ្លួនគាំទ្រ បាន "ចំណេញនយោបាយ" តាមរបៀបរើសអើងយ៉ាងសកម្ម ប្រាសចាកពីស្មារតីនៃច្បាប់ និងប្រកាសរបស់ក្រសួងមហាផ្ទៃទាំងស្រុង ។

ដូច្នេះ សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាត្រួតពិនិត្យមើលទៅលើសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ដែលទើបទទួលរងការព្រមានពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតលេខ០០១/១៦កប/សជពម ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្នុងរឿងធ្វើសកម្មភាពសហជីពខុសច្បាប់ ដែលប្រើប្រាស់ស្លាកអង្គការបង្កើតវេទិកាសាធារណៈ "ស្ទង់មតិ" និង "វាយប្រហារ" គណបក្សនយោបាយម្ខាងៗ ជាពិសេសគណបក្សនយោបាយប្រឆាំងនៅកម្ពុជា តាមរបៀបរើងអើងធ្ងន់ធ្ងរនោះផង ដើម្បីកុំឲ្យមជ្ឈដ្ឋាននានារិះគន់ថា "មើលរំលងគ្នាឯង" ៕

