រាជធានីភ្នំពេញ ៖ តារាសម្តែងនាងសាតរស្មី បានចេញមុខវាយបកទៅអតីតស្វាមីលោក ជៀស ស្រួច ថា និយាយបំផ្លើសបង្ខូចកិត្តិយសនាង ។ សាត រស្មី ចង់ឲ្យជៀស ស្រួចកែប្រែពាក្យសំដីជាសាធារណៈ ហើយអំពាវនាវដល់អ្នកដែលរិះគន់នាងឈប់យល់អាក្រក់ចំពោះនាងទៀត ។
អតីតកីឡាករប្រដាល់ជៀស ស្រួច ដែលធ្លាក់ខ្លួនក្រតោកយ៉ាកបានទម្លាក់កំហុសទៅលើអតីតភរិយា គឺតារាសម្តែងសាត រស្មី ថាដាច់ចិត្តដើរចោលលោកព្រោះតែលុយ និងចង់ប្រឡូកក្នុងអាជីពសិល្បៈ ។ ទទួលយកការចោទបែបនោះ មិនបាន តារាសម្តែង សាត រស្មី វាយបកទៅ ជៀស ស្រួច វិញថា «គ្រាន់តែជាការសម្តែងធ្វើឲ្យគេអាណិត ហើយការដែលឈានដល់លែងលះគ្នានោះ ព្រោះតែមិនអាចទ្រាំទ្រនឹងអំពើខ្វះគុណធម៌របស់គេបាន» ។
ការបង្ហាញមុខរបស់លោកជៀស ស្រួច បន្ទាប់ពីបាត់មុខជាង១០ឆ្នាំមកហើយ និងក្រោយពេលសាត រស្មី ទើបតែវិលចូលពិភពសិល្បៈវិញជាមួយនឹងតំណែងតួឯក។ អតីតកីឡាករប្រដាល់ជៀស ស្រួច បានរៀបរាប់អំពីទុក្ខសោក ការលំបាក ដែលប្រែក្លាយរូបលោកពីថៅកែហាង កីឡាករល្បី ជាតារាសម្តែងដែលមហាជនស្គាល់ច្រើន ធ្លាក់ខ្លួនក្លាយជាអ្នកស៊ីឈ្នួលលក់កម្លាំងពលកម្ម គឺជាកម្មករសំណង់ និងអូសរទេះដូរយកបាយហូបនៅតាមតំបន់ព្រំដែន ។
កីឡាករជៀស ស្រួច ក៏បង្ហាញពីអារម្មណ៍ឈឺចាប់ជុំវិញករណីភរិយាក្បត់ចិត្តរត់ចោលលោក ទៅរកអ្នកថ្មីព្រោះតែប្រាក់៣០០ដុល្លារ។ លោកជៀស ស្រួច បានទម្លាយឱ្យដឹងថាអតីតភរិយារបស់លោក គឺតារាសម្តែងថ្ពាល់ខួចនាង សាត រស្មី ។ ជៀស ស្រួច ថា ធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ជាមួយសាត រស្មី ប៉ុន្តែនាងដាច់ចិត្តចាកចេញពីលោកបន្ទាប់ពីរៀបការបាន២ខែប៉ុណ្ណោះ ។ មូលហេតុដែលរូបលោកធ្លាក់ខ្លួនរហូតមកថ្ងៃនេះ ព្រោះតែខូចចិត្តជាមួយនឹងអតីតប្រពន្ធ ដែលក្បត់ចិត្តខ្លួនលួចលាក់មានស្នេហាជាមួយកូនប្រុសលោកឧកញ៉ា ទាំងមិនគិតសោះថាខ្លួនមានប្ដី ។ ពេលដឹងរឿងនេះភ្លាម ជៀស ស្រួច ខូចចិត្តជ្រើសយកផ្លូវចុះចោលផ្ទះដើម្បីគេចចេញពីភាពអាម៉ាស់ ។ បន្ទាប់ពីចាកចេញពីគ្រួសារដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក ជៀស ស្រួច ក្លាយជាមនុស្សតែលតោលគ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់នៅខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះដឹកទំនិញនៅតំបន់ជាយដែនក្រុងប៉ោយប៉ែត ។
តារាសម្តែងនាងសាត រស្មី ទទួលស្គាល់ថា នាងជាអតីតភរិយារបស់លោកជៀស ស្រួចពិតមែន ប៉ុន្តែនាងបដិសេធសម្ដីចោទប្រកាន់នាងរបស់ជៀស ស្រួច ថា ពុំមែនជាការណ៍ពិតទេ ព្រោះអ្វីៗដែលបានកើតឡើងក៏មានកំហុសរបស់លោកជៀស ស្រួច ដែរ ។ សាត រស្មី ថា ជៀស ស្រួច ជាប់ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តអំពើមិនគប្បីចំពោះនាងច្រើនណាស់ ទើបត្រូវចែកផ្លូវគ្នាទាំងពាក់កណ្ដាលទី ។ ក្រោយលែងលះ ជៀស ស្រួច នៅតែតាមរករឿងនាង រហូតដល់ថ្នាក់យកកាំភ្លើងតាមរកបាញ់នាងទៀត ។
អតីតស្វាមីធ្លាក់ខ្លួនដល់ថ្នាក់នេះ សាត រស្មី អះអាងថា គឺដោយសារអំពើរបស់គេខ្លួនឯងខណៈដែលការលែងលះគ្នានោះ គឺដល់តុលាការត្រឹមត្រូវ ប៉ុន្តែលោកជៀស ស្រួច គេចចេញពីការកោះហៅរបស់តុលាការទាំងបីដង ទើបតុលាការសម្រេចឲ្យលែងលះគ្នាជាស្ថាពរ ។
សាត រស្មី កាលពីពេល ថ្មីៗកន្លងមកបញ្ជាក់ថា ក្រុមគ្រួសារនាង ពិសេសឪពុកនាង គឺជាអ្នកមានមុខមានមាត់ក្នុងសង្គម តើអាចក្លាយជាអ្នកលក់ខ្លួនដូចការចោទរបស់ជៀស ស្រួច ទេ។ ចំពោះការរៀបរាប់ពីការលំបាករបស់លោកជៀស ស្រួច នោះ សាត រស្មី ថា «គឺត្រឹមតែចង់បានក្តីអាណិតពីមហាជនប៉ុណ្ណោះ។ ការធ្លាក់ខ្លួនរបស់ជៀស ស្រួច គឺក្រោយពីស្រីបារាំង ដែលធ្លាប់ចិញ្ចឹមគេដកហូតយកហាងវិញ។ នាងខ្ញុំសូមស្នើមនុស្សពាក់ព័ន្ធនឹងការឆ្កឹះឆ្កៀលកកូរកកាយ និងសំអុយកេរ្តិ៍ឈ្មោះនាងខ្ញុំត្រូវតែសុំទោសជាសាធារណៈមុនពេលនាងខ្ញុំធ្វើចំណាត់ការទៅតាមផ្លូវច្បាប់» ។
មានមតិលើកឡើងដែរថា ក្នុងនាមជាមនុស្សប្រុសមិនគួរបើកកកាយរឿងរា៉វរបស់អតីតប្រពន្ធទេ បើទោះជាពិត ឬមិនពិតក្ដី ព្រោះបានចែកផ្លូវគ្នាយូរមកហើយ ៕
ប្រភព៖ Everyday
