អាមេរិកបង្ហាញវីដេអូសកម្មភាពកងនាវាច្រើនស្អេកស្កះ ល្បាតពេញមហាសមុទ្រប៉ាស៊ីហ្វិច
នាវាចម្បាំង និងនាវាមុជទឹកជិត ៥០ គ្រឿង យន្តហោះចម្បាំង ២០០ គ្រឿង និងកងទ័ព ២៥.០០០ នាក់មកពីប្រទេសចំនួន ២៦ បានប្រមូលផ្តុំគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិចសម្រាប់ការបង្ហាញអំណាចយោធាដ៏ធំ។ នេះបើតាមវេបសាយ Daily Mail ចេញផ្សាយកាលពីថ្ងៃទី ៤ សីហា។
កងកម្លាំងរួមគ្នាដោយសន្តិភាពតែគួរឱ្យខ្លាចនេះគឺធ្វើឡើងក្នុងសមយុទ្ធមួយហៅថា RIMPAC។ វាជាសមយុទ្ធពហុជាតិដឹកនាំដោយអាមេរិកធ្វើឡើងនៅក្បែរកោះហាវ៉ៃរៀងរាល់ពីរឆ្នាំម្តង តាំងពីឆ្នាំ ១៩៧១ ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវាងកងទ័ពជើងទឹក។
ប៉ុន្តែក្រោយមានភាពតានតឹងជុំវិញសមុទ្រចិនខាងត្បូង ដែលបានផ្ទុះឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការបង្ហាញសមយុទ្ធនេះតាមសេចក្តីរាយការណ៍ក៏រួមបញ្ចូលទាំងទ័ពជំនួយមកពីចិនផងដែរ បើទោះបីមានការអំពាវនាវកុំឱ្យអញ្ជើញប្រទេសនេះចូលរួមក៏ដោយ។
កងទ័ពជើងទឹកអាមេរិកនិយាយថា សមយុទ្ធនេះរៀបចំដោយមេបញ្ជាការកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិច (US Pacific Fleet) និង អនុវត្តដោយមេបញ្ជាការនៃកងនាវាទីបីរបស់អាមេរិក (US 3rd Fleet)។
លំហាត់កងទ័ពជើងទឹកលើកទី ២៥ ឆ្នាំនេះរួមមានអង្គភាព និង ទាហានមកពីអូស្ត្រាលី ព្រុយណេ កាណាដា ឈីលី កូឡំប៊ី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ហូឡង់ នូវែសេឡង់ ន័រវែស ប៉េរូ កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហបុរី ថៃ តុងហ្គា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប៉ុន្តែក៏មានទ័ពជំនួយចិនខ្លះៗដែរ៕
ប្រភព៖ dailymail