ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១៤:៣៩ (09-08-2016 14:39)
យោងតាម YONHAP ថា មីស៊ីលបណ្តែតអាកាស-ដីរបស់អាល្លឺម៉ង់ធុន TAURUS នឹងត្រូវដាក់ពង្រាយនាបណ្តាខែខាងមុខក្នុងផ្ទៃកងទ័ពអាកាសកូរ៉េខាងត្បូង ។
មីស៊ីលធុននេះបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រអាចធ្វើការវាយប្រហារកណ្តាលក្រុងព្យុងយ៉ាងពីយន្តហោះប្រដេញមួយគ្រឿងដែលហោះឆ្ងាយពីគោលដៅ ។ យោងតាមអាជ្ញាធរយោធាកូរ៉េខាងត្បូងថា មីស៊ីលបណ្តែតធុន TAURUS ជាច្រើនសិបគ្រាប់នឹងបញ្ជូនមកពីអាល្លឺម៉ង់រយៈពេល២ឬ៣ខែខាងមុខ ខណៈដែលមីស៊ីលធុននេះទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់រួចហើយ ។ ដូច្នេះមីស៊ីលធុននេះអាចត្រូវប្រើក្នុងប្រតិបត្តិការនានារហូតដល់ក្នុងករណីមានការបង្កហេតុរបស់កូរ៉េខាងជើងផង ។
មន្ត្រីម្នាក់នៃកងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា ប្រសិនបើមីស៊ីល TAURUS បញ្ចូលឱ្យប្រើ មីស៊ីលនេះនឹងអាចវាយប្រហារបានត្រង់លើដែនដីកូរ៉េខាងជើងទាំងមូល ។ យន្តហោះប្រដេញធុន F-15K ប្រដាប់ដោយមីស៊ីលនោះនឹងអាចវាយប្រហារមូលដ្ឋានមីស៊ីល MUSUDAN ក្នុងតំបន់ HWADAE ខេត្ត HAMGYONG ខាងជើងចន្លោះពេលត្រឹមតែ១៥នាទី ។ អ្នកទទួលខុសត្រូវម្នាក់នៃក្រុមហ៊ុនផលិតមីស៊ីលអាល្លឺម៉ង់និយាយថា មីស៊ីលបណ្តែត TAURUS អាចបំបាំងខ្លួន ហើយវាអាចវាយប្រហារក្រុងព្យុងយ៉ាងពីដែនអាកាសតំបន់ DAEJEON របស់កូរ៉េខាងត្បូង ឬពីសមុទ្រខាងកើត ឬពីសមុទ្រលឿង ។ មីស៊ីល TAURUS មានប្រវែង៥,១ម៉ែត្រអាចបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រ ហើយមានទម្ងន់សរុប១,៤០០តោន ។ វាអាចហោះហើរក្នុងកម្ពស់យ៉ាងទាបត្រឹម៤០ម៉ែត្រ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
