ជំនួបកំពូលជប៉ុន និងអាហ្រ្វិកលើកទី៦ រយៈពេល ២ថ្ងៃបានចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៧ សីហាក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ជំនួបកំពូលដែលចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាហ្រ្វិកប្រមាណជា ៤០រូប តំណាងអង្គការសហប្រជាជាតិ សហភាពអាហ្រ្វិក និងធនាគារពិភពលោក រួមទាំងប្រធានក្រុមហ៊ុន និងក្រុមអ្នកជំនាញជប៉ុនគ្រាក់ៗជាច្រើនរយនាក់ផង។ ជំនួបកំពូលជប៉ុន អាហ្រ្វិកលើកទី៦ ត្រូវបានគេចាត់ទុកជាប្រវត្តិសាស្រ្ត និងជាសក្ខីកម្មថ្មីដែលបញ្ជាក់ពីការលូកដៃកាន់តែជ្រៅរបស់ជប៉ុននៅក្នុងទ្វីបមួយដែលជាដែនដីប្រពៃណីរបស់ចិន។
ជំនួបកំពូលជប៉ុន អាហ្រ្វិកឆ្នាំនេះត្រូវបានគេចាត់ទុកជារឿងប្រវត្តិសាស្រ្តព្រោះតាំងពីមានជំនួបកំពូលជប៉ុន អាហ្រ្វិកលើកដំបូងក្នុងឆ្នាំ ១៩៩៣ មក នេះជាលើកទី១ដែលជំនួបកំពូលត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសកេនយ៉ាទឹកដីអាហ្រ្វិក។ ជម្រើសប្រទេសកេនយ៉ាមិនមែនជាជម្រើសចៃដន្យ ព្រោះជាប្រទេសដែលកំពុងមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងសកម្មជាមួយជប៉ុន។ កេនយ៉ាលក់ឲ្យជប៉ុននូវវត្ថុធាតុដើមដើម្បីប្តូរយកបច្ចេកវិទ្យាជាន់ខ្ពស់របស់ជប៉ុន ហើយគឺនៅក្នុងទឹកដីកេនយ៉ាដែលទីភ្នាក់ងារពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជប៉ុនបានបោះទីតាំងនៅទីនោះ។
របៀបវារៈសំខាន់ៗនៅក្នុងជំនួបកំពូលជប៉ុន អាហ្រ្វិកលើកទី៦ មានចំនួន ៣ ទី១ ការធ្វើឧស្សាហូបនីយកម្មនៃទ្វីបអាហ្រ្វិកតាមរយៈការជួយបង្កើនសកម្មភាពសេដ្ឋកិច្ចចម្រុះដែលអាហ្រ្វិកមាន ទី២ បង្កើនកំណែទម្រង់លើវិស័យសុខាភិបាលក្នុងទ្វីបអាហ្រ្វិកដែលឧស្សាហ៍ជួបប្រទះនឹងជម្ងឺឆ្លងផ្សេងៗ និងទី៣ បង្កើនស្ថិរភាពទ្វីបអាហ្រ្វិកដែលកំពុងគ្របដណុ្តប់ដោយវិបត្តិគ្រប់ជំពូក។ តាមផែនការដែលបានគ្រោងទុក មានពិធីសារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាង ៧០ ដែលជប៉ុន និងប្រទេសអាហ្រ្វិកគ្រោងចុះហត្ថលេខានៅក្នុងឱកាសជំនួបកំពូលដែលត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២៨ សីហា។
ការធ្វើឧស្សាហូបនីយកម្មនៃទ្វីបអាហ្រ្វិកត្រូវបានគេចាត់ទុកជាប្រធានបទចម្បងសម្រាប់អភិវឌ្ឍន៍ទ្វីបអាហ្រ្វិក។ នៅក្នុងសន្និសីទកាសែតរួមគ្នារវាងលោកនាយករដ្ឋមន្រ្តីជប៉ុនស្ហ៊ីនហ្សូ អាបេ និងលោកប្រធានាធិបតីកេនយ៉ាយូរូ កេនយ៉ាតា លោកអាបេអះអាងថា ឧស្សាហូបនីយកម្មនៃទ្វីបអាហ្រ្វិកជាគន្លឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ចំណែកលោកកេនយ៉ាតាបានសារភាពត្រង់ៗថា ឧស្សាហូបនីយកម្មនៃទ្វីបអាហ្រ្វិកបានធ្វើឲ្យប្រទេសអាហ្រ្វិកមួយចំនួនគេចផុតពីភាពក្រីក្រ តែបានទទួលស្គាល់ថា ទ្វីបអាហ្រ្វិកនៅមិនទាន់បានប្រើប្រាស់ដល់កម្រិតសក្តានុពលដែលខ្លួនមាននៅឡើយទេ។
ទ្វីបអាហ្រ្វិកបានក្លាយជាទីផ្សារប្រកួតប្រជែង
ក្រៅពីប្រទេសជប៉ុនដែលបាន និងកំពុងសំឡឹងឃើញប្រយោជន៍នៅទ្វីបអាហ្រ្វិក ក៏នៅមានប្រទេសផ្សេងទៀត ដូចយ៉ាងឥណ្ឌា តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីណារ៉េនដ្រា ម៉ូឌីកាលពីខែកក្កដាកន្លងទៅ និងប្រទេសកូរ៉េខាងត្បូងតាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតីប៉ាក់ គុនហេក្នុងខែឧសភា។ ចាប់ពីពេលនេះតទៅ ទ្វីបអាហ្រ្វិកលែងជាទីផ្សារផ្តាច់មុខរបស់ប្រទេសណាមួយទៀតឡើយ ពោលជាទីផ្សារប្រកួតប្រជែងដែលអ្នកណាហ៊ានស៊ី ហ៊ានសងនឹងប្រាកដជាឈ្នះ។
ជប៉ុនត្រូវបានគេមើលឃើញជាប្រទេសដែលហ៊ានស៊ី ហ៊ានសងខ្លាំងជាងគេ ព្រោះជប៉ុនហ៊ានចាយលុយ។ ខុសពីប្រទេសមួយចំនួនដែលចង់បានប្រយោជន៍មុន មុននឹងឲ្យលុយ ជប៉ុនបានចាយលុយមុនដើម្បីទាញយកប្រយោជន៍តាមក្រោយ និងសម្រាប់រយៈពេលយូរអង្វែង។ ជាក់ស្តែងនាជំនួបកំពូលឆ្នាំ ២០១៦នេះ លោកនាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសបោះទុនវិនិយោគនៅអាហ្រ្វិកក្នុងទឹកប្រាក់ ៣០ ០០០លានដុល្លារសម្រាប់រយៈពេល ៣ឆ្នាំ ពីឆ្នាំ ២០១៦ ទៅ ២០១៨ ក្នុងនោះ មាន ១០ ០០០លានដុល្លារសម្រាប់អភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
កាលពីឆ្នាំ ២០១៣ ជប៉ុនបានសន្យាជួយទ្វីបអាហ្រ្វិកចំនួនជាង ៣០ ០០០លានដុល្លារក្នុងផ្នែកអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរយៈពេល ៥ឆ្នាំ។ ខុសពីប្រទេសចិនដែលផ្តល់ជំនួយជួយអភិវឌ្ឍន៍អាហ្វ្រិក និងនាំពលរដ្ឋចិន ទាំងថៅកែ និងកម្មករទៅរកស៊ី ធ្វើការក្នុងទឹកដីអាហ្រ្វិក ជប៉ុនបានជួយអាហ្រ្វិកតាមរយៈការអប់រំ និងបង្ហាត់បង្រៀនប្រជាជនអាហ្រ្វិកពីចំណេះដឹង និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ជប៉ុន។ ជំនួយជប៉ុន និងជំនួយចិនសម្រាប់ទ្វីបអាហ្រ្វិកមានទ្រង់ទ្រាយមិនដូចគ្នាមែន តែមានគោលដៅដូចគ្នា គឺប្រយោជន៍សេដ្ឋកិច្ច និងចង់បានឥទ្ធិពលនៅក្នុងតំបន់។ សម្រាប់ជប៉ុន ក្រៅពីប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជប៉ុនក៏ត្រូវការសម្លេងគំាទ្រពីរដ្ឋអាហ្រ្វិកទាំង ៥៤ នៅអង្គការសហប្រជាជាតិដើម្បីអាចទទួលបានកៅអីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។
គម្លាតនៃការដោះដូរពាណិជ្ជកម្មរវាងជប៉ុន-អាហ្រ្វិក និងរវាងចិន-អាហ្រ្វិក
ការដោះដូរពាណិជ្ជកម្មរវាងជប៉ុននៅអាហ្រ្វិក និងរវាងចិននៅអាហ្រ្វិកមានគម្លាតគ្នាឆ្ងាយណាស់។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងជប៉ុន និងអាហ្រ្វិកមានតែ ២៤ ០០០លានដុល្លារប៉ុណ្ណោះ ពោលតិចជាងរវាងចិន និងអាហ្រ្វិកដែលមានដល់ទៅ ១៧៩ ០០០លានដុល្លារ។ ចំណែកបរិមាណនៃការនាំផលិតផលចិនទៅអាហ្រ្វិកវិញ គឺមាន ១១ដងច្រើនជាងការនាំផលិតផលជប៉ុនទៅកាន់ទ្វីបអាហ្រ្វិក។ មានកត្តាសំខាន់ចំនួនពីរដែលបញ្ជាក់ពីគម្លាតដាច់ឆ្ងាយរវាងជប៉ុន និងចិននៅអាហ្រ្វិក ទី១ ចិនបានចូលទៅរកស៊ីនៅអាហ្រ្វិកមុនជប៉ុន ឬអាចនិយាយបានថា ចិនជាម៉ូយចាស់ដុះស្លែរបស់អាហ្រ្វិក និងកត្តាទី២ ចិនរកស៊ីជាមួយប្រទេសអាហ្រ្វិកដោយមិនរើសមុខ មានន័យថា ឲ្យតែរកស៊ីបាន ទោះបីជាប្រទេសនោះមានរបបនយោបាយអ្វីក៏ដោយ។ ចិនបានព្យាយាមមិនលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក ពោលបានបែងចែកច្បាស់រវាងរឿងនយោបាយ និងរឿងជំនួញ។
ចំណែកជប៉ុនវិញបានចូលទៅរកស៊ីនៅអាហ្រ្វិកយឺតជាងចិន និងមិនចេះតែស៊ីមិនរើសមុខដូចចិនទេ។ ប្រទេសអាហ្រ្វិកដែលជប៉ុនចូលទៅរកស៊ី បណ្តាក់ទុន ច្រើនជាប្រទេសដែលខ្លួនគិតថា មានស្ថិរភាពនយោបាយនឹងនរគួរឲ្យទុកចិត្តបាន ឬមួយក៏ជាប្រទេសដែលខ្លួនគិតថា មានលទ្ធិប្រជាធិបតេយ្យគយសម៕