ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម។ (រូបថតលើហ្វេសប៊ុក)
ក្រោយពីការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា កោតសរសើរកញ្ញា ធី សុវណ្ណថា កាលពីប៉ុន្មានសប្ដាហ៍មុននោះ គេចេះតែចោទជាសំនួរឡើងថា តើអង្កាលទៅ ទើបតារាហ្វេសប៊ុកល្បីវ័យក្មេងរូបនេះ នឹងចូលរួមហែហម ធ្វើការអមដំណើរដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី? ជាចំណោទ ដែលត្រូវតែមានជាចម្លើយ នៅថ្ងៃនេះ និងមិនបានប្រើប្រាស់ពេលវេលាយូរ ប៉ុន្មានទេ។
លិខិតជូនដំណឹងមួយ របស់ក្រសួងបរិស្ថាន ចុះហត្ថលេខាដោយអនុរដ្ឋលេខាធិការ លោក សូ ខនឫទ្ធីគុណ នៅថ្ងៃទី៩ ខែសីហា តែទើបនឹងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្រសួងបានអញ្ជើញកញ្ញា ធី សុវណ្ណថា ប្រធានអង្គការ«យុវជនកិច្ចការសង្គម» ឲ្យចូលរួមក្នុងវេទិកាមួយ ស្ដីពី«ការការពារ និងការអភិវឌ្ឍន៍ធនធានធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែសីហាខាងមុខ ក្នុងសាលប្រជុំ«រំដួល» នៅវិមានសន្តិភាព។ លិខិតនោះបានបញ្ជាក់ថា ការអញ្ជើញនេះ ធ្វើឡើងដោយមានចំណារ ដ៏«ខ្ពង់ខ្ពស់» និងដោយផ្ទាល់ពីសំណាក់លោក ហ៊ុន សែន។
តារាហ្វេសប៊ុក ដែលទទួលបានភាពល្បីល្បាញខ្លាំង ក្នុងអំឡុងពេលដែលនាងធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានសរសេរអះអាង នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងដែរ ជាមួយនឹងភាសាហៅលោក ហ៊ុន សែន ខុសពីពេលកន្លងមក ថាជា«សម្ដេចតេជោ»។ នាងបានសរសេរថា៖ «ថ្ងៃ២២ សីហា (ខាងមុខ)នេះ នាងខ្ញុំបានទទួលការអញ្ជើញជាកិត្តិយស ចូលរួមវេទិកាស្តីពី "ការការពារ និងអភិរក្សធនធានធម្មជាតិ" ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន»។
កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើកសរសើរតារាហ្វេសប៊ុកខាងលើ ដែលបច្ចុប្បន្នបានប្រែក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម។ លោក ហ៊ុន សែន បានហៅសកម្មភាពកន្លងមក របស់កញ្ញា ធី សុវណ្ណថា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថានមួយ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថាអ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្ត ឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួចលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើម ចំពោះឈ្មួញ និងពួកអ្នកកាប់ឈើដែរ។»
បន្ទាប់មក នៅថ្ងៃទី២ ខែកក្កដា ពោលគឺនៅក្រោយមួយថ្ងៃ ពីការថ្លែងកោតសរសើររបស់លោក ហ៊ុន សែន តារាហ្វេសប៊ុករូបនេះ បានតបនូវក្ដី«អំណរអរគុណ» ជាមួយនឹងរបាយការណ៍ខ្លះៗ ស្ដីពីសកម្មភាពរបស់នាងទៀត ត្រឡប់«ជូន»លោក ហ៊ុន សែន វិញ។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅពេលនោះ ឲ្យ«សម្តេចមេត្តាជ្រាប»ថា៖ «នាងខ្ញុំ បានដឹកនាំទេសចរណ៍ (ទៅ) តំបន់អារ៉ែង (ចំនួន) ៨ដង (មានចំនួន) ១២៥០នាក់ បានសង់បង្គន់៨ អណ្តូងទឹក២ ជណ្តើរឈើឡើងភ្នំ១ និងបានបើកថ្នាក់រៀន២ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ សិស្ស៤៤០នាក់។ ក្រៅពីនោះ ក៏បានផ្តល់ម៉ូតូ១គ្រឿងល្បាតព្រៃ និងជួយពលរដ្ឋផ្នែកកសិកម្ម។»៕
» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ផ្សាយ«ពាណិជ្ជកម្ម»ឲ្យ ធី សុវណ្ណថាហ៊ុន សែន ផ្សាយ«ពាណិជ្ជកម្ម»ឲ្យ ធី សុវណ្ណថា
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម។ (រូបថតហ្វេសប៊ុក)
គេគ្រាន់តែរង់ចាំមើល ថាតើបន្តិចទៀត កញ្ញា ធី សុវណ្ណថា ដ៏ល្បីល្បាញ នឹងត្រូវដើរតាមលោក ហ៊ុន សែន នៅគ្រប់កម្មវិធីទាំងអស់ ឬយ៉ាងណា? ព្រោះក្នុងពេលនេះ លោក ហ៊ុន សែន បានថ្លែងសរសើរតារាហ្វេសប៊ុករូបនេះ ជាច្រើនម៉ាត់ ទាក់ទងនឹងការចុះទៅកាន់តំបន់អារ៉ែង កាលពីពេលកន្លងមក ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជានិយាយថា ជាសកម្មភាពការពារបរិស្ថាន។
ថ្លែងក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានប្រកាសឡើងថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា អ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។»។
ជាលើកដំបូងបង្អស់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកកញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារលើលោកមិនសំចៃមាត់ ដែលសព្វថ្ងៃជាប្រធានអង្គការយុវជនកិច្ចការសង្គម មកថ្លែងសរសើរជាសាធារណៈ បន្ទាប់ពីរឿងរ៉ាវប្ដឹងផ្ដល់ ពីសំណាក់តារាហ្វេសប៊ុករូបនេះ ធ្វើទៅលើលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។
លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ «វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួចលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋ ទាំងអស់ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើមចំពោះឈ្មួញ និងពួកអ្នកកាប់ឈើដែរ»។
សម្រាប់សកម្មភាពថ្មីៗ របស់កញ្ញា ធី សុវណ្ណថា វិញ គេមិនបានឃើញនាង ចុះទៅកាន់តំបន់អារ៉ែងជាថ្មីទៀត ឬទៅកាន់តំបន់ ដែលរងគ្រោះផ្នែកបរិស្ថាន ណាផ្សេងទៀត ក្រៅតែពីសកម្មភាពបើកវេទិកា ជួបនិយាយទៅកាន់ពលរដ្ឋ ឬការចុះចែកអំណោចនោះឡើយ។ នៅក្នុងវេទិកាទាំងនោះភាគច្រើន កញ្ញា ធី សុវណ្ណថា បានថ្លែងផ្ដោតសំខាន់ តែទៅលើរឿងរ៉ាវ ទាក់ទងនឹងលោក កឹម សុខា និងវឿងរ៉ាវបែកធ្លាយសម្លេងខ្សែអាត់ ដែលគេចោទថា ជាសម្លេងសាសងស្នេហារវាងលោក កឹម សុខា និងស្ត្រីជាងធ្វើសក់ម្នាក់។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចោទប្រកាន់កញ្ញា ធី សុវណ្ណថា ថាបានធ្វើសកម្មភាពចុះទៅកាន់តំបន់អារ៉ែង ឬទៅកាន់ទីណាផ្សេងទៀតនោះ ដើម្បីគ្រាន់តែយក«មុខ» ហើយថតរូបសម្រាប់បង្ហោះផ្សាយ តាមហ្វេសប៊ុកប៉ុណ្ណោះ។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានកញ្ញា ធី សុវណ្ណថា អះអាងពីការបរិហារកេរ្តិ៍ ហើយកញ្ញាបានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ទៅកាន់តុលាការ ដើម្បីប្ដឹងជនដែលផ្សព្វផ្សាយករណីទាំងនេះ តាមបណ្ដាញសង្គម៕
http://monoroom.info/news/post/7260#pD9PjxEuc1oqy9qM.99