ព័រទុយហ្គាល់ ឬ វែល ឡើងផ្ដាច់ព្រ័ត្រ Euro 2016 យប់នេះ?
ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប៉ះវែល ក្នុងការប្រកួត Euro 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន Parc OL ទីក្រុង Lyon ប្រទេសបារាំង នាវេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រយប់នេះ។
Cristiano Ronaldo (លេខ៧, ឆ្វេង) និង Gareth Bale តារាឆ្នើមរបស់វែល
ព័រទុយហ្គាល់ ដែលទម្លាក់ប៉ូឡូញ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី កាលវគ្គ៨ក្រុម ជាក្រុមខ្លាំងមួយ ដោយធ្លាប់ឡើងដល់វគ្គ Semi-Final ៥ដងហើយទាំងលើកនេះ ខណៈដែលវែល ដែលទម្លាក់បែលហ្សិក ដោយលទ្ធផល ៣-១ កាលវគ្គ៨ក្រុម ទើបតែឡើងដល់វគ្គនេះជាលើកដំបូងប៉ុណ្ណោះ។ ដូច្នេះចាំមើលថា យប់នេះព័រទុយហ្គាល់ អាចធ្វើស៊ីក្រុមក្មេងខ្ចីបានអត់?
ប្រវត្តិជួបគ្នា និងស្ថិតិ៖
– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នាតែ៣ដងប៉ុណ្ណោះ ហើយមិត្តភាពទាំង៣ប្រកួត ដោយក្នុងនោះព័រទុយហ្គាល់ឈ្នះ២ វែលឈ្នះ១។ ជួបគ្នាលើកចុងក្រោយកាលឆ្នាំ២០០០ ព័រទុយហ្គាល់ ឈ្នះ ៣-០។
– ព័រទុយហ្គាល់ មិនដែលចាញ់ទេ ក្នុងការប្រកួត១២ដងចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Fernando Santos (ឈ្នះ៨, ស្មើ៤)។
– ៦ប្រកួតចុងក្រោយរបស់ព័រទុយហ្គាល់ នៅ Euro ស្មើទាំង៦ប្រកួត គិតត្រឹម៩០នាទី ដោយក្នុងនោះ៥ប្រកួត នៅ Euro 2016 តែម្ដង និង១ប្រកួតទៀត កាលស្មើ ០-០ ទល់នឹងអេស្ប៉ាញ នៅ Euro 2012 ប៉ុន្តែពេលនោះចាញ់អេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
– វែល ស៊ុតបាន១០គ្រាប់នៅ Euro 2016 ហើយមានតែក្រុមម្ចាស់ផ្ទះបារាំងប៉ុណ្ណោះ ដែលស៊ុតបានច្រើនជាងពួកគេ (១១គ្រាប់)។
– Gareth Bale របស់វែល ស៊ុតចំគោលដៅ១៤ជើងនៅ Euro 2016 ច្រើនជាងកីឡាករណាៗទាំងអស់។
សម្ដីគ្រូបង្វឹក៖
Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់
Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់៖ “ប្រកួតនេះ មិនមែន Ronaldo ប្រកួតជាមួយ Bale ទេ។ ក្រុមទាំង៤ឈានដល់វគ្គនេះ គ្រប់កីឡាករទាំងអស់ ស៊ុតតែមានគោលដៅដូចគ្នា។ វែលជាក្រុមល្អ មានបច្ចេកទេសល្អ។ វែល លេងបានយ៉ាងល្អនៅព្រឹត្តិការណ៍នេះ ពួកគេបានឡើងផុតពូល ដែលជាពូលដ៏តានតឹង និងអាចឈ្នះបែលហ្សិក ដែលជាក្រុមខ្លាំងបំផុតលើលោកទៀត”។
Chris Coleman គ្រូបង្វឹកវែល
Chris Coleman គ្រូបង្វឹកវែល៖ “ខ្ញុំមិនដែលគិតថា យើងអាចឡើងដល់វគ្គ Semi-Final ទេ មុនពេល Euro 2016 ចាប់ផ្ដើម។ ពេលខ្ញុំមើលទៅក្នុងពូល ខ្ញុំគិតថាយើងអាចនឹងធ្លាក់ត្រឹមវគ្គចែកពូលហ្នឹង។ ព័រទុយហ្គាល់ ជាក្រុមមានប្រៀបជាង ប៉ុន្តែកីឡាកររបស់យើង នឹងបង្ហាញសមត្ថភាពទាំងអស់ឲ្យឃើញនៅលើទីលាន”។
ជើងកីឡាករ៖
សកម្មភាពហ្វឹកហាត់របស់ក្រុមព័រទុយហ្គាល់
ព័រទុយហ្គាល់ ខ្សែការពារ Pepe កំពុងស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីខកខានហ្វឹកហាត់កាលថ្ងៃច័ន្ទ ដោយសាររបួសសាច់ដុំភ្លៅ ខណៈដែលខ្សែបម្រើ William Carvalho ជាប់បម្រាម (កាតលឿង២ដង) ដូច្នេះ Danilo Pereira របស់ក្រុម Porto អាចនឹងជំនួសតំណែងនេះ។ ១១នាក់ដំបូងរបស់ព័រទុយហ្គាល់ អាចជា៖ Rui Patrício; Cédric, Fonte, Ricardo Carvalho, Guerreiro; Danilo, João Mário, Adrien Silva, Sanches; Nani, Ronaldo។
សកម្មភាពហ្វឹកហាត់របស់ក្រុមវែល
រីឯវែល នឹងអវត្តមានខ្សែបម្រើឆ្នើម Aaron Ramsey ជាប់បម្រាម (កាតលឿង២ដង) និងខ្សែការពារ Ben Davies ក៏ដូចគ្នា។ ដូច្នេះ១១នាក់ដំបូងរបស់វែល អាចជា៖ Hennessey; Chester, Ashley Williams, Collins; Gunter, Allen, Ledley, Jonathan Williams, Taylor; Bale, Robson-Kanu។
ព្យាករណ៍៖ ព័រទុយហ្គាល់ ១-១ វែល , ព័រទុយហ្គាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySportshttp://news.sabay.com.kh/article/761728
ប្រភព៖ UEFA | SkySportshttp://news.sabay.com.kh/article/761728