បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងង៉ាំដី ឬហៅច្រក០១ អាចជាប់ពាក់ព័ន្ធនឹងស្នងការខេត្តមណ្ឌលគិរី
រហូតមកដល់ពេលនេះបទល្មើសដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យកទៅលក់នៅស្រុកយួនតាមច្រកង៉ាំដី ហៅច្រករបៀ០១ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមេប៉ុស្ដិ៍ឡាបាខេ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនចាត់វិធានការបង្ក្រាបឡើយ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី សង្ស័យថាលោក តូច យ៉ុន ស្នងការនគរបាលខេត្តនេះ អាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនឈើទៅស្រុកយួននោះដែរ ទើបមិនបញ្ជាឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចាត់វិធានការបង្ក្រាប។ ជាពិសេសមន្ត្រីនគរបាលដែលឈរជើងនៅប៉ុស្ដិ៍ព្រំដែនខាងលើ អាចផ្ដល់ផលប្រយោជន៍ទៅឲ្យលោកស្នងការជាប្រចាំ ទើបលោកស្នងការបណ្ដោយឲ្យធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថាក្នុងមួយយប់ៗមានរថយន្តជាច្រើនគ្រឿងដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងង៉ាំដី ហៅច្រក០១ ហើយសមត្ថកិច្ចនគរបាលនិងយោធាឈរជើងតាមខ្សែព្រំដែន មិនចាត់វិធានការបង្ក្រាបតាមតួនាទីរបស់ពួកគេនោះទេ។ ឈ្មួញឈើធំៗដែលបន្តសកម្មភាពយ៉ាងពេញបន្ទុកនោះ ត្រូវគេដឹងថាជាសាច់ញាតិមន្ត្រីយោធា និងមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគិរី ហើយមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះមានការបង្ហើបឲ្យដឹងថា លោក តូច យ៉ុន ក៏ជាខ្នងបង្អែករបស់ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនតាមច្រកង៉ាំដី ហៅច្រក០១ផងដែរ ទើបសមត្ថកិច្ចនគរបាលនៅប៉ុស្ដិ៍ព្រំដែន មិនហ៊ានបង្ក្រាប។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិស្រែខ្ទុម បានឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះ ស្រីពេជ្រ ដែលជាកូនស្រីរបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការរងយោធាខេត្តមណ្ឌលគិរី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមាយកទៅលក់នៅស្រុកយួនតាមច្រករបៀងង៉ាំដី ហៅច្រក០១ ដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកឈ្មួញឈ្មោះ ហួត រ័ត្ន ជាមេបញ្ជាការរងយោធាស្រុកកែវសីមា ក៏កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនយ៉ាងរលូនដែរ ព្រោះមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ចតាមព្រំដែន។ បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើស ហើយលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យ៕