ឈុតប៊ីគីនីសិចស៊ីពី មាន សូនីតា ធ្វើឲ្យអ្នកគាំទ្របារម្ភ
ភ្នំពេញៈ រូបថតស្លៀកឈុតប៊ីគីនីដ៏សិចស៊ី ពត់ពែនដងខ្លួននៅក្នុងអាងហែលទឹកដ៏ថ្លាឆ្វង់ប៉ុន្មានសន្លឹករបស់តារាសម្តែងស្រីធ្មេញចំពើសធ្លាប់តែបង្ហាញភាពស្រគត់ស្រគំកញ្ញា មាន សូនីតា បានបង្កភាពភ្ញាក់ផ្អើលខ្លាំងពេញអ៊ីនស្តាក្រាម។
គេសង្កេតឃើញមានប្រិយមិត្តដែលជាអ្នកគាំទ្ររបស់នាង នាំគ្នាដេញដោលជាពាក្យសម្តីតទៅតមក ដោយមានទាំងការនិយាយលើកសរសើរពីសម្រស់ផង និងសម្តែងការព្រួយចិត្តផងចំពោះភាពក្លាហានដែលនាងហ៊ានបញ្ចេញភាពសិចស៊ីផង។
អ្នកសរសើរបានលើកឡើងថា «អូ!ព្រះម្ចាស់ថ្លៃអ្ហើយ! តារាស្រីសំណព្វចិត្តខ្ញុំចាប់ផ្តើមបញ្ចេញភាពសិចស៊ីហើយ មួយឈុតនេះ ស្អាតណាស់លោកអើយ!»។
ចំណែកឯអ្នកខ្លះបានចោទសួរបែបមានចម្ងល់ព្រោះតែធ្លាប់ឃើញតារាស្រីរូបនេះនិយមស្លៀកពាក់បែបស្រគត់ស្រគំ ឬពិសេសស្លៀកឈុតបែបប្រពៃណីជាមួយនឹងការច្នៃម៉ូដក្រមារបស់នាងភាគច្រើននោះថា «តើអ្នក [មាន សូនីតា] ហ៊ានស្លៀកឈុតប៊ីគីនីមែនដែរឬ? » ខណៈឯអ្នកដែលបារម្ភវិញថា «ខ្លាចតែថ្ងៃស្អែកមានព័ត៌មានមិនល្អទេ!»។
ទោះបីជាមិនទទួលបានការបកស្រាយពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងណាចំពោះព័ត៌មានបញ្ចេញនូវភាពសិចស៊ីនៅតាមអ៊ីនស្តាក្រាមក្តី តែគេអាចមើលដឹងថាឈុតស្លៀកពាក់ប៊ីគីនីក្នុងអាងហែលទឹក នោះដូចជាមិនសូវសិចស៊ីខ្លាំងក្លាណាស់ណាដែរទេ ហើយក្រៅពីឈុតប៊ីគីនីនោះ កញ្ញា មាន សូនីតា ក៏មានសកម្មភាពផ្សេងៗទៀតដែរដូចជាខ្សែវីដេអូខ្លីស្តីពីការផ្សព្វផ្សាយពីរីហ្សតមួយដែលទើបសម្ពោធថ្មីៗនៅឯខេត្តកែប។
តារាសម្ដែងស្រីរូបស្រស់ល្បីខាងការងារមនុស្សធម៌ជួយសង្គម និងជាប់ងារជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអប់រំពីការធ្វើចំណាកស្រុក និងការជួញដូរមនុស្សរបស់ USAID ប្រាប់ពេល ដែលនាងកំពុងតែនាំយកនូវអំណោយមនុស្សធម៌ជាទឹកប្រាក់សរុបចំនួន ១០ លានរៀល ដែលបានពីការលក់សៀវភៅ «បេសកកម្មមួយ» នារយៈពេលពីរខែជាមួយលោក ម៉ានិត ដែលជាតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត ព្រមទាំងក្រុមការងាររោងភាពយន្តលេជេន ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃម្សិលមិញថា៖ «កាលពីប៉ុន្មានថ្ងៃមុននេះ នាងខ្ញុំបានចូលរួមសម្ពោធតំបន់រមណីយដ្ឋានទេសចរណ៍មួយរបស់មិត្តភក្តិម្នាក់ ដែលគាត់ធ្លាប់ជាក្រុមការងារកាលនៅ Loy9 ជាមួយគ្នា ហើយដំណើរកម្សាន្តនៅឯតំបន់សមុទ្រនោះគឺជាការចូលរួមរបស់នាងខ្ញុំ ដែលង់ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ នៅតាមខេត្តនានានៅស្រុកខ្មែរប៉ុណ្ណោះ»។
ដោយឡែក បេសកកម្មមួយ ជាសៀវភៅបែបប្រលោមលោកមួយនិពន្ធដោយលោក ម៉ានិត ក្នុងគោលបំណងរំឭក និងលើកកម្ពស់ការអានសៀវភៅ និងលើកស្ទួយតម្លៃអក្សរសាស្រ្តខ្មែរដល់ប្អូនៗកុមារនាពេលបច្ចុប្បន្នដែលកំពុងទទួលឥទ្ធិពលសម្ភារទំនើប ទូរស័ព្ទ និងកុំព្យូទ័រច្រើនជាងអានសៀវភៅ។
តារាស្រីវ័យ ២៦ បញ្ចប់បរិញ្ញាបត្រលើជំនាញពាណិជ្ជសាស្រ្ដនោះប្រាប់ថា៖ «ប្រាក់ចំណេញពីការលក់ ៤០ ភាគរយនឹងប្រើជាប្រាក់សប្បុរសធម៌នៃមូលនិធិ Slanh Kromakhmer និង SlanhSonyta នាងខ្ញុំដើម្បីយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា»៕
-------------
http://www.postkhmer.com