ទីបំផុត កង់ជនជាតិជប៉ុនដែលបាត់ ត្រូវបានរកឃើញវិញហើយ
ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៣:៤១ (31-07-2016 13:41)
រាជធានីភ្នំពេញ ៖ គិតមកត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ កង់របស់ជនជាតិជប៉ុនម្នាក់ដែលបានបាត់អស់រយៈពេលជាង១០ថ្ងៃក្នុងទឹកដីក្រុងភ្នំពេញ ត្រូវបានរកឃើញវិញហើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនជាតិជប៉ុនជាម្ចាស់កង់មានឈ្មោះ Shun Yanagisawa ។ រូបគាត់បានបាត់កង់សំណព្វចិត្តតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ នៅក្នុងសណ្ឋាគារ អ៊ូរ៉ា មានទីតាំងនៅខាងក្រោយព្រះបរមរាជវាំង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រោយពីគាត់ធ្វើដំណើរពីប្រទេសថៃ មកដល់ក្រុងភ្នំពេញ ហើយចូលទៅសម្រាកក្នុងសណ្ឋាគារនោះទើបបានមួយថ្ងៃ ។
អ្វីជាការកត់សម្គាល់ ក្រោយកង់របស់គាត់ត្រូវបានបាត់ គាត់បានព្យាយាមដើររកដោយថ្មើរជើងនៅតាមហាងលក់កង់តូចធំនានា ម្តុំផ្សារកណ្តាល ផ្សារអូរឫស្សី និងផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាង១០ថ្ងៃ បើគិតមកត្រឹមថ្ងៃបាត់រហូតដល់ថ្ងៃ៣១កក្កដា ប៉ុន្តែនៅតែរកមិនឃើញសោះ ។ ទន្ទឹមនឹងការបាត់នោះ ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុកបាននាំគ្នាបង្ហោះព្រោងព្រាត ដោយមានការអាណិតបុរសជនជាតិជប៉ុននោះជាខ្លាំងទៅលើ ដែលបានខិតខំដើររកកង់របស់ខ្លួន តែរកមិនឃើញ ដែលកង់មួយនេះទេ អាចនិយាយបានថា ជាកង់សំណព្វចិត្តរបស់គាត់ គ្មានអ្វីប្រៀមផ្ទឹមបានឡើយ ព្រោះវាបានធ្វើដំណើរជាមួយគាត់ឆ្លងកាត់អស់ប្រទេសជាច្រើន ជាក់ស្តែងពេលនេះ វាបានមកដល់កម្ពុជា ជាមួយគាត់ផងដែរ ។
សូមបញ្ជាក់ថា រហូតមកដល់ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ កង់របស់ជនជាតិជប៉ុនខាងលើត្រូវបានលោកអ៊ុំចំណាស់ម្នាក់យកមកប្រគល់ជូននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ។ លោកអ៊ុំរូបនោះមានឈ្មោះ លី ងួន ភេទប្រុស អាយុ ៥១ឆ្នាំ រូបគាត់បានបញ្ជាក់ថា កង់នោះគាត់បានប្រទះឃើញនៅក្នុងដីឡូតិ៍តូចមួយកន្លែងក្នុងក្រុមទី៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្របពេលដែលកម្លាំងនគរបាលមូលដ្ឋានកំពុងបន្តរកកង់នោះផងដែរ ។ ក្រោយប្រទះឃើញ រូបគាត់បានរាយការណ៍ជូននគរបាល ទើបកម្លាំងនគរបាលចុះទៅយកកង់នោះយកមករក្សាទុកនៅមូលដ្ឋាននគរបាលប៉ុស្តិ៍តែម្តងទៅ ។
យ៉ាងណាមិញ គិតមកត្រឹមវេលាម៉ោង១៣ និង៣០នាទីរសៀលនេះ កង់របស់ជនជាតិជប៉ុនខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ រង់ចាំបុរសជាជនជាតិជប៉ុនមកទទួលយកទៅវិញនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះផងដែរ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE






