ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជាបញ្ជាក់ថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជាមានស្តង់ដា២
ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបនៅកម្ពុជា លោក ចច្ស អេដហ្គា ថ្មីៗនេះបានបញ្ជាក់ថាការអនុវត្តច្បាប់លើអ្នករិះគន់ ឬអ្នកធ្វើបាតុកម្មនៅប្រទេសកម្ពុជា គឺមានស្តង់២។ ក្នុងជំនួបជាមួយប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា លោក ចច្ស អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅប្រទេសកម្ពុជាមានការធ្វើបាតុកម្មទាមទារយុត្តិធម៌ជាច្រើនពីប្រជាពលរដ្ឋ។
លោក ចច្ស អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា អ្នកធ្វើបាតុកម្មទាំងនោះប្រសិនបើពួកគាត់មានគោលដៅច្បាស់លាស់ កម្មវត្ថុត្រឹមត្រូវ ពួកគាត់គួរតែទទួលបានការឆ្លើយតប និងការដោះស្រាយប្រកបដោយយុត្តិធម៌ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ លោក ចច្ស អេដហ្គា បានសង្កត់ធ្ងន់ ថាការដោះស្រាយបញ្ហាមួយដ៏ត្រឹមត្រូវដល់បាតុករ គឺជាមធ្យោបាយមួយដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីកុំឱ្យបាតុកម្មឈានទៅដល់ការប្រើហិង្សា។
គួរបញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាថ្មីៗនេះ បានបង្ហាញចេតនាបន្លាចប្រពលរដ្ឋខ្មែរមិនឲ្យហ៊ានចេញមុខតវ៉ាចំពោះអំពើអយុត្តិធម៌ក្នុងសង្គមដែលនេះជាការប៉ុនប៉ងបិទបាំងកំហុសរបស់រដ្ឋាភិបាល ដែលកន្លងមកបានប្រើប្រាស់កម្លាំងហួសហេតុគ្មានសមាមាត្រ បង្ក្រាបទៅលើក្រុមបាតុករ និងកម្មករ បណ្ដាលឲ្យបាត់បង់ជីវិត ហើយដែលរហូតទល់ពេលនេះ ជនដៃដល់មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខមកទទួលទោសនៅឡើយ។ លើសពីនេះ រដ្ឋាភិបាលចង់បង្ហាញថា ការបង្ក្រាបរបស់សមត្ថកិច្ចលើក្រុមអ្នកតវ៉ានៅពេលកន្លងមកជារឿងត្រឹមត្រូវ។
ជុំវិញបញ្ហាខាងលើនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុនបានចេញសេចក្ដីសម្រេចមួយ ដោយដាក់ប្រទេសកម្ពុជាជារដ្ឋរំលោភសិទ្ធិមនុស្ស និងបំបាត់សំឡេងក្រុមជំទាស់ដ៏គួរឱ្យព្រួយបារម្ភ។ ប្រទេសដែលជំរុញឱ្យមានសេចក្ដីសម្រេច គឺមានជប៉ុន អាមេរិក អង់គ្លេស បារាំង និងសហភាពអឺរ៉ុប ដោយបានហៅប្រទេសកម្ពុជាថាជារដ្ឋមួយមានការរំលោភ និងធ្វើទុក្ខបុកម្នេញលើក្រុមបក្សជំទាស់ ក្រុមអង្គការសិទ្ធិមនុស្ស និងបំពានសិទ្ធិមនុស្ស៕
http://www.moneaksekar.com/53134.html/