ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៤:៤៣ (06-06-2016 14:43)
រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ មិថុនា នេះ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នឹងកើតឡើងហើយ ដោយមានអ្នកគាំទ្ររហូតដល់រាប់ម៉ឺននាក់ប្រកាសទៅគាំទ្រដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតរបស់ក្រុមទាំងពីរត្រូវគេកត់សម្គាល់ថា ស្ថិតក្រោមការតាមដានយ៉ាងដិតដល់បំផុត បន្ទាប់ពីខាង FIFA បានប្រកាសថា ដើម្បីបញ្ចៀសអ្នកគាំទ្រកម្ពុជាធ្វើរឿងសងសឹកក្រុមចិនតៃប៉ិដែលបានសាងកំហុសដោយកីឡាករម្នាក់កាលប្រកួតនៅតៃវ៉ាន់នោះ FIFA បានដកសិទ្ធិកីឡាកររូបនោះមិនឱ្យប្រកួតបន្តទៀតទេ ។ ក្រុមអ្នករៀបចំការប្រកួតក៏បានឃ្លាំមើលពីបាតុភាពផ្សេងៗដែលអាចកើតឡើងពីសំណាក់កីឡាករ និងកីឡាករ និងពីសំណាក់អ្នកទស្សនាដែលមានចំនួនច្រើនកុះករនៅល្ងាចស្អែកនេះផងដែរ ។
នៅថ្ងៃស្អែកនេះគេប៉ាន់ស្មានថា ចំនួនអ្នកទស្សនាការប្រកួតជើងទី២រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមចិនតៃប៉ិ នឹងមិនតិចជាង៥ម៉ឺននាក់នោះទេ ដោយសារតែនោះជាការប្រកួតអន្តរជាតិសម្រាប់បោះជំហានទៅកាន់ព្រឹត្តិការណ៍ AFC Asian Cup 2019 ។ ម្យ៉ាងបណ្ដាលមកពីការប្រកួតក្នុងជើងទី១ជាមួយក្រុមភ្ញៀវមួយនេះ ក្រុមកម្ពុជាត្រូវគេមើលឃើញថា បានពិន្ទុស្មើត្រឡប់មកវិញ ព្រមជាមួយនឹងឱកាសមានប្រៀបរាប់មិនអស់នោះផង ។ ម្នាក់ៗសុទ្ធតែទស្សន៍ទាយថា ក្រុមកម្ពុជានឹងស៊ីក្រុមចិនតៃប៉ិដូចគ្នានឹងការប្រកួតឈ្នះក្រុមទីម័រខាងកើតកាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ ទើបសំបុត្រដែលបានដាក់លក់របស់សហព័ន្ធកីឡាបាល់ទាត់ ត្រូវបានប្រកាសថា លក់អស់តាំងពីប៉ុន្មានថ្ងៃមុនសម្រាប់កន្លែង VIP មានដំបូល និងជ្រុងខ្លះនៅជុំវិញទីលាន ។
ក្រុមកម្ពុជាក៏បានបង្កើនកម្លាំងចិត្តព្រមជាមួយនឹងក្ដីសង្ឃឹមថា ឈ្នះភាគច្រើនផងដែរ បន្ទាប់ពីមានដំណឹងថា ចំនួនអ្នកទស្សនាដោយផ្ទាល់នៅល្ងាចថ្ងៃស្អែកនេះ នឹងច្រើនហួសពីការស្មាន ដែលអាចច្រើនជាងការប្រកួតជាមួយក្រុមទីម័រខាងកើតទៅទៀត ។ ក្រុមអ្នកគាំទ្រទាំងចាស់ទាំងក្មេង ក៏ត្រូវគេឃើញបង្ហាញគោលជំហរថានឹងទៅមើលផ្ទាល់ភ្នែកឱ្យខាងតែបាន ដើម្បីលើកទឹកចិត្តដល់ក្រុមកម្ពុជានោះផង។ អ៊ីចឹងហើយទើបមានការប៉ាន់ស្មានថា យ៉ាងហោចក៏មានអ្នកទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិរហូតដល់៥ម៉ឺននាក់ឬអាចច្រើនជាងនេះទៅទៀត ដោយសារតែក្រុមកម្ពុជាទទួលបានលទ្ធផលល្អទាំងការប្រកួតជាមួយក្រុមទីម័រខាងកើត និងជាមួយក្រុមភ្ញៀវមួយនេះនៅក្រៅទឹកដីម្ដងហើយ ។
យ៉ាងណាក៏ដោយ ការប្រកួតលើកនេះត្រូវគេព្យាករទុកមុនថា នឹងកក្រើកស្ដាតអូឡាំពិក ប្រសិនបើគ្មានការរំខានដោយភ្លៀង និងស្ថិតក្រោមអារម្មណ៍ភ័យផងអរផងបន្ទាប់ពីមានភាពចម្រូងចម្រាសកើតឡើងរវាងអ្នកគាំទ្រកីឡាករកម្ពុជា និងកីឡាករក្រុមចិនតៃប៉ិនៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះ ។
មន្ត្រីសហព័ន្ធបានទទូចកុំឱ្យមានការសងសឹក ឬធ្វើសកម្មភាពមិនល្អណាមួយទៅលើក្រុមបាល់ទាត់ចិនតៃប៉ិ បើទោះជាកីឡាករម្នាក់នៅក្នុងក្រុមនេះ បានចង្អុលមុខ និងស្ដោះទឹកមាត់ដាក់កីឡាករកម្ពុជាធ្វើឱ្យមានកំហឹងពីសំណាក់អ្នកគាំទ្រនៅក្នុងស្រុកក្ដី ។ បើទោះជាកីឡាករដដែលនោះបានបង្ហោះសារសុំទោសជាសាធារណៈ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាននៅតៃវ៉ាន់រួចហើយក៏ដោយ ក៏ក្រុមអ្នកគាំទ្រនៅតែបានតាំងចិត្តថា នឹងធ្វើឱ្យកីឡាករចិនតៃប៉ិនោះទទួលរងនូវភាពអាម៉ាស់វិញនៅពេលមកប្រកួតនៅកម្ពុជា នាថ្ងៃទី៧ មិថុនា នេះ ។ ប៉ុន្តែឆ្លើយតបនឹងកំហឹងដែលមន្ត្រី FIFA ជាអ្នករៀបចំការប្រកួតប្រកាសថា ជារឿងហួសហេតុនោះ តំណាងរបស់ FIFA ដដែលបានអះអាងថា ប្រសិនបើក្រុមអ្នកគាំទ្រកម្ពុជាសាងរឿងអាម៉ាស់ឱ្យក្រុមចិនតៃប៉ិជាការសងសឹកមែននោះ គឺទោះជាក្រុមកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការប្រកួតល្ងាចស្អែកនេះ ក៏នឹងដកសិទ្ធិមិនឱ្យចូលប្រកួតក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 នោះដែរ ទើបគេឃើញតំណាងសហព័ន្ធកីឡាបាល់ទាត់ និងតំណាងក្រុមជម្រើសជាតិកម្ពុជា ទទូចកុំឱ្យមានការសងសឹកណាមួយ ឬបញ្ចេញសកម្មភាពណាមួយទៅលើក្រុមភ្ញៀវបើទោះជាលទ្ធផលក្រុមណាឈ្នះក៏ដោយ ។ មានការយល់ស្របថា ការប្រកួតលើកទី២ រវាងក្រុមកម្ពុជា និងក្រុមចិនតៃប៉ិ គឺជាការកំណត់ជោគវាសនាតាមរយៈគ្រាប់បាល់ផង និងស្ថិតក្រោមការឃ្លាំមើលយ៉ាងពិសេសពីសំណាក់មន្ត្រី FIFA និងសហព័ន្ធបាល់ទាត់ផង ដើម្បីកុំឱ្យមានសកម្មភាពឌឺដងក្នុងន័យសងសឹកណាមួយកើតឡើងនៅក្នុងពេល និងក្រោយពេលប្រកួត ។
គួរបញ្ជាក់ផងដែរថា ការប្រកួតកាលពីថ្ងៃទី២ មិថុនា នៅតៃវ៉ាន់ ក្រុមកម្ពុជា និងក្រុមចិនតៃប៉ិ រកបានពីរគ្រាប់ដូចគ្នា ហើយបើកុំតែកីឡាករកម្ពុជាភ្លាត់មួយគ្រាប់ពេលបានបាល់ពិន័យ១១ម៉ែត្រនោះ កុំអីក្រុមកម្ពុជាឈ្នះតាំងពីជើងទី១នោះបាត់ទៅហើយ ។ កីឡាករចិនតៃប៉ិឈ្មោះ Huang Wei-min ជាអ្នករកបានមួយគ្រាប់មុនគេនៅនាទីទី៦ ខណៈដែលនាទីទី៨ កីឡាករកម្ពុជា កែវ សុខផេង រកបានមួយគ្រាប់សងវិញ ។ នៅនាទីទី២២ កីឡាករចិនតៃប៉ិឈ្មោះ Chen Po-liangរកបានគ្រាប់បាល់ទី២ មុនពេលកីឡាករកម្ពុជា ឈិន ឈឿន រកបានមួយគ្រាប់វិញនៅនាទីទី៣១ ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា ការប្រកួតសម្រាប់ជើងទី២រវាងក្រុមទាំងពីរតើកម្ពុជាពិតជាឈ្នះ ឬស្ថិតក្នុងលទ្ធផលយ៉ាងណានោះទេ ដោយការប៉ាន់ស្មានគ្រាន់តែស្របគ្នាថា នឹងមានអ្នកទស្សនាកកក្ដាំងនៅទីលានប្រកួត ប្រសិនបើគ្មានការរំខានដោយភ្លៀងនោះតែប៉ុណ្ណោះ ៕




