ពិធីទទួលធាតុកវី ម្ចាស់ស្ទឹងសង្កែ ដែលត្រូវបានក្រុមគ្រួសារប្រារព្ធឡើងនៅគេហដ្ឋានឯកឧត្ដម មុត ថារី ជាកូនប្រសានៅវិមានបុរីភ្នំពេញនោះ បានបញ្ចប់ត្រឹមល្ងាចមិញ ក្នុងសភាពស្ងប់ស្ងាត់ មិនសូវឃើញមានសិល្បករចូលរួមឡើយ។
រោងពិធីទទួលធាតុកវីម្ចាស់សង្កែ
ភាពស្ងប់ស្ងាត់នេះ ត្រូវបានគេសង្កេតឃើញតាំងពីព្រឹកថ្ងៃម្សិលមិញនៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាវេលាក្រុមគ្រួសារនៅក្នុងស្រុក រង់ចាំទទួលធាតុរបស់កវី គង្គ ប៊ុនឈឿន មកពីប្រទេសន័រវេសដែលដឹកនាំដោយ ភរិយា និងកូនប្រុសពៅរបស់លោក។ ភាពស្ងប់ស្ងាត់ ក៏បានបន្តរហូតមកដល់ល្ងាចថ្ងៃដដែល ដែលពិធីទទួលធាតុត្រូវបានប្រារព្ធធ្វើឡើងនៅឯគេហដ្ឋាន។
ចំពោះស្ថានភាពមិនសូវអធិកអធមនេះ ត្រូវសិល្បករខ្លះបន្ទោសថា ក្រុមគ្រួសារមិនបានជូនដំណឹង។ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានសរសេរសារលើហ្វេសប៊ុកថា “យើងមានការស្ដាយណាស់ដែលអដ្ឋិធាតុរបស់លោកមកដល់មាតុភូមិវិញដោយពុំបានដឹងមុន បើសិនជាខាងក្រុមគ្រួសារលោកផ្ដល់ដំណឹងមកសមាគមសិល្បៈ ខ្ញុំនឹងដឹកនាំសិល្បករ សិល្បការិនីទៅទទួលហើយ!”។
ចំពោះការមកដល់អដ្ឋិធាតុកវីម្ចាស់ស្ទឹងសង្កែ ឯកឧត្ដម មុត ថារី ជាកូនប្រសាបានប្រកាសដំណឹងតាមរយៈហ្វេសប៊ុករបស់ឯកឧត្ដមមុនប្រមាណ២ថ្ងៃ។ យ៉ាងណា ឯកឧត្ដម ទទួលថា មិនបានកោះអញ្ជើញភ្ញៀវជាផ្លូវការពិតមែន។ “ខ្ញុំអត់បានហៅភ្ញៀវអីទេ គ្រាន់តែថា ជាទឹកចិត្ត សម្រាប់អ្នកដែលគោរពស្រឡាញ់កវីម្ចាស់ស្ទឹងសង្កែ បើគាត់ចង់ចូលរួម គឺចូលរួមបានអីចឹងណា”។
ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន ទទួលបច្ច័យចូលបុណ្យពីក្រុមហ៊ុន Sabay
វិលមកពិធីទទួលធាតុតាមបែបសាសនារសៀលម្សិលមិញនេះ ឯកឧត្ដម បញ្ជាក់ថា មានសិល្បកររួមជំនាន់តែពីរបីនាក់ប៉ុណ្ណោះដែលបានមកចូលរួម ក្រៅពីនេះ មានយុវសិល្បករជំនាន់ក្រោយបីបួនគូមកពីកម្មវិធី “ពេជ្រកំពុងច្នៃ” ក៏បានមកចូលរួមដែរ។ យ៉ាងនេះ ឯកឧត្ដមបង្ហើបថា សិល្បករខ្មែរខ្លះ ដែលឯកឧត្ដមបានអញ្ជើញផ្ទាល់ ក៏មិនបានឃើញវត្តមានដែរនាល្ងាចម្សិលមិញនេះ។
ឯកឧត្ដម បញ្ជាក់ថា មិនអាក់អន់ស្រពន់ចិត្តអីទេ ហើយក្រុមគ្រួសារកំពុងគ្រោងរៀបចំធ្វើខួប ១០០ថ្ងៃនាពេលខាងមុខ មានលក្ខណៈធំដុំបន្តិច ហើយនៅពេលនោះ គឺនឹងអញ្ជើញឲ្យបានត្រឹមត្រូវតែម្ដង៕
អត្ថបទ៖ ទារិកា