ជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា ដែលទើបឈ្នះ សូត្រ ប៊ុនធី ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀ Leo វគ្គ ២នៅសង្វៀន PNN នោះបានទម្លាយការពិតថា ខ្លួនពិតជាវ៉ៃចំក្បាលពីក្រោយ ប៊ុនធី ពិតប្រាកដមែន ប៉ុន្តែគេព្រមរង់ចាំការសុំសងសឹករបស់កីឡាករកម្ពុជារូបនេះដោយដៃទាំងពីរឥតមានខ្លាចញញើតឡើយ។
ឡៅ ចន្ទ្រា បានឲ្យដឹងថា ប្រសិនបើ សូត្រ ប៊ុនធី សុំសងសឹកម្ដងទៀតមែននោះរូបគេ នឹងស្វាគមន៍ទាំងញញឹម។ មិនមែននៅតែស្ថានីយទូរទស្សន៍ PNN នេះឡើយ នៅសង្វៀនផ្សេងក៏បានឲ្យតែខាងអ្នករៀបចំការប្រកួតផ្គូផ្គងឲ្យឡើងវ៉ៃ។
ម្ចាស់ខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធវគ្គ ២បន្ថែមថា ចំណុចខ្សោយរបស់ខ្លួន ប៊ុនធី ក៏បានដឹង។ ចំណែកចំណុចខ្សោយរបស់ ប៊ុនធី វិញក៏ ចន្ទ្រា ដឹងដូចគ្នា។ ការព្រមព្រៀងឲ្យ ប៊ុនធី សងសឹកនេះមិនមែនអួតថា ខ្លួននឹងឈ្នះរហូតឡើយ ប៉ុន្តែរូបគេចង់ឲ្យការប្រកួតរវាងពួកគេទាំងពីរកាត់សេចក្ដីឲ្យដាច់ថាអ្នកណាខ្លាំង ពីព្រោះ ចន្ទ្រា បានសារភាពថា ឈ្នះ ប៊ុនធី នាវគ្គផ្ដាច់ព្រ័ត្រនោះខ្លួនពិតជាបានវ៉ៃកែងចំក្បាលពីក្រោយមែន។
ជាមួយគ្នានោះ ស៊ូត្រ ប៊ុនធី ក៏បានប្រាប់ Sabay ដែរថា ខ្លួនពិតជាចង់សងសឹក ឡៅ ចន្ទ្រា ម្ដងទៀត។ បរាជ័យលើសង្វៀនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀន PNN នេះមកពី ចន្ទ្រា វ៉ៃចំផ្នែកខាងក្រោយក្បាលជាតំបន់ហាមឃាត់។ រូបគេសង្ឃឹមថា នឹងមានស្ថានីយទូរទស្សន៍មួយនៅស្រុកខ្មែរព្រមរៀបចំឲ្យរូបគេ និង ចន្ទ្រា ជួបគ្នាម្ដងទៀត។
ការជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់រង្វាន់ ៥ពាន់ដុល្លាររវាង ឡៅ ចន្ទ្រា និងសូត្រ ប៊ុនធី ប្រកួតបានត្រឹមតែ ២ទឹកប៉ុណ្ណោះ ដោយ ឡៅ ចន្ទ្រា បានប្រើមួយកែងផ្ដួល ប៊ុនធី ឲ្យសន្លប់ត្រឹមទឹកទី២៕
អត្ថបទ៖ ស្រី សុវណ្ណដា