អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរមុនពេលញ៉ាំអាហារ ដើម្បីបង្កើតអារម្មណ៍ឆ្អែតមួយភាគសិន។
ទទួលទានគ្រាប់ជីរពេលណាទើបសមស្របសម្រាប់អ្នកចង់ថែរាង?
មួយរយៈចុងក្រោយនេះ មនុស្សជាច្រើនបានងាកមកទទួលទានគ្រាប់ជីរក្នុងគោលបំណងជួយសម្រកទម្ងន់ និងសម្រួលការដល់បន្ទោបង់ ខណៈដែលអ្នកខ្លះទៀតក៏ជឿថា វាជំនួយស្បែក និងរក្សាតុល្យភាពកូលេស្តេរ៉ូល។
គ្រាប់ជីរដ៏តូចល្អិតដែលអាចពង្រីកមាឌរហូតដល់ទៅ ៣០ ដងនៅពេលវាត្រូវទឹកនោះ ត្រូវបានវេបសាយ slism និង livestrong ដែលប្រជុំដោយព័ត៌មានជុំវិញវិធីថែសុខភាព រក្សារាង និងសម្រកទម្ងន់ ចាត់ទុកវាថាជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព។
សមត្ថភាពរីកមាឌនេះហើយដែលធ្វើឲ្យអ្នកចង់សម្រកទម្ងន់មានអារម្មណ៍ថាឆ្អែត និងមិនសូវចង់ញ៉ាំអាហារច្រើនលើសកាឡូរី។ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ជីក៏មានផ្ទុកជាតិសរសៃដ៏ច្រើន អាចសម្រួលដល់ការបត់ជើងធំ និងកម្ចាត់ជាតិពុលពីរាងកាយផងដែរ។
គ្រាប់ជីរទម្ងន់ត្រឹមតែ ៤ ក្រាមមានផ្ទុកជាតិសរសៃស្មើនឹងសាលាដមួយគុម្ពឯណោះ។ ដើម្បីទទួលបានប្រសិទ្ធភាពគេ អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរលាយទឹកធម្មតា។ ប្រសិនបើលោកអ្នកនិយមបន្ថែមរសជាតិផ្សេងៗ សូមសាកល្បងលាយគ្រាប់ជីរជាមួយទឹកដោះគោជូររាវ ជាមួយចំណិតផ្លែឈើ ទឹកផ្លែម្នាស់ ទឹកដូង ឬក៏រោយវាពីលើបាយសារាយសមុទ្រតាមរូបមន្តអាហារជប៉ុនក៏បាន។
អ្នកជំនាញផ្នែករក្សារាងបានណែនាំឲ្យទទួលទានគ្រាប់ជីរដើម្បីបំពេញក្រពះ មុនពេលចាប់ផ្ដើមទទួលទានអាហារ។ ធ្វើយ៉ាងដូច្នោះយើងនឹងមិនសូវមានអារម្មណ៍ថាឃ្លានខ្លាំង ឬចង់ញ៉ាំច្រើនឡើយ។ នៅចន្លោះ អាហារទាំងបីពេល អ្នកក៏អាចញ៉ាំទឹកគ្រាប់ជីរធ្វើជាចំណីសម្រន់ជំនួសឲ្យនំនែកផ្សេងៗផងដែរ៕