Mon, 21 March 2016 មាស សុខជា PPP
ភ្នំពេញៈ ខណៈដែលដៃគូនយោបាយរបស់ខ្លួនក្នុងគណបក្សជាមួយគ្នាត្រូវបានវាយប្រហារដោយបក្សកាន់អំណាចលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានវាយប្រហារបកវិញលើកម្មវិធីនយោបាយអវិជ្ជមានរបស់គណបក្សកាន់អំណាចដែលធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់ទទួលរងទុក្ខដោយត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីម្សិលមិញតាមរយៈសន្និសីទវីដេអូពីប្រទេសបារាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនឯងហាក់បីដូចជាមិនចាប់អារម្មណ៍លើករណីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានវាយប្រហារដោយអ្នកគាំទ្ររបស់គណបក្សប្រជាជនដែលកាន់អំណាចក្នុងរឿងអាស្រូវស្នេហាជាមួយស្រីកំណាន់ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលនោះទេ។
ទាំងលោក សម រង្ស៊ីនិង លោក កឹម សុខា នៅតែរក្សាជំហររបស់ខ្លួនមិនឆ្លើយតប ឬថ្លែងអះអាងអ្វីជាមួយនឹងគូប្រជែងរបស់ខ្លួនទេ ប៉ុន្តែបានឆ្លៀតឱកាសនេះវាយប្រហារលើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនក្នុងការដឹកនាំប្រទេសតាមរបៀបផ្តាច់ការដោយបំផ្លាញជាតិធ្វើឱ្យមនុស្សច្រើននាក់បានចាកចេញពីកម្ពុជាទៅរកការងារនៅថៃ។
លោក សម រង្ស៊ី បានថ្លែងថា៖ «ឥឡូវនេះជនផ្តាច់ការអ្នកបំផ្លាញជាតិអ្នកធ្វើឲ្យប្រជាពលរដ្ឋក្រីក្រជាពិសេសកសិករខ្មែរទូទាំងប្រទេសរងទុក្ខយ៉ាងខ្លាំងដែលប្រមូលផលដំណាំទៅលក់នៅផ្សារក្នុងតម្លៃទាបខាតរាល់ឆ្នាំ។ កសិករជាប់បំណុល និងអស់សង្ឃឹម។ កសិករភាគច្រើនបានធ្វើចំណាកស្រុកទៅថៃ»។
លោកបានថ្លែងបន្តថា៖ «មិនដែលមានទេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលប្រជាពលរដ្ឋកម្មករ កសិករ និងយុវជនរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ។ ភូមិមួយចំនួនឃុំមួយចំនួនស្ងាត់ជ្រងំមនុស្សទៅអស់។ ដូច្នេះនយោបាយរដ្ឋាភិបាលបច្ចុប្បន្នគឺបរាជ័យមិនខ្វល់ព្រងើយកន្តើយ អសមត្ថភាព ធ្វើឱ្យប្រទេសខ្ទេចខ្ទី»។
ទន្ទឹមនឹងការរិះគន់នេះលោក សម រង្ស៊ី ក៏បានប្រាប់ទៅអ្នកគាំទ្រដែរថានៅក្នុងឆ្នាំ ២០១៧ ខាងមុខគណបក្សសង្គ្រោះជាតិនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់ និង ២០១៨ ជ័យជម្នះយ៉ាងច្បាស់លាស់នឹងទទួលបាន «ជោគជ័យ ១០០ ភាគរយដើម្បីនាំមកនូវការផ្លាស់ប្តូរ»។
ទាក់ទងនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃគណបក្សប្រជាជនបានថ្លែងថា លោកបានទទួលឯកសារដែលពាក់ព័ន្ធនឹងលោក កឹម សុខា និងស្រីកំណាន់ជិះយន្តហោះទៅដេកក្នុងសណ្ឋាគារមួយនៅក្នុងទីក្រុងបាងកកប្រទេសថៃហើយបានព្រមានថាលោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រឆាំងនឹងលោក កឹម សុខា ប្រសិនបើរឿងអាស្រូវនេះត្រូវបានគេផ្សារភ្ជាប់ទៅនឹងរឿងនយោបាយ។
បន្ទាប់ពីលោក កឹម សុខា បានបញ្ចប់វេទិកាសាធារណៈជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនក្នុងខេត្តពោធិ៍សាត់កាលពីម្សិលមិញនេះក្រុមយុវជនតែមួយដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រគណបក្សប្រជាជន និងតែងតែព្យាយាមសុំឱ្យលោក កឹមសុខា បញ្ជាក់ពីសំឡេងនិយាយជាមួយនឹង ខុម ចាន់តារាទី ដែលបានបង្ហោះលើហ្វេសប៊ុកប៉ុន្តែទៅជាយ៉ាងណារហូតមកទល់ពេលនេះលោក កឹម សុខា មិនបានឆ្លើយតបទេហើយកាលពីម្សិលមិញលោកបានចាកចេញទៅដែលនៅពេលនោះយុវជនគណបក្សសង្គ្រោះជាតិបានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយនឹងក្រុមយុវជននោះប៉ុន្តែពុំកើតមានអំពើហិង្សាឡើយ។
ទន្ទឹមនឹងនេះដែរលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្ររបស់លោកថានយោបាយលើពិភពលោកដែលប្រទេសប្រជាធិបតេយ្យមួយចំនួនបានឈ្នះការបោះឆ្នោត និងគ្រប់គ្រងប្រទេសវាជាចលនាមួយដែលអាចមកដល់ប្រទេសកម្ពុជាដូច្នេះគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជាធិបតេយ្យអាចឈ្នះ និងឈានទៅដឹកនាំប្រទេស។
លោក កឹម សុខា បានបន្ថែមថា៖ «យើងជាមួយសហគមន៍អន្តរជាតិរហូតមកទល់ពេលនេះគឺល្អ។ សហគមន៍អន្តរជាតិបានដឹងពីប្រទេសខ្មែរទាំងអស់។ គេបានដឹងពីអំពើពុករលួយភាពផ្តាច់ការ ការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ការរំលោភសិទ្ធិមនុស្សគេបានដឹងទាំងអស់។ ពីមុនគេមិនដឹងទេ។ តែឥឡូវនេះគេបានឮគេមកស៊ើបអង្កេតហើយគេបានដឹងថា [គណបក្សសង្គ្រោះជាតិ]ជាជនរងគ្រោះ»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ដោយលើកឡើងថាមានតែលោក សមរង្ស៊ី ទេថាកម្ពុជាក្រីក្រក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងថាសូម្បីតែលោកប្រធានាធិបតីអាមេរិក បារ៉ាក អូបាម៉ា និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក John Kerry បានសរសើរដល់កម្ពុជាថាកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក សុខ ឥសាន បានថ្លែងថា៖ «នេះជាមូលហេតុដែលបង្ហាញថាប្រជាជនកម្ពុជាទទួលស្គាល់ការពិតហើយសហគមន៍អន្តរជាតិជាពិសេសប្រទេសដែលមានអំណាចលើពិភពលោកទទួលស្គាល់ការពិត។ ប្រសិនបើ [គណបក្សប្រជាជន] ផ្តាច់ការគណបក្សរបស់គាត់មិនអាចធ្វើសកម្មភាព។ គាត់មានសេរីភាពពេញលេញក្នុងបញ្ចេញមតិទេ»។
ឆ្លើយតបនឹងការលើកឡើងពីជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិលោក សុខ ឥសាន និយាយថានេះជាសុន្ទរកថានយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីលើកទឹកចិត្តសមាជិករបស់ខ្លួនហើយថាគណបក្សសង្គ្រោះជាតិអាចឈ្នះតែ ៥៥ អាសនៈក្នុង ២០១៣ ហើយបន្ទាប់មកគណបក្សសង្គ្រោះជាតិនឹងថយចុះអាសនៈដោយអះអាងថាមានសមាជិកច្រើនពីគណបក្សសង្គ្រោះជាតិមកចុះចូលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ៕TK
